ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោក ប៉ា ច័ន្ទរឿន៖«ត្រូវ​ច្បាស់​ពីគុណភាព​ផលិត​ផល ចៀស​វាង​ជឿ​តែ​លើតារា ​ឬបុគ្គល​​ល្បីផ្សព្វ​​ផ្សាយ​​»
16, Apr 2022 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ​អ្នក​ដែល​មាន​បំណង​ទិញ​​ផលិត​ផល​ថែរក្សា​សម្រស់​ ឬ​ផលិត​ផល​ថែរក្សា​សុខភាព​ និង​ផលិត​ផល​ផ្សេង​ៗ​ទៀត គួរ​​ស្វែងរក​ព័ត៌​មាន​លម្អិត​ ពី​គុណ​ភាព​របស់​ផលិត​ផល​ទាំង​នោះ​ឱ្យ​​បាន​ច្បាស់​ ដើម្បី​សុវត្ថិភាពសុខ​ភាព​ផ្ទាល់​ខ្លួន​​ ដោយ​ចៀសវាង​ការ​ផ្ដល់​ទំនុក​ចិត្តខ្ពស់​​តែ​ទៅ​លើ​បុគ្គល​ល្បី​ៗ ដែល​​ផ្សាយ​ផលិត​ផល​ទាំង​នោះ​។ នេះ​ជា​ការ​ក្រើន​រំឭក​របស់​លោកបណ្ឌិត​​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​។


 
លោកបណ្ឌិត​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ ថា​ ពលរដ្ឋត្រូវ​ជឿ​លើ​ឯកសារ​ផ្លូវ​ច្បាប់​ ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​គុណ​ភាព​ របស់​ផលិត​ផល​នីមួយ​ៗ​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លក់​ ដោយ​ចៀស​វាង​​ជឿតែ​​ទៅ​លើ​​តារា​ល្បី​​ ឬ​បុគ្គល​​មាន​កេរ្ដិ៍​ណា​មួយ​​ក្នុង​សង្គម។ 
 
លោក​បន្ថែម​ថា​ តារា​ល្បី​ឬ​បុគ្គល​មាន​កេរ្ដិ៍​ឈ្មោះ​ត្រូវ​បាន​គេ​ស្គាល់​​ខ្លះ​ អាច​ពុំ​បាន​ដឹង​ពី​គុណ​ភាព​ គុណ​សម្បត្តិ​ ឬ​គុណ​វិបត្តិ​របស់​ផលិត​ផល​​ ដែលពួក​គេ​កំពុង​​ផ្សព្វ​ផ្សាយ​នោះ គ្រប់​ជ្រុង​​ជ្រោយ​​ក៏​ថា​បាន​​​។ អ្នក​វិភាគ​សង្គម​រូប​នេះ​ព្រមាន​ថា​ ការ​ចេះ​តែ​ទិញផលិត​ផល​ ​ដោយ​មិន​បាន​ពិនិត្យ​លើ​គុណ​ភាព ឬ​ស្គាល់​​​ប្រភព​ផលិត​ផលច្បាស់​លាស់​​ នោះ​អាច​មាន​ផល​វិបាក​ទៅ​​ថ្ងៃ​ក្រោយ​ ទាំង​សុខ​ភាព​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ ក្នុង​រយៈ​ពេល​ខ្លី​និង​វែង​​ ខាត​បង់​ទាំង​ថវិកា​ និង​ខាត​ពេល​ធ្វើ​ការ​ងារ​ជាដើម​។
 
ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ តទៅ​នេះសូម​​​អស់​លោក​ លោក​ស្រី​ អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សាគុន​ ជា​មួយ​លោក​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ ដោយ​ក្ដី​រីក​រាយ​៖



 
លោក​ ប៉ា ច័ន្ទ​រឿ​ន​ ក៏​បាន​ដាស់​តឿនដល់​តារា​ឬ​បុគ្គល​សាធារណៈមួយ​ចំនួន​​ ដែល​ជា​មនុស្ស​ល្បី​ល្បាញ​មាន​គេ​ស្គាល់​ច្រើន​ថា​​ ​​ពួក​គេ​គួរ​តែ​ពិនិត្យ​មើល​កម្ម​វិធី ​ឬ​ការ​លក់​ផលិត​ផល​ដែល​ខ្លួន​ទៅ​ផ្សាយ​ឱ្យ​នោះ ថា​មាន​គុណ​ភាព​កម្រិត​ណា​ មាន​ការ​អនុវត្តិ​តាម​ច្បាប់​កម្រិត​ណា​ មុន​ទទួល​ផ្សាយ​ឱ្យ​ក្រុម​ហ៊ុន​​ឬ​យក​មក​លក់​បន្ត​ ព្រោះ​ពួក​គេ​​ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​​សង្គម​។
 
«បើ​កម្ម​វិធី​នោះ​ល្អ ផលិត​ផល​មាន​គុណភាព​ ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​ទេ នោះ​មិន​អី​ទេ ប៉ុន្តែ​ប្រសិ​ន​បើ​វា​ប៉ះ​ពាល់​សុខភាព​ ឬ​រំលោភ​ច្បាប់​ទៀត តារា​ឬ​បុគ្គ​ល​សាធារណនោះ​ អាច​ប្រឈម​មុខ​ទាំង​ផ្នែក​សីលធម៌​ និង​បញ្ហា​ផ្លូវ​ច្បាប់​ផង​ដែរ​។ ពួក​គាត់​អាច​ជា​អ្នក​ចូល​រួម​ចំណែក​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ឬ​លើក​កម្ពស់​​ការ​លក់​ផលិត​ផល​ក្លែង​ក្លាយ​ ឬ​​​សេវាកម្ម​ដែល​មិន​មាន​គុណ​ភាព»​។ នេះ​ជា​ការ​ពន្យល់​របស់​លោក​ ច័ន្ទ​រឿន​។​
 
បន្ថែម​ពី​នោះលោក ប៉ា ច័ន្ទរឿន បាន​ស្នើ​ដល់​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​ធ្វើការ​លើ​ការ​លើក​កម្ពស់​សុខុមាលភាពពល​រដ្ឋ​ ត្រូវ​តែ​ពិនិត្យ​មើល​ ​តាម​ដាន​ការ​ផលិត​ និង​ការចែ​ក​ចាយ​ផលិត​ផល​មួយ​ចំនួ​ន​ ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ប្រជា​ជន ​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង​។ បើ​មិន​ដូច្នោះ​ទេ សង្គម​នឹង​ប្រឈម​មុខ​ទាំង​ការ​ខាត​បង់​ផ្នែក​សេដ្ឋ​កិច្ច​ រួម​ទាំង​​បាត់​បង់​​សមត្ថភាពការ​ងារ​​ ដោយ​សារ​តែ​ជំងឺ​ដែល​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​ ពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​ក្លែ​ងក្លាយ ទាំង​បម្អូប​អាហារ ​គ្រឿង​បរិភោគ​ផ្សេង​ៗ និង​គ្រឿង​សម្អាង​​ ដែល​មិន​គោរព​តាម​ស្ដង់​ដា​វេជ្ជសាស្ត្រ​ និង​សុខ​សុវត្ថិភាព​​​ត្រឹម​ត្រូវ​៕​

Tag:
 ផលិត​ផល​
  តារា
© រក្សាសិទ្ធិដោយ thmeythmey.com