អន្តរជាតិ
សំណុំរឿងបេនកាហ្ស៊ីនិងបញ្ហាអាស្រូវអ៊ីម៉ែលទម្លាក់ប្រជាប្រិយភាព ហ៊ីឡារី គ្លីនតុន ?
× គណៈកម្មការ បេនកាហ្ស៊ី (Benghazi Committee) បានបញ្ចេញរបាយការណ៍ថ្មីពាក់ព័ន្ធការវាយប្រហារស្ថានកុងស៊ុលអាមេរិកនៅបេនកាហ្ស៊ី និងអ៊ីម៉ែលថ្មីរបស់លោកស្រី ហ៊ីឡារី គ្លីនតុន នៅថ្ងៃអង្គារទី ២៨មិថុនា។ របាយការណ៍ថ្មីនេះ មិនបានរកឃើញអ្វីពិតប្រាកដ បញ្ជាក់ថាលោកស្រី ធ្វើខុសច្បាប់ឡើយ តែត្រឹមបន្ទោស លោកស្រី ជាថ្មីដែលធ្វេសប្រហែសបណ្តាលឲ្យបញ្ហាសន្តិសុខកើតឡើងរហូតដល់ស្លាប់មន្ត្រីការទូតអាមេរិកទៀត។
ហ៊ីឡារី គ្លីនតុន រិះគន់បក្សសាធារណរដ្ឋវិញ ដែលខ្ចះខ្ជាយលុយរដ្ឋរាប់លានដើម្បីស៊ើបរឿងចាស់។ ហើយលោកស្រីក៏អំពាវនាវឲ្យទុកអតីតកាលមួយឡែក និងបន្តធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសោកនាដកម្មដូចនៅបេនកាហ្ស៊ីកើតឡើងជាថ្មី។ ជាធម្មតា រឿងអាស្រូវនេះក្លាយជាឧបករណ៍នយោបាយដ៏មុតស្រួចសម្រាប់បក្សសាធារណរដ្ឋ ដើម្បីទម្លាក់ប្រជាប្រិយភាពបេក្ខជនប្រធានាធិបតីម្នាក់នេះ។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
រឿងអាស្រូវប្រើប្រាស់អ៊ីម៉ែលឯកជនក្នុងពេលបំពេញភារកិច្ច និងការបណ្តែតបណ្តោយឲ្យមានការវាយប្រហារលើស្ថានកុងស៊ុលអាមេរិកនៅទីក្រុងបេនកាហ្ស៊ី ប្រទេសលីប៊ី នៅតែជារឿងរឿងក្តៅនិងចម្រូងចម្រាស។ វាកាន់តែក្តៅថែមទៀត បន្ទាប់ពីគណៈកម្មការបក្សសាធារណរដ្ឋដែលស៊ើបអង្កេតករណីវាយប្រហារបេនកាហ្ស៊ីនេះបញ្ចេញរបាយការណ៍មួយថ្មីទៀត ។
បើយោងតាមសារព័ត៌មាន Washington Post របាយការណ៍ថ្មី មិនមានភស្តុតាងជាក់លាក់ដាក់បន្ទុកថាលោកស្រី ហ៊ីឡារី គ្លីនតុនបានធ្វើអ្វីខុសឡើយ។ ប៉ុន្តែរបាយការណ៍នេះទិតៀនលោកស្រី និងបណ្តាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសបរទេសដែលបានដឹងពីបញ្ហា តែធ្វេសប្រហែសនិងអសមត្ថភាពក្នុងការរក្សាសន្តិសុខមន្ត្រីទូតនិងស្ថាប័នអាមេរិកនៅបរទេស រហូតបណ្តោយឲ្យមន្ត្រីការទូតអាមេរិកស្លាប់ទៀត។ ក្រៅពីនេះ វាក៏បញ្ចេញអ៊ីម៉ែលផ្ទាល់ខ្លួនមួយចំនួនរបស់លោកស្រី គ្លីនតុន ដែលលោកស្រីលួចលុប ហើយមិនផ្ទេរឲ្យគណៈកម្មការផងដែរ។
តាមពិតទៅ ការ ស្វែងរកភស្តុតាងបន្តបន្ទាប់ដើម្បីទាញរកកំហុស លោកស្រី ហ៊ីឡារី គ្លីនតុន ជាវិធីសាស្ត្ររបស់បក្សសាធារណរដ្ឋដើម្បីទម្លាក់ប្រជាប្រិយភាព ស្របពេលលោកស្រី ខ្នះខ្នែងប្រជែងយកតំណែងប្រធានាធិបតីប៉ុណ្ណោះ។ តែលោក ហ៊ីឡារី គ្លីនតុន អះអាងថា បញ្ហានេះមិនមែនជាឧបសគ្គរារាំងការប្រជែងយកតំណែងប្រធានាធិបតីទេ ហើយលោកស្រីក៏វាយប្រហារគណបក្សបក្សសាធារណរដ្ឋវិញ ដែលបន្តតាមយារយីរលោកស្រីបួនឆ្នាំមកនេះ។
