ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ទប់ស្កាត់​ស្នាម​ជ្រួញ​ដោយ​ខ្លួនឯង
29, May 2022 , 6:30 pm        
រូបភាព
​ស្រា​មួយ​ចំនួន​ទុក​កាន់តែ​យូរ​កាន់តែ​ឆ្ងាញ់​និង​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ស្បែក​របស់​មនុស្ស​យើង​មិន​ដូច​ស្រា​នោះទេ​។ នៅពេលដែល​យើង​ចាស់​ទៅ វា​នឹង​បាត់បង់​ជាតិ​សំណើម និង​បាត់បង់​ភាព​យឺត ដែល​បង្ករ​ឱ្យ​ទៅជា​ស្នាម​ជ្រួញ​។​

 
​ ​វេជ្ជបណ្ឌិត Coyle S. Connolly និយាយថា ស្បែក​របស់​យើង​ក្លាយទៅជា​ចាស់​ដោយសារ​កត្តា​ពីរ​។ ទី​មួយ​ភាព​ចាស់​ចេញ​ពី​ខាងក្នុង ដែល​កើតឡើង​ដោយសារហ្សែ​ន​។ យើង​មិន​អាច​ប្រឆាំង​នឹង​វា​បាន​ច្រើន​ដោយ​គ្មាន​ការជួយ​ពី​ពេទ្យ​ស្បែក​នោះទេ​។ ចំណែក​ឯ​ទី​ពីរ​គឺ​ភាព​ចាស់​ផ្នែក​ខាងក្រៅ ដែល​ជា​លទ្ធផល​នៃ​ការបំផ្លាញ​ដោយសារ​កម្តៅថ្ងៃ​។​
 
​ ​អ្នក​អាច​ទប់ទល់​នឹង​ភាព​ចាស់​ប្រភេទ​ទី​ពីរ​បាន​ដោយ​ការ​ធ្វើ​ការសម្រេចចិត្ត​ជ្រើសរើស​ដ៏​ឆ្លាត​វៃ​។ ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ដែល​អ្នកជំនាញ​ណែនាំ​ក្នុង​ការថែរក្សា​ស្បែក​។​
 
​គេង​ផ្ងារ​៖ វេជ្ជបណ្ឌិត D’Anne Kleinsmith និយាយថា ការ​គេង​ផ្អៀង​ឬ​គេង​ផ្កាប់​មុខ​ទៅលើ​ខ្នើយ​អាច​បង្ករ​ឱ្យ​មាន​ស្នាម​ជ្រូញ​។ អ្នក​គេង​ផ្កាប់​មុខ​មួយ​ចំនួន​នឹង​មាន​ឡើង​ស្នាម​ជ្រួញៗ​នៅលើ​ថ្ងាស​របស់​ពួកគេ​ដែល​ស្នាម​នោះ​មាន​នៅ​លើ​ចិញ្ចើម​។ ការ​គេង​ផ្ងារ​អាចជួយ​បំបាត់​បញ្ហា​នេះ​បាន​។​
 
​ពាក់​វ៉ែនតា​ការពារ​៖ វេ​ជ្ជ​. Kleinsmith កន្លែង​មួយ​ដែល​មាន​បញ្ហា​ខ្លាំង​គឺ​តំបន់​ជុំវិញ​ភ្នែក​ដែល​ងាយ​នឹង​ចេញ​ស្នាម​ជ្រួញ​។ ស្នាម​ទាំងនោះ​បង្ករ​ឡើង​ដោយសារ​ការ​ខំ​បិត​ភ្នែក​របស់​អ្នក​ព្រឹមៗ​ដើម្បី​ឱ្យ​មើលឃើញ​ច្បាស់​។ វិធី​មួយ​ដ៏​ល្អ​ដើម្បី​ជៀសវាង​ឬ​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​វា​គឺ​អ្នក​គួរ​ពាក់​វ៉ែនតា​ការពារ​នៅពេល​ដែល​អ្នក​ចេញ​ក្រៅ​។​
 
