ជាតិ
ក្រសួងមហាផ្ទៃត្រូវការនគរបាលថ្មីជាង ៤ពាន់នាក់
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃប្រកាសប្រឡងជ្រើសរើសនគរបាលថ្មីជាង ៤ពាន់នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ ២០១៦ ដើម្បីបំពេញតម្រូវការក្រសួង។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ។
បេក្ខជនទាំងពីរភេទអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ អាចប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ នៅទូទាំងប្រទេស។ បេក្ខជនអាចទទួលពាក្យ និងចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៦ នៅនាយកដ្ឋានបុគ្គលិកនគរបាលជាតិ អាគារ L និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទូទាំងប្រទេស។
លោក ខៀវ សុភ័គ បានឲ្យសារព័ត៌មានអេឡិចត្រូនិកថ្មីៗដឹងថា ក្រសួងនឹងប្រឡងជ្រើសរើសបេក្ខជនទូទាំងប្រទេសចំនួន ៤៥៣៦នាក់ ចូលបម្រើការងារនគរបាល រួមមាន ជានាយនគរបាល, នាយនគរបាលរង, មន្ត្រីនគរបាលរដ្ឋបាលឃុំ-សង្កាត់, នគបាលការពារ នគបាលអង្គរក្ស នគរបាលការពារព្រំដែន នគរបាលការពារបេតិភណ្ឌ និងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងពីគោលបំណងនៃការប្រឡងជ្រើសរើសកម្លាំងនគរបាលថ្មី គឺជាការពង្រឹងសមត្ថភាពនគរបាលជាតិ និងបំពេញកម្លាំងនគរបាលជាតិចូលនិវត្តន៍ កន្លងមក។ បើតាមលោកខៀវ សុភ័គ បច្ចុប្បន្ន កម្ពុជាមានកម្លាំងនគរបាលសរុបជាង ៥ម៉ឺននាក់៕
Tag:
ក្រសួងមហាផ្ទៃ
ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com