១.ដំណើរដើមទងនៃរឿងអាស្រូវអ៊ីម៉ែល
មុនឈានទៅផ្តោតចំណុចសំខាន់នៃរបាយការណ៍ស៊ើបអង្កេតបេនកាហ្ស៊ី សូមពន្យល់បន្តិចដែរពាក់ព័ន្ធរឿងអាស្រូវនេះ។ តាមពិតទៅ រឿងប្រើប្រាស់អ៊ីម៉ែលឯកជននេះ ទើបក្លាយជាផ្ទាំងស៊ីបរបស់បក្សសាធារណរដ្ឋដើមឆ្នាំ ២០១៥ ប៉ុណ្ណោះ នៅពេលដែលគណៈកម្មការសភាបក្សសាធារណរដ្ឋស៊ើបអង្កេតករណីវាយប្រហាររបស់ក្រុមចលនាឥស្លាមជ្រុលនិយមគាំទ្រលោក ហ្កាដាហ្វីនៅថ្ងៃ ១១កញ្ញាឆ្នាំ ២០១២ លើស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងបេនកាហ្ស៊ី (Benghazi) លីប៊ី។ ការវាយប្រហារនេះ សម្លាប់ជនជាតិអាមេរិកបួនរូបក្នុងនោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីប៊ីលោក Chris Stevens ។ ការស៊ើបអង្កេតនេះបានស្រកឃើញថា អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីឡារី គ្លីនតុន ប្រើប្រាស់ប្រព័ន្ធអ៊ីម៉ែលឯកជនជំនួសអ៊ីម៉ែលរៀបចំដោយរដ្ឋាភិបាលដើម្បីឆ្លងឆ្លើយការងារថែមទៀត។ ការិយាល័យស៊ើបអង្កេតសហព័ន្ធចាប់ផ្តើមបើកការស៊ើបអង្កេតបន្តបន្ទាប់ ហើយគណបក្សសាធារណរដ្ឋចោទថា ការប្រើប្រាស់អ៊ីម៉ែលឯកជនដើម្បីឆ្លើយឆ្លងកិច្ចការការបរទេសធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ ។
គេដាក់ការសង្ស័យ ព្រោះលោកស្រីបានលួចលុបចោលអ៊ីម៉ែលរាប់ម៉ឺនដែលខ្លួនទទួលបាននិងឆ្លងឆ្លើយ។ ហើយលោកស្រី បញ្ជាក់ថា សារទាំងនោះសុទ្ធពាក់ព័ន្ធរឿងឯកជនរបស់លោកស្រីប៉ុណ្ណោះ។ ប៉ុន្តែខាងភ្នាក់ងារស៊ើបអង្កេតសហព័ន្ធបានព្យាយាមទាញយកអ៊ីម៉ែលទាំងនោះត្រលប់វិញដើម្បីត្រួតពិនិត្យ។
២.របាយការណ៍៖ លោកស្រី គ្លីនតុនដឹងពីគ្រោះថ្នាក់នៅបេនកាហ្សី តែមើលស្រាលស្ថានការណ៍
យោងតាមសារព័ត៌មាន New York Times របាយការណ៍របស់គណៈកម្មការបេនកាហ្ស៊ី នៅតែបកស្រាយជាថ្មីម្តងទៀតថា លោកស្រី គ្លីនតុន គួរតែបានដឹងពីការកើនឡើងនៃគ្រោះថ្នាក់ចំពោះមន្ត្រីការទូតរបស់ខ្លួន ដែលបំពេញការងារនៅលីប៊ី។ ហើយរបាយការណ៍នេះក៏ចោទប្រកាន់លោកស្រី ក្នុងនាមជារដ្ឋមន្ត្រីការបរទេសដែលបរាជ័យក្នុងការការពារស្ថាប័ន និងមន្ត្រីទូតនៅបេនកាហ្ស៊ី ជាពិសេសអសមត្ថភាពក្នុងប្រមូលព័ត៌មានចារកម្ម និងចាត់ចែងការពារសន្តិសុខ។ របាយការណ៍នេះបានកត់សម្គាល់ពីការស្នើសុំការគាំទ្រសន្តិសុខបន្ថែមពីមន្ត្រីទូតនៅស្ថានកុងស៊ុលបេនកាហ្ស៊ី មុនពេលការវាយប្រហារកើតឡើងដែរ។ យ៉ាងណាមិញ គ្មានភស្តុតាងថ្មីណាមួយបង្ហាញថា វាជាកំហុសឆ្គងរបស់អតីតរដ្ឋមន្ត្រីការបរទេសនេះឡើយ។ វាហាក់ដូចជាព័ត៌មានដែលត្រឹមគូសបញ្ជាក់ពីការធ្វេសប្រហែស និងភាពការិយាធិបតេយ្យក្នុងការសម្រេចចិត្តពេលត្រូវឆ្លើយបញ្ហាសន្តិសុខប៉ុណ្ណោះ។