​រក្សា​ទឹកមុខ​៖ វេ​ជ្ជ​. Kleinsmith និយាយថា ការ​ជ្រួញ​ចិញ្ចើម​ឬ​សើច​ឬ​ការបង្ហាញ​ទឹកមុខ​ដដែល​ច្រើនពេក​នឹង​ធ្វើឱ្យ​អ្នក​ងាយ​នឹង​មាន​ស្នាម​ជ្រួញ​។ “​ខ្ញុំ​មិនមែន​មានន័យថា​អ្នក​មិន​គួរ​សើច​ឬក៏​ចង​ចិញ្ចើម​នោះទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​ដឹងថា​តើ​អ្នក​ធ្វើ​វា (​ជាពិសេស​ការចង​ចិញ្ចើម​) ច្រើន​កម្រិតណា​”​។​
 
​ ​វេជ្ជបណ្ឌិត Audrey Kunin និយាយថា វិធីសាស្ត្រ​ហាត់ប្រាណ​សម្រាប់​មុខ​ជួយ​បង្កើន​សាច់ដុំ​មុខ ដូច​ជា​ការ​ហាត់ប្រាណ​សាច់ដុំ​ផ្សេងៗ​ទៀត​ដែរ​។​
 
​ឈប់​ជក់បារី​៖ វេ​ជ្ជ​. Kleinsmith និយាយថា “​អ្នក​ជក់​បារី​មាន​ស្នាម​ជ្រួញ​ច្រើន​ជាង​អ្នក​មិន​ជក់បារី ជាពិសេស​នៅ​ត្រង់​ជុំវិញ​បបូរមាត់​”​។ នេះ​ដោយសារ​តែ​ការជក់បារី​បាន​ស្រូប​យក​អុកស៊ីហ្សែន កាត់បន្ថយ​ចរន្តឈាម ទៅកាន់​ស្បែក​មុខ ដែល​ជា​ហេតុ​បង្ករ​ឱ្យ​មាន​ស្នាម​ជ្រួញ​មុន​អាយុ​។ បន្ថែម​ពីលើ​នេះ​ទៀត អ្នក​ដែល​ជក់​បារី​បាន​ធ្វើ​ចលនា​ផ្ទៃមុខ​ដដែលៗ ដែល​បន្ថែម​ស្នាម​ជ្រួញ​កាន់តែច្រើន​ថែម​ទៀត​។​
 
​ការពារ​ពី​កម្តៅ​ថ្ងៃ​៖ មិន​ថា​វា​ជា​ការ​ត្រូវ​កម្តៅថ្ងៃ​ក្នុង​ឬ​ក្រៅ​ផ្ទះ​នោះ​ទេ ការ​ត្រូវ​កម្តៅថ្ងៃ​នៅថ្ងៃនេះ គឺជា​ការ​ឡើង​មាន​ស្នាម​ជ្រួញ​នៅ​ថ្ងៃស្អែក​។ វេ​ជ្ជ​. Kunin និយាយថា “​ជា​ការពិត​ណាស់ ការ​ត្រូវ​កម្តៅថ្ងៃ​ច្រើន​នឹង​បង្កើន​ឱកាស​នៃ​ការវិវត្តន៍​នៃ​ស្នាម​ជ្រួញ​របស់​អ្នក​”​។ ចូរ​លាបឡេ​ការពារ​កម្តៅថ្ងៃ​ដែល​អាច​ការពារ​បាន​ទាំង UVA និង UVB និង​មាន SPF យ៉ាងតិច ៣០​។ អ្នក​ក៏​គួរ​ពាក់​វ៉ែនតា​ការពារ​រស្មី UV (​វា​អាច​ឡើង​ជាំខ្មៅ​ដុំៗ​នៅ​ជុំវិញ​ភ្នែក​) ផងដែរ​។​
 
​ ​បោក​សម្លៀកបំពាក់​ជាមួយនឹង Rit Sun Guard ដែល​ជា​សារធាតុ​ការពារ​កម្តៅថ្ងៃ​ដែល​ប្រើ​លើ​សម្លៀក​បំពាក់​របស់​អ្នក​។ “​ផលិតផល​នេះ​បង្កើន​សមត្ថភាព​របស់​សាច់​ក្រណាត់​ក្នុង​ការការពារ​រស្មី UV ពី​ការ​ជ្រៀតចូល​ទៅ​ប៉ះ​ស្បែក ហើយ​វា​មាន​កម្រិត​ស្មើគ្នា​ទៅ​នឹង​ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន SPF ៣០”​។​
 
​ ​អ្នក​គ្រាន់តែ​បន្ថែម Rit Sun Guard ទៅក្នុង​ម៉ាស៊ីនបោកខោអាវ លាង​សម្អាត និង​ហាល​ឱ្យ​ស្ងួត​តាម​ធម្មតា​។ សម្លៀក​បំពាក់​ធម្មតា​មាន SPF តែ ៤ តែប៉ុណ្ណោះ ដែល​ធ្វើឱ្យ​វា​គ្មាន​ប្រយោជន៍​ក្នុង​ការ​ទប់ទល់​នឹង​កម្តៅ​ព្រះអាទិត្យ​។ ខណៈ​ដែល​រស្មី​នេះ​អាច​បង្ករ​ឱ្យ​មាន​ការ​រលាក​កម្តៅថ្ងៃ វា​ក៏​អាច​បង្ករ​ឱ្យមាន​ការបំផ្លាញ​ស្បែក​ដែល​ធ្វើឱ្យ​ស្បែក​ជ្រីវជ្រួញ​មុន​អាយុ​និង​ជំងឺមហារីក​ស្បែក​ផងដែរ​”​។​
 
​ជៀសវាង​ការប្រើ​ម៉ាស៊ីន​ប្តូរ​ពណ៌​ស្បែក​៖ ការប្រើ​ម៉ាស៊ីន​ប្តូរ​ពណ៌​ស្បែក​ឬ​ម៉ាស៊ីន​ប្រើ​ជំនួស​ការ​ហាលថ្ងៃ (tanning bed) គឺ​ស្មើនឹង​ការ​នៅ​ក្រោម​កម្តៅថ្ងៃ​នៅ​ឆ្នេរសមុទ្រ​មួយ​ថ្ងៃ​ពេញ​ដោយ​មិន​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​។ វេ​ជ្ជ​. Kunin ណែនាំ​ថា “​អ្នក​គួរ​ជៀសវាង​ការប្រើ​វា​ដើម្បី​ការពារ​ស្បែក​ពី​ការខូចខាត​។ ប្រសិនបើ​អ្នក​ចង់​បាន​ស្បែក​ពណ៌​ទង់ដែង អ្នក​គួរ​ប្រើឡេ​ប្តូរ​ពណ៌​ស្បែក​វិញ​”​។​
 
​ពាក់មួក​៖ មិន​ថា​អ្នក​ទៅ​សមុទ្រ​ឬ​គ្រាន់តែ​ចំណាយពេល​នៅក្រោម​កម្តៅថ្ងៃ​ពេល​ថ្ងៃត្រង់​នោះ​ទេ អ្នក​ត្រូវ​ពាក់មួក​ដែលមាន​គែម​ប្រវែង ១០​សង់ទីម៉ែត្រ​ជុំវិញ​ដើម្បី​ការពារ​កម្តៅថ្ងៃ​ពីមុខ​និង​ក​របស់​អ្នក​។​
 
​ ​ប៉ុន្តែ​មិន​ត្រូវ​ប្រើ​មួក​ចាក់​ឬ​មួក​ដែល​មាន​ប្រហោង​នោះទេ ព្រោះ​កម្តៅថ្ងៃ​នៅតែ​អាច​ជ្រៀបចូល​តាម​ចន្លោះប្រហោង​នោះ​បាន​។ អ្នក​ក៏​ត្រូវ​ចងចាំ​ដែរ​ថា មួក​កាតឹប​ធម្មតា​មិន​អាច​ការពារ​ត្រចៀក និង​ក​ផ្នែក​ខាងក្រោយ​របស់​អ្នក​បាន​នោះទេ ហើយ​ពេល​ខ្លះ​វា​ក៏​បាំង​មុខ​របស់​អ្នក​មិន​ជិត​ដែរ​។​
 
​ ​វេ​ជ្ជ​. Kunin និយាយថា “​ត្រូវ​ជ្រើសរើស​មួក​ណា​ដែល​មាន​គែម​វែង និង​មាន​ក្រណាត់​ការពារ​កម្តៅថ្ងៃ​នៅ​ខាងក្នុង ព្រោះ​វា​ផ្តល់​ការការពារ​បន្ថែម​ដល់​អ្នក​ក្នុង​ការទប់ស្កាត់​ការ​កើត​មាន​ស្នាម​ជ្រួញ​”​។​
 
​គេចចេញ​ពី​កម្តៅថ្ងៃ​នៅពេល​ពាក់​កណ្តាលថ្ងៃត្រង់​៖ រយៈពេល​នោះ​គឺ​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៤​រសៀល ក្នុង​រដូវក្តៅ រដូវ​ផ្កា​រីក និង​រដូវ​ស្លឹកឈើ​ជ្រុះ ឬ​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ២​រសៀល ក្នុង​រដូវរងារ​។ អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែក Joni Keim Loughran និយាយថា នៅ​ក្នុង​កំឡុង​ម៉ោង​នេះ​គឺជា​ពេល​ដែល​កាំរស្មី UV បញ្ចេញ​រស្មី​ខ្លាំង​បំផុត​។ គាត់​រំឭក​ផងដែរ​ថា អ្នក​ត្រូវ​តែ​លាបឡេ​ការពារ​កម្តៅថ្ងៃ​បើ​ទោះបីជា​នៅក្នុង​រដូវ​រងារ​ក៏​ដោយ​និង​ថ្ងៃ​ដែល​មាន​ពពក​ខ្លាំង​ក៏​ដោយ ហើយ​ណែនាំ​ឱ្យ​ប្រើ titanium oxide និង zinc oxide ដែលមាន SPF ពី ៨ ទៅ ១៥​។​
 
​នៅ​ក្រោម​ម្លប់​៖ ដោយសារ​តែ​ស្នាម​ជ្រីវជ្រួញ​បង្ករ​ឡើង​ដោយ​ការ​ត្រូវ​កម្តៅថ្ងៃ​ច្រើន​ពេល ដូច្នេះ​ហើយ​អ្នក​ត្រូវ​ស្វែងរក​ម្លប់​ដើម្បី​ជ្រក​។​
 
​ ​នៅ​សមុទ្រ​ឬ​នៅ​ក្រោយ​ផ្ទះ អ្នក​ត្រូវ​អង្គុយ​នៅ​ក្រោម​ម្លប់ឆ័​ត្រធំ​។​
 
​ប្រើ​សារធាតុ​សំណើម​៖ វេ​ជ្ជ​. Connolly និយាយថា ប្រសិនបើ​អ្នក​មាន​ស្បែក​ស្ងួត ការប្រើឡេ​ជាតិ​សំណើម​រាល់​ថ្ងៃ​អាច​ជួយ​ស្បែក​របស់​អ្នក និង​ជួយ​លាក់​ស្នាម​ជ្រួញ​តូចៗ​ដែល​កើតមាន​លើ​ស្បែក​របស់​អ្នក​បាន​បណ្តោះអាសន្ន​។​
 
​វីតាមីន C៖ លាប​ក្រែ​មឬ​ប្រេង​វីតាមីន C ជា​រៀងរាល់ថ្ងៃ​។ វេ​ជ្ជ​. Connolly និយាយថា អ្នកនឹង​សម្គាល់ថា​ស្បែក​របស់​អ្នក​ស្អាត​ជា​ង​មុន​។​
 
​សាកល្បង​ប្រើក្រែ​មសកម្ម​៖ ក្រែម​ថែ​ស្បែក​សកម្ម​មាន​ផ្ទុក​សារធាតុ​មួយ​ឬ​ច្រើន​នៃ​សារធាតុ​ទាំង ៦ ដែល​មាន​ប្រសិទ្ធភាព​មិន​ត្រឹមតែ​ផ្តល់​ជាតិ​សំណើម​តែ​ប៉ុណ្ណោះ​ទេ​។ វា​ក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ ធ្វើឱ្យ​ស្បែក​ភ្លឺ​ជាង​មុន និង​ក្មេង​ជាង​មុន​។ សារធាតុ​និង​ផលិតផល​ដែល​អ្នក​គួរ​ស្វែងរក​មានដូចជា វីតាមីន C (​មាន​ក្នុងក្រែ​មលាប​ជាច្រើន​), GHK copper peptides (Neutrogena Visibly Firm), glycolic acid (Total Skin Care Glycolic Gel), tretinoin (RoC Retinol Actif Pur Anit-Wrinkle Treatment), N6 furfury-ladenine (Kinerase cream or lotion) និង alpha lipoic acid (Z.Bigatti Re-Storation Deep Repair Facial Serum)​។​
 
​ ​វេ​ជ្ជ​. Kunin និយាយថា “​ការប្រើ​ក្រែម​នេះ​ជួយ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​។ ប្រសិនបើ​ស្បែក​របស់​អ្នក​នៅ​តែ​ស្ងួត​ក្រោយពេល​ប្រើ​វា អ្នក​អាច​ប្រើ​វា​ជា​មួយឡេ​ការពារ​កម្តៅថ្ងៃ និង​លាប​សារធាតុ​សំណើម​បន្ថែម​”​។​
 
​ជម្រុះ​កោសិកា​៖ Alpha hydroxyl acids (AHAs) ដែល​មាន​ក្នុង​បន្លែ​និង​ផ្លែឈើ មាន​នៅ​ក្នុងក្រែម ឡេ និង​ជែល​។ វា​ដើរតួ​ជា​អ្នក​ខាត់​កោសិកា​ស្បែក​ងាប់​នៅ​ខាងលើ ដើម្បី​បង្ហាញ​កោសិកា​នៅ​ខាងក្រោម​។ ហើយ​វា​ជួយ​ស្បែក​ឱ្យ​ប៉ោង​ឡើង​ដោយ​បំពេញ​នៅ​កន្លែង​ដែល​មាន​ស្នាម​ជ្រួញ​។ Glycolic acid គឺជា​សារធាតុ AHA ទូទៅ ហើយ​វា​មាន​ផលិតផល​ដែល​គ្មាន​ក្លិនក្រអូប​សម្រាប់​ស្បែក​ងាយ​នឹង​ប្រតិកម្ម​នៅ​ជុំវិញ​ភ្នែក​របស់​អ្នក​។​
 
​ ​ប្រសិនបើ​ស្បែក​របស់​អ្នក​ងាយ​នឹង​ប្រតិកម្ម​ពេក​ក្នុង​ការប្រើ AHAs អ្នក​ប្រហែល​អាច​សាកល្បង​ប្រើ beta hydroxy acids (BHAs) ដូចជា salicylic acid​។ វា​មាន​នៅក្នុង​ផលិតផល​សារធាតុ​សំណើម និង​សាប៊ូលាងមុខ​។​
 
​ទទួលទាន​ត្រី និង flaxseed៖ អាហារ​ទាំងពីរ​នេះ​អាច​ជួយ​អ្នក​ក្នុង​ការថែរក្សា​ជាតិ​សំណើម​ស្បែក​ឱ្យបាន​ល្អ​។ ចូរ​បរិភោគ​ត្រី​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ដែល​មាន​ដូចជា ត្រី​សាល​ម៉ុង​, ត្រី trout, ត្រី whitefish និង​ត្រីធូ​ណា យ៉ាងហោច​ណាស់​ឱ្យបាន​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ជួយ​បំពេញ​ជាតិ​សំណើម​ទៅឱ្យ​ស្បែក​ដែល​ស្ងួត​។ ប្រេង flaxseed ដែល​សម្បូរ​ទៅដោយ​អូ​មេហ្គា ៣ ដែរនោះ អាច​លាយ​ជាមួយ​នឹង​ទឹក​ផ្លែឈើ ឬ​ស្រោច​លើ​សាឡាដ និង​បន្លែ​។​
 
​ប្រើ​ផ្លែ​ល្ហុង​៖ សាកល្បង​ប្រើ​ផ្លែ​ល្ហុង​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។ អង់ស៊ីម​ប្រូតេអ៊ីន​ដែល​ធ្វើឱ្យ​ផ្លែ​ល្ហុង​គឺជា​ភ្នាក់ងារ​ដ៏​ល្អ​សម្រាប់​ការរំលាយ​អាហារ ក៏​អាច​ជួយ​បំបែក​ស្រទាប់​ស្បែក​ខាង​ក្រៅ​របស់​អ្នក​ដែរ​។ កិន​ផ្លែ​ល្ហុង​ដែល​ចិត​សម្បក​និង​លាង​ឱ្យ​ស្អាត ពីរ​ស្លាបព្រា លាយ​ជាមួយ​នឹង​អង្ករ​អូត​ស្ងួត មួយ​ស្លាបព្រា (​អង្ករ​អូត​ជួយ​លាងជម្រះ​កំទេច​នៅលើ​ស្បែក​)​។ បន្ទាប់​មក​លាប​វា​ទៅលើ​ស្បែក​ដែល​លាង​ស្អាត ហើយ​ទុក​រយៈពេល ១០​នាទី​។ ក្រោយ​មក​លាង​វា​ចេញ​ដោយ​ប្រើ​ក្រណាត់​សើ​ម ដោយ​ប្រើ​ចលនា​ជា​រង្វង់​ចេញ​ក្រៅ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com