កីឡាជាតិ
ជាតិ
កីឡាករ អាជ្ញាកណ្តាល ចៅក្រម ដែល​លក់ខ្លួន គ្មាន​ឱកាស​បង្ហាញខ្លួន​នៅ PNN ឡើយ​
29, Jun 2016 , 4:16 pm        
រូបភាព
ដោយ:
​នា​សន្និសីទ​សារព័ត៌មាន​បើក​ការប្រកួត​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់​សង្វៀន PNN កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា នៅ​សណ្ឋាគារ​ភ្នំពេញ លោក សំណព្វ ប្រធាន​គ្រប់គ្រង​ព័ត៌មាន​កីឡា​នៃ​ស្ថានីយទូរទស្សន៍​នេះ​បានប្រកាស​ប្តេជ្ញា​នៅមុន​អ្នកសារព័ត៌មាន និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​ថា ភី​អិន​អិន​នឹង​ឈប់​ទទួល​កីឡាករ អាជ្ញាកណ្តាល និង​ចៅក្រម ជា​រៀងរហូត​ប្រសិនបើ​មាន​ករណី​លក់ខ្លួន​ក្នុងការ​រដូវ​កាល​ថ្មី​២០១៦​របស់ខ្លួន​។​



​មន្ត្រី PNN បាន​លើកឡើងថា នឹង​មិនមាន​វត្តមាន​ជា​រៀងរហូត​សម្រាប់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ប្រសិនបើ​ស្រាវជ្រាវ​រកឃើញ​មាន​ករណី​លក់ខ្លួន​ក្នុង​ការបើក​រដូវ​កាល​ថ្មី​នៃ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ជើងឯក​ភេសជ្ជៈ​គោ​ជល់​របស់ខ្លួន ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣ ខែកក្កដា ខាងមុខនេះ​។ 

​នា​សិ​ន្និ​សីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា នៅ​សណ្ឋាគារ​ភ្នំពេញ​ប្រធាន​ផ្នែក​គ្រប់គ្រង​កីឡា​នៃ​ស្ថានីយទូរទស្សន៍ PNN លោក សំណព្វ បានប្រកាស​ប្តេជ្ញា​ថា​៖«​ខ្ញុំ​សូម​សន្យាថា​ប្រ​សិ​បើ​មាន​កីឡាករ​ណា​ម្នាក់​លក់ខ្លួន ខ្ញុំ​អត់​មាន​កាត​លឿង​ទេ ហើយក៏​មិន​ការ​កាត​លឿង​ពីរដង​ដែរ គឺ​កាត​ក្រហម​មួយជីវិត ភី​អិន​អិន​មិន​យកមក​វាយ​ទៀត​ទេ​។ ហើយ​ខ្ញុំ​សង្ឃឹមថា សហព័ន្ធ​ក៏​នឹង​អះអាង​ដូច​ខ្ញុំ​ដែរ​»​។​

​សម្រាប់​ការបើក​រដូវ​កាល​ថ្មី​នេះ​លោក​ប្រធាន​ផ្នែក​កីឡា​រូបនេះ​បាន​អះអាងថា កីឡាករ​ដែល​ដាក់​ឲ្យ​ចូលរួម​លើក​នេះ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង និង​មានបទពិសោធន៍​ល្អ​ក្នុង​ការប្រកួត ជាពិសេស​បាន​ឆ្លងកាត់​ការសម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។ ហើយ​លោក​បាន​អះអាងថា នឹងមាន​ឡើយ​សម្រាប់​បញ្ហា​លក់ខ្លួន​នៅ​ស្ថានីយទូរទស្សន៍​មួយ​នេះ ប្រសិនបើ​មាន​ករណីបែបនេះ​កើតឡើង​មែន លោក នឹង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​។ 



​ដោយឡែក លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ចាត់ទុកថា នេះ​ជា​កម្មវិធី​ថ្មី​មួយទៀត​ដើម្បី​ចូលរួមចំណែក​ក្នុង​ការជួយ​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ជាពិសេស​វា​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ចកម្ពុជា និង​វប្បធម៌​ផងដែរ​។ ម្យ៉ាងទៀត​វា​ជួយ​ពង្រឹងសមត្ថភាព​មន្ត្រី​អា​ជ្ញ​កណ្តាល ចៅក្រម និង​កីឡាករ​ឲ្យ​កាន់តែ​រីកចម្រើន ក្នុងការ​ឈានឆ្ពោះ​ទៅរក​ការប្រកួត​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរៀបចំ និង​ដើម្បី​ឲ្យ​កម្មវិធី​នេះ​មានដំណើរ​ល្អ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានរៀបចំ​មន្ត្រី​មន្ត្រី​បច្ចេកទេស​ល្អៗ​របស់ខ្លួន​ជាច្រើនរូប​មាន​ទាំង​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល ដែលជា​អ្នកអនុវត្ត​ច្បាប់​ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដើម្បី​ជួយ​សម្រួល និង​ជំរុញ​ឲ្យ​កម្មវិធី​នេះ​មានដំណើរ​ការល្អ​តាំងពី​ចាប់ផ្តើម​រហូតដល់​ចប់​។ 

​គួរ​បញ្ជាក់ថា ការ​កីឡាករ​ដែល​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​នេះ​មាន​កីឡាករ​កម្ពុជា​ចំនួន​៤​រូប និង​កីឡាករ​បរទេស​ចំនួន​៤​រូប​ក្នុងនោះ​កីឡាករ​កម្ពុ​ជាមាន ពេជ្រ សីហា​, ឡុង សុវណ្ណ​ឌឿ​ន​, ឡេះ តើក និង​កីឡាករ សរ រាជសីហ៍ ឬ​ឯ​កីឡាករ​បរទេស​រួមមាន Chokdee Sor Thanapetch, Sumaee Sor Weerawan, Thilek Eminen Air និង​កីឡាករ Inseedang Bangfarm Gym​។

​នា​សន្និសីទ​សារព័ត៌មាន​នោះដែរ កីឡាករ ពេជ្រ សីហា របស់​ក្រសួងការពារជាតិ​ក្រោយពី​ចាញ់​កីឡាករ រឿង សោ​ភ័​ណ្ឌ ដោយ​មិន​អស់ចិត្ត​នៅក្នុង​កម្មវិធី​ជើង​ក​គោ​ជល់​រដូវ​កាល​ទី​៤​របស់​ស្ថានីយទូរទស្សន៍ CNC កាលពីពេល​ថ្មីៗ បាន​ប្តេជ្ញា​ថា នឹង​ដណ្តើមយក​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ទាល់តែ​បាន ហើយ​រូបគេ​នឹងមិន​ធ្វេស​ប្រហែល​ដូច​មុន​នោះទេ​។  

​សម្រាប់​ការប្រាក់​រង្វាន់​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​៥​ពាន់​ដុល្លារ និង​លេខ​ទទួលបាន ៣,៥០០​ដុល្លារ ចំណែក​លេខ​៣ និង​លេខ​៤​មិនមាន​ប្រាក់រង្វាន់​នោះទេ ហើយ​សម្រាប់​រូបមន្ត​នៃ​ការប្រកួត​ធ្វើជា​លក្ខណៈ​ជម្រុះ​វិលជុំ​។ ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ខែកក្កដា រៀងរាល់ថ្ងៃ​អាទិត្យ នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​៕


Tag:
 ប្រដាល់​
  PNN
© រក្សាសិទ្ធិដោយ thmeythmey.com