អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​តុលាការអន្តរជាតិ​ក្រុងឡាអេ នឹង​ប្រកាស​សំណុំរឿង​ហ្វីលីពីន​ប្រឆាំង​ចិន​នៅ​ថ្ងៃទី​១២ ខែកក្កដា​
29, Jun 2016 , 10:16 pm        
រូបភាព
ដោយ:

​ចុងក្រោយ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ (PCA) បានកំណត់​យក​ថ្ងៃទី​១២ ខែកក្កដា ខាងមុខ​ដ៏​ខ្លី​នេះ ដើម្បី​ប្រកាស​សេចក្តីសម្រេច​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​។ រយៈពេល​បី​ឆ្នាំ​មកហើយ ដែល​គេ​កំពុងតែ​រង់ចាំ​ការចេញ​សាលក្រម​មួយ​នេះ​។


​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែលមាន​ទាំង​ភាសា​អង់គ្លេស​ផង បារាំង​ផង និង​ចិន​ផងដែរ​របស់ PCA ដែល​បាន​ផ្ញើ​មកកាន់​សារព័ត៌មាន​ថ្មីៗ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ នៅ​ថ្ងៃទី​២៩ ខែមិថុនា បាន​ជូនដំណឹង​ទៅកាន់​ភាគី​នៃ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ហើយ ថា តុលាការ នឹង​ប្រកាស​សាលក្រម​នៃ​ម​ជ្ឈ​ត្ត​ការដែល​បង្កើតឡើង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន ដោយ​យោងតាម​ឧបសម្ព័ន្ធ​៧ នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ (UNCLOS)​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល តុលាការ នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​អង្គារ ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ម៉ោង​១១ ព្រឹក នៃ​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។ ក្នុងនោះ តុលាការ នឹង​បញ្ជូន​សាលក្រម ដែលមាន​បី​ភាសា​រួមមាន​អង់គ្លេស បារាំង និង​ចិន (Mandarin) តាមរយៈ​សារ​អេឡិចត្រូនិក ដែល​អម​ជាមួយនឹង​សេចក្តីប្រកាស​ព័ត៌មាន​ដែលមាន​សង្ខេប​ពី​សាលក្រម​ផងដែរ​នោះ​។​
 
​សូម​ជម្រាប​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​៕ 
 
​សារព័ត៌មាន​ថ្មីៗ នឹង​លម្អិត​ពី​សំណុំ​រឿងនេះ​បន្ថែម​នៅ​ថ្ងៃស្អែក !​

Tag:
 ​តុលាការអន្តរជាតិ​ក្រុងឡាអេ
© រក្សាសិទ្ធិដោយ thmeythmey.com