៣.ហេតុផលនយោបាយធ្វើឲ្យរឿងនេះកាន់តែធំ
ត្រលប់មកវិញ រឿងប្រើប្រាស់អ៊ីម៉ែលឯកជនជារឿងមួយដែលបង្ហាញពីការខ្ជីខ្ជាររបស់លោកស្រីគ្លីនតុនក្នុងការកាន់កាប់ការងារ ជាពិសេសន្តិសុខជាតិ។ ប៉ុន្តែរបាយការណ៍ជារួមត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់ដោយសារមូលហេតុនយោបាយប៉ុណ្ណោះ។ វាជាចេតនារបស់បក្សសាធារណរដ្ឋនោះក្នុងរកភស្តុតាងមកដាក់បន្ទុកលោកស្រីពាក់ព័ន្ធការវាយប្រហារនៅបេនកាហ្ស៊ីកើតឡើងប៉ុណ្ណោះ។ បក្សសាធារណរដ្ឋព្យាយាមធ្វើគ្រប់យ៉ាងដោយមិនឲ្យសំណុំរឿងនេះចប់ដោយស្រួលៗឡើយតាំងពីឆ្នាំ ២០១២មក។ នេះក៏ដោយសារ វាជាវិធីសាស្ត្រក្នុងការទម្លាក់ប្រជាប្រិយភាពលោកស្រី ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីបច្ចុប្បន្ននេះ។
៤. ហ៊ីឡារី គ្លីនតុន ៖ បក្សសាធារណរដ្ឋខ្ជះខ្ជាយលុយពន្ធប្រជាជនអស់ ៧លានដុល្លារលើការស៊ើបអង្កេតរឿងដដែល
ទាក់ទិនការស៊ើបអង្កេតរឿងបេនកាហ្ស៊ីរហូតដល់ធ្លាយរឿងអ៊ីម៉ែលលោកស្រីផងនោះ លោកស្រី ហ៊ីឡារី គ្លីនតុន ទទួលស្គាល់ថា វាជាការធ្វេសប្រហែសមួយ។ ប៉ុន្តែស្របពេលជាមួយគ្នានោះលោកស្រីក៏បកស្រាយថា វាមិនមែនជារឿងសំខាន់រហូតដល់ខ្វល់ខ្វាយតែពីរឿងមួយនេះមិនធ្វើអ្វីផ្សេងទៀតដែរ ហើយណាមួយគណៈកម្មការឯករាជ្យរបស់ក្រសួងការបរទេសក៏បានបង្ហាញការសន្និដ្ឋានចុងក្រោយរួចរាល់ដែរពាក់ព័ន្ធបញ្ហានេះ។ យោងតាមសារព័ត៌មាន Politico លោកស្រី ហ៊ីឡារី គ្លីនតុនពន្យល់ថា៖« ខ្ញុំបាននិយាយតាំងពីដើមមកថា គ្មានអ្វីដែលសំខានជាងសន្តិសុខអ្នកការទូតនិងមន្ត្រីរបស់យើងដែលស្ថិតនៅតំបន់គ្រោះថ្នាក់ដើម្បីផ្សព្វផ្សាយតម្លៃ និងការពារសន្តិសុខរបស់អាមេរិក។ ដូចខ្ញុំបាននិយាយក្នុងពេលផ្តល់ចម្លើយអស់១១ម៉ោងនៅចំពោះមុខគណៈកម្មការអ៊ីចឹងថា យើងជំពាក់ប្រជាជនអាមេរិកដ៏ក្លាហានទាំង៤រូបដែលស្លាប់ ហើយយើងពិតជាបានរៀនមេរៀនត្រឹមត្រូវពីសោកនាដកម្មនេះដែរ»។
បន្ទាប់ពីទទួលស្គាល់ថា វាជាមេរៀនសំខាន់សម្រាប់ឆ្លើយតបបញ្ហាសន្តិសុខទៅថ្ងៃមុខ លោកស្រី និងអ្នកប្រជាធិបតេយ្យចាប់ផ្តើមវាយបកវិញ ដោយរិះគន់ការចំណាយលុយរដ្ឋខ្ជះខ្ជាយរបស់ក្រុមសមាជិកសភាបក្សសាធារណរដ្ឋដែលរៀបចំគណៈកម្មការស៊ើបអង្កេតនេះឡើយ។ រយៈពេល ២ឆ្នាំមកនេះ គណៈកម្មការនេះបានចំណាយលុយដែលបានពីការបង់ពន្ធប្រហែល ៧លានដុល្លារអាមេរិក ហើយលទ្ធផលដែលរកឃើញក៏គ្មានអ្វីខុសពីការស៊ើបអង្កេតមុនៗដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com