អត្ថបទពាណិជ្ជកម្ម
អ្នកស្រី ពាន់ ភួងបុប្ផា ចូលរួមជាមួយថោន ផលិតភាពយន្តខ្មែរ
× អ្នកស្រី ពាន់ ភួងបុប្ផា កវីនិពន្ធ និងអ្នកដឹកនាំភាពយន្តដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា បានសម្រេចចិត្តចូលរួមជាមួយផលិតកម្មទីក្រុងភាពយន្ត របស់ក្រុមហ៊ុនថោនគ្រុប ដើម្បីផលិតភាពយន្តខ្មែរ។
នៅក្នុងសន្និសីទកាសែតនារសៀលនេះ ស្តីពីការចូលរួមក្នុងផលិតកម្មថោន អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា វត្តមានរបស់អ្នកស្រីនៅពេលនេះ គឺគ្រាន់តែជាការពង្រឹងបន្ថែមទៀត ទៅលើធនធានដែលផលិតកម្មមាន។ អ្នកស្រីសង្ឃឹមថា ការរួមគ្នារវាងថោន និងអ្នកស្រី គឺជារួមចំណែកមួយក្នុងការលើកស្ទួយវិស័យភាពយន្តរបស់ខ្មែរ តាមរយៈការផលិតភាពយន្តដែលមានគុណភាពល្អជាងមុន ហើយមានស្តង់ដារដែលអាចប្រកួតប្រជែងនៅអន្តរជាតិដែរ។
ជាជំហ៊ានដំបូង អ្នកស្រី ពាន់ ភួងបុប្ផា នឹងផ្តើមថតភាពយន្តខ្នាតវែង មួយដែលមានចំណងជើងថា«ទឹកចិត្តម្តាយសម័យថ្មី» ។ «ទឹកចិត្តម្តាយសម័យថ្មី» ដែលបើតាមការអះអាងរបស់ អ្នកដឹកនាំរឿងរូបនេះ គឺមានចូលរួមសម្តែង ពីតារាភាពយន្តដែលមានឈ្មោះបោះសំឡេង ៤ ជំនាន់ រួមគ្នា ដែលរួមមានអ្នកស្រី ឌី សាវ៉េត អ្នកស្រី អម្ពរ ទេវី លោក ទេព រិនដារ៉ូ អ្នកស្រី ស៊ឹម សូលីកា អ្នកស្រី ស្វែង សុជាតា អ្នកស្រី សុខ សុម៉ាវត្តី កញ្ញា ឌុច លីដា និងលោក យិន មាសឧស្សាហ៍ និងតារាជាច្រើនរូបទៀត។ ផលិតករ រូបនេះ បានបញ្ជាក់ថា៖«តួដែលមកសម្តែង ក្នុងភាពយន្តនេះ ខ្ញុំគិតថាជាប្រវត្តិសាស្ត្ររបស់ភាពយន្តខ្មែរ ដែលយើងបានគៀងករ តារាភាពយន្ត៤ជំនាន់ មកសម្តែងរួមគ្នា»។
លោក ប៊ុន រតនា នាយកគ្រប់គ្រងផ្នែកភាពយន្ត និងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនថោន គ្រុប បានមានប្រសាសន៍ថា សក្តានុពល និងតម្រូវទីផ្សារទាំងក្នុង និងក្រៅប្រទេស គឺជាមូលហេតុដែលជំរុញឲ្យក្រុមហ៊ុនថោន គ្រុប រៀបចំផលិតភាពយន្តខ្នាតធំ និងភាពយន្តភាគ។
លោក ប៊ុន រតនា ជឿជាក់ថា គុណភាពផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែប្រសើរ អាចប្រជែងមិនត្រឹមតែទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏អាចប្រជែងលើទីផ្សារអន្តរជាតិផងដែរ ដោយសារតែការចូលរួមរបស់ កវីនិពន្ធ និងអ្នកដឹកនាំរឿង អ្នកស្រី ពាន់ ភួងបុប្ផា ដែលផលិតកម្មទីក្រុងភាពយន្តចាត់ទុកជាធនធានដ៏ពិសេសមួយទៀត បូកផ្សំនឹងធនធានបច្ចេកទេស និងឧបករណ៍ទំនើបៗដែលផលិតកម្មទីក្រុងភាពយន្តមានស្រាប់៕
Tag:
ពាន់ ភួងបុប្ផា
ថោន
© រក្សាសិទ្ធិដោយ thmeythmey.com