ជាតិ
យុវជនសកម្ម សេវាល្អ
សារព័ត៌មានថ្មីៗ និងអង្គការដៃគូ បន្តវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានដល់យុវជននៅពោធិ៍សាត់ តាមប្រព័ន្ធ Zoom
13, Sep 2021 , 1:00 pm        
រូបភាព
នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញានេះ សារព័ត៌មានថ្មីៗ ចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាល ជំនាញ«សរសេរព័ត៌មាន និងផលិតវីដេអូតាមទូរស័ព្ទ»ដល់យុវជនខេត្តពោធិ៍សាត់ចំនួន ៣៤នាក់។ ក្នុងបរិបទកូវីដ-១៩ វគ្គបណ្ដុះបណ្ដាលធ្វើឡើងតាមប្រព័ន្ធ Zoom  មានរយៈពេល២ថ្ងៃ កន្លះ គឺចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកញ្ញា ក្រោមកិច្ចសហការរៀបចំពីអង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។


ខេត្តពោធិ៍សាត់ ជាគោលដៅទីបួន នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ដោយកាលពីខែវិច្ឆិកា វគ្គបណ្ដុះបណ្ដាលដំបូង ត្រូវធ្វើឡើងនៅខេត្តកំពង់ធំ មានអ្នកចូលរួម២៥នាក់ បន្ទាប់មក ក្នុងខែ មករា ធ្វើឡើងនៅខេត្តកំពត មានអ្នកចូលរួមជាង៣០នាក់ និងខែកុម្ភៈ ធ្វើឡើងនៅខេត្តឧត្តរមានជ័យ មានអ្នកចូលរួម ៤៦នាក់។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ និងអង្គការដៃគូ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។
  


លោក គី សុខលីម សហស្ថាបនិក និងជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ បានលើកឡើងថា  វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់ដល់យុវជនសិក្ខាកាមទាំងអស់ ព្រោះប្រសិនយុវជនយកចិត្តទុកដាក់រៀនសូត្រ យុវជននឹងទទួលបានចំណេះដឹងជាច្រើន ជាពិសេសអាចក្លាយជាអ្នកសារព័ត៌មានជួយផ្សព្វផ្សាយសហគមន៍របស់ខ្លួន និងអាចក្លាយជាមន្រ្តី នៅតាមអង្គការក្