ជាតិ
យុវជនសកម្ម សេវាល្អ
ទោះកូវីដ-១៩ មណ្ឌលសុខភាព អ៊ីទួនស៊ាន នៅតែយកចិត្តទុកដាក់ផ្ដល់សេវាសុខភាពដល់ស្រ្តីមានផ្ទៃពោះ
18, Aug 2021 , 2:30 pm        
រូបភាព
ដោយ៖ ទូច ស្រីពេជ្រ (យុវជនឃុំជុំគ្រៀល)

កំពត៖ ស្ត្រីមានផ្ទៃពោះ នៅតែទទួលបានការយកចិត្តទុកដាក់ ការពិនិត្យផ្ទៃពោះពីគ្រូពេទ្យ នៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង ដែលស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅក្នុងបរិបទកូវីដ-១៩នេះ។ គ្រូពេទ្យនៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង បានអះអាងថា  ស្រ្តីមានគភ៌ បានទទួលការពិនិត្យផ្ទៃពោះយ៉ាងទៀតទាត់ រួមជាមួយនឹងការអប់រំពាក់ព័ន្ធនានា ដើម្បីធានាសុវត្ថិភាពរបស់ម្តាយ និងទារក។



ដ្បិតបញ្ហាជំងឺកូវីដ-១៩ កំពុងរាលដាលខ្លាំងនៅខេត្តកំពត ប៉ុន្តែមណ្ឌលសុខភាព អ៊ី ទួនស៊ាង ដែលស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាសុខភាពដល់ស្រ្តីមានផ្ទៃពោះ ដើម្បីធានាពីសុវត្ថិភាពរបស់ម្តាយ និងទារកក្នុងផ្ទៃ។
អ្នកស្រី ង៉ែត តុលា ជាពេទ្យឆ្មបនៅមណ្ឌលសុខភាព អ៊ីទួនស៊ាង បានអះអាងថា ការផ្តល់ការថែទាំ និងអប់រំដល់ស្រ្តីមានផ្ទៃពោះ គឺជារឿងចាំបាច់បំផុត ព្រោះដើម្បីកាត់បន្ថយហានិភ័យក្នុងអំឡុងពេលសម្រាល។  


អ្នកស្រី ង៉ែត តុលា ជាពេទ្យឆ្មបនៅមណ្ឌលសុខភាព អ៊ីទួនស៊ាង

អ្នកស្រី ង៉ែត តុលា  បន្តថា ទោះជួបបញ្ហាកូវីដ-១៩ មណ្ឌលសុខភាព អ៊ីទួនស៊ាង នៅតែផ្ដល់សេវាពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះយ៉ាងទៀតទាត់ និងប្រកបដោយប្រសិទ្ធភាព ជូនដល់ស្រ្តី រួមទាំងកូនក្នុងផ្ទៃ។ បើតាមអ្នកស្រី ង៉ែត តុលា ស្ត្រីមានផ្ទៃពោះនៅតែអាចមកទទួលសេវាពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ហើយក្នុងករណីស្រ្តីមានបញ្ហាផ្សេងៗ ពួកគាត់ក៏អាចមកពិគ្រោះជាមួយគ្រូពេទ្យបានគ្រប់ពេលផងដែរ។ អ្នកស្រី ង៉ែត តុលា រៀបរាប់ដូច្នេះ៖ «មណ្ឌលសុខភាព បានផ្ដល់សេវាកម្មពិនិត្យផ្ទៃពោះ៤ដង គឺនៅពេលគភ៌មានអាយុតិចជាង១២ សប្តាហ៍ គភ៌មានអាយុចាប់ពី ២0 ទៅ ២៤ សប្តាហ៍ គភ៌មានអាយុ ៣០ ទៅ ៣២សប្តាហ៍ និងនៅពេល គភ៌មានអាយុ៣៦ទៅ៣៨សប្តាហ៍»។

យ៉ាងដោយក៏ដោយ អ្នកស្រី ង៉ែត តុលា កត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ចំនួនស្ត្រីដែលបានមកពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព បានធ្លាក់ចុះមួយចំនួនដែរ ដោយបច្ចុប្បន្ន មានស្ត្រីតែប្រមាណ៣០នាក់ប៉ុណ្ណមកពិនិត្យផ្ទៃពោះ ខណៈកន្លងមកអាចមានដល់៥០នាក់ឯណោះ។

អ្នកស្រី អ៊ួច ស្រីមួយ ដែលកំពុងមានផ្ទៃពោះ៥ខែ បានទទួលការពិនិត្យផ្ទៃពោះ នៅក្នុងមណ្ឌលសុខភាព អ៊ី ទួនស៊ាង។ អ្នកម្ដាយដំបូងរូបនេះ បានឱ្យដឹងថា មូលហេតុដែលអ្នកស្រី ជ្រើសរើសទៅពិនិត្យ និងសម្រាលកូននៅទីនេះ ព្រោះមណ្ឌលសុខភាពនេះនៅជិតផ្ទះ ម្យ៉ាងគ្រូពេទ្យនៅទីនោះ បានប្រើផ្តល់នូវសេវាអប់រំល្អសុខភាពល្អ។ «ពេលទៅពិនិត្យសុខភាពលើកដំបូង អ្នកគ្រូពេទ្យនៅទីនោះ មានការស្វាគមន៍កក់ក្តៅ ហើយថែមទាំងបានអប់រំពីរបៀបថែទាំសុខភាព ការធ្វើតេស្តផ្សេងៗ និងការលេបថ្នាំគ្រាប់ជាតិដែក ឲ្យបានទៀងទាត់ទៀតផង» ។ នេះជាការបញ្ជាក់របស់អ្នកស្រី ស្រីមួយ។  


អ្នកស្រី អ៊ួច ស្រីមួយ ដែលកំពុងមានផ្ទៃពោះ៥ខែ បានទទួលការពិនិត្យផ្ទៃពោះ នៅក្នុងមណ្ឌលសុខភាព អ៊ី ទួនស៊ាង

ចំណែកអ្នកស្រី វណ្ណ មិនា ដែលជាពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល ក៏បានលើកពីទំនុកចិត្តរបស់ ក្នុងការទៅពិនិត្យផ្ទៃពោះ និងសម្រាលកូនទី២ នៅឯមណ្ឌលសុខភាព អ៊ី ទួនស៊ាង។ អ្នកស្រី បានរៀបរាប់បន្តទៀតថា ក្រៅពីផ្តល់សេវាពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃហើយ ពេលទៅពិនិត្យផ្ទៃពោះម្តងៗ គ្រូពេទ្យនៅទីនោះ តែងតែផ្តល់នូវការអប់រំ ដូចជាការលេបថ្នាំគ្រាប់ជាតិដែក និងណែនាំពីរបបអាហារប្រចាំថ្ងៃ។


អ្នកស្រី វណ្ណ មិនា ​ជាពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល ដែលបានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូនទី២ នៅ​មណ្ឌលសុខភាព អ៊ី ទួនស៊ាង


«នៅទីនោះគ្រូពេទ្យ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជួយសម្រាលកូន ហើយថែមទាំងមានទំនាក់ទំនងល្អ សម្តីរួសរាយរាក់ទាក់ទៀតផង»។ អ្នកស្រី វណ្ណ មិនា លើកឡើងដូច្នេះ និងបានបន្តដោយការលើកទឹកចិត្តឱ្យស្ត្រីមានផ្ទៃពោះដទៃទៀតប្រើប្រាស់សេវាពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ក្នុងតំបន់របស់ខ្លួនរស់នៅឲ្យបានទៀងទាត់ ដើម្បីតាមដានធានាសុវត្ថិភាពសុខភាពម្តាយ និងទារកក្នុងផ្ទៃ។

ជុំវិញការពិនិត្យផ្ទៃពោះនេះ អ្នកស្រីតុលា បានឱ្យដឹងថា នៅពេលពិនិត្យផ្ទៃពោះលើកដំបូងនៅមណ្ឌលសុខភាព គឺស្រ្តីនឹងទទួលបានសេវាពិនិត្យឈាមរកមេរោគអេដស៍ និងស្វាយ ដើម្បីកាត់បន្ថយការចម្លងពីម្តាយទៅកូន ការប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក ការតេស្តទឹកនោម គ្រាប់ឈាមក្រហម ធ្វើតេស្តជាតិស្ករ និងការចាក់វ៉ាក់សាំងការពារ តេតាណុសជាដើម។ ក្រៅពីនេះគ្រូពេទ្យ ក៏ណែនាំពីរបបអាហារដែលត្រឹមត្រូវដល់ស្រ្តីមានផ្ទៃពោះ  និងជួយណែនាំដល់សាច់ញាតិ របស់អ្នកមានផ្ទៃពោះ ដើម្បីឱ្យយល់ដឹងបន្ថែម ទាក់ទងទៅនឹងការថែទាំសុខភាពស្រ្តីមានផ្ទៃពោះផងដែរ។



អ្នកស្រី ង៉ែត តុលា ដែលជាពេទ្យឆ្មបនៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង ក៏បានបង្ហាញពីការតាំងចិត្តឲ្យអស់ពីលទ្ធភាព ដើម្បីជាទំនុកចិត្តដល់ពលរដ្ឋ ដែលមករកសេវាសុខភាពនៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង។ «ក្នុងនាមខ្ញុំជាគ្រូពេទ្យឆ្មបម្នាក់ និងថែមទាំងជាម្ដាយមួយរូបផងនោះ ខ្ញុំនឹងខិតខំប្រឹងប្រែង ជួយដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ឲ្យអស់ពីលទ្ធភាពដែលខ្ញុំមាន ដើម្បីធានាថាពួកគេ មានសុវត្តិភាពទាំងម្ដាយ ទាំងកូន»។ នេះជាការរៀបរាប់របស់ អ្នកស្រី ង៉ែត តុលា៕

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ

អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕


Tag:
 សុខភាព
  ជុំគ្រៀល
 ទឹកឈូ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com