ជាតិ
យុវជនសកម្ម សេវាល្អ
អ្នកស្រី​ បូរ៉េត៖ ចំណេះដឹង​​ពលរដ្ឋ និង​អន្តរាគមន៍​ទាន់ពេល​​ពីអាជ្ញាធរ ធ្វើឱ្យអំពើ​ហិង្សា​ក្នុង​ឃុំក្តី​ដូង​ថយចុះ
20, Aug 2021 , 1:59 pm        
រូបភាព
​ដោយ៖ យន តាន់អា(យុវជនឃុំក្តីដូង) 

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ អំពើហិង្សាក្នុងគ្រួសារចំនួន ៥ករណី បានកើតឡើងនៅក្នុងឃុំក្តីដូង នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចាប់តាំងពីដើមឆ្នាំ ដល់ខែកក្កដាឆ្នាំ២០២១នេះ។ ជនរងគ្រោះនៃអំពើហិង្សាទាំង៥ករណីនេះ សុទ្ធតែជាស្ត្រី ហើយមូលហេតុគឺដោយសារតែបញ្ហាជីវភាពគ្រួសារ។ នេះបើតាមអ្នកស្រី គឹម ចន្ទបូរ៉េ ជំទប់ទី២ នៃឃុំក្តីដូង។ បើតាមអ្នកស្រីជំទប់ឃុំ រាល់ពេលមានករណីអំពើហិង្សាកើតឡើង អាជ្ញាធរ ​តែងតែ​ខិតខំរកដំណោះស្រាយវិវាទទាំងនោះឱ្យទាន់ពេលវេលា និងសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី។ ​

 
ចាប់តាំងពីដើមឆ្នាំ មកទល់នឹងខែកក្កដា ឆ្នាំ២០២១នេះ អំពើហិង្សា និងវិវាទដែលបានកើតមាននៅក្នុងឃុំក្តីដូង នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចំនួន១១ករណី ក្នុងនោះ៥ករណីជាអំពើហិង្សាក្នុងគ្រួសារ និង៦ករណី ជាវិវាទដែលកើតឡើងដោយសារបំណុល វត្ថុបញ្ចាំ និងវិវាទដីធ្លី។ នេះបើតាម អ្នកស្រី គឹម ចន្ទបូរ៉េត ជាជំទប់ទី២ នៃឃុំក្តីដូង និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារនៅក្នុងឃុំផងដែរ។ 
 
អ្នកស្រី គឹម ចន្ទបូរ៉េត បានឱ្យទៀតថា ចំនួនអំពើហិង្សាដែលបានកើតឡើង គឺថយចុះ បើធៀបនឹងឆ្នាំកន្លងៗមកដែលបើតាម លោកអ្នកស្រីជំទប់ទី២ នៃឃុំក្តីដូង គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន រួមនឹងការដោះស្រាយដោយសន្តិវិធី ប្រកបដោយប្រសិទ្ធភាពពី​អាជ្ញាធរ និងភាគីពាក់ព័ន្ធ។ អ្នកស្រី គឹម ចន្ទបូរ៉េត រៀបរាប់ថា៖ «យើងអញ្ជើញគាត់មកសម្រុះសម្រួល ពន្យល់ពីនីតិវិធីអ្វីដែលគាត់ត្រូវអនុវត្ត ដោយមានកិច្ចសន្យា មានការព្រមព្រៀងពីពួកគាត់ ដែលគាត់អាចទទួលយកបាន។ ក្នុងករណីគាត់អត់ទទួល យើងបញ្ជូនគាត់ទៅរកសេវាផ្នែកច្បាប់ជាមួយអង្គការនានា ដូចជាមជ្ឈមណ្ឌលCWDCCជាដើម ដែលគេសហកាជាមួយខាងកិច្ចការនារីខេត្ត»​។


 
ទាក់ទងនឹង​​អំពើហិង្សាក្នុងគ្រួសារទាំង៥ករណី ដែលកើតឡើង អ្នកស្រី ចន្ទបូរ៉េត អះអាងថា ជនរងគ្រោះគឺសុទ្ធតែជាស្ត្រី ហើយមូលហេតុគឺ​ដោយសារតែបញ្ហាជីវភាព ក្នុងគ្រួសាររបស់ពលរដ្ឋ។ តែយ៉ាងណាក៏ដោយ អំពើហិង្សាដែលបានកើតឡើងទាំងនេះ គឺមិនមានបង្កជារបួសដល់រាងកាយជនរងគ្រោះនោះទេ។ នេះបើតាមអ្នកស្រី ជំទប់ឃុំ ដែលបញ្ជាក់ដូច្នេះថា៖«គាត់មានទំនាស់គ្នា ដោយសារតែសេដ្ឋកិច្ចថយចុះ ដោយសារគាត់រកមិនបាន អីមិនបានទៅ ចេះតែមានការរងុមរង៉ូវគ្នាតិចតួចអ៊ីចឹងទៅ។ យើងអប់រំគាត់ទៅ គាត់ទទួលយកគ្នាវិញទៅ អត់មានជាបញ្ហាធំដុំអីទេ! អត់មានទេកន្លែងខ្ញុំនោះ»។
 
ក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកទ្រទ្រង់ស្ត្រី និងកុមារ​នៅក្នុងឃុំ អ្នកស្រី គឹម ចន្ទបូរ៉េត អះអាងថា អាជ្ញាធរតែងព្យាយាមសម្របសម្រួល និងរកដំណោះស្រាយវិវាទទាំងអស់ដែលកើតឡើងក្នុងឃុំដោយ​សន្តិវិធី។ ​សម្រាប់អ្នកស្រីជំទប់ទី២ វ័យ៦៣ឆ្នាំរូបនេះ ទោះជាការងារដោះស្រាយវិវាទនានានៅក្នុងឃុំ ជួបប្រឈមនឹងការលំបាកបន្តិចក្តី ក៏ប៉ុន្តែអ្នកស្រី បូរ៉េ សប្បាយចិត្តព្រោះអ្នកស្រី បានចូលរួម​រកដំណោះស្រាយបញ្ហាជូនពលរដ្ឋ ពិសេសគឺស្ត្រី។ អ្នកស្រី បានប្តេជ្ញាចិត្តធ្វើកិច្ចការងារអប់រំផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់នៃ​អំពើហិង្សា ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីបង្កើនភាពសុខដុមរបស់ពលរដ្ឋនៅក្នុងឃុំក្តីដូងទាំងមូល៕
 
​(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទ​នេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)​ 
 

© រក្សាសិទ្ធិដោយ thmeythmey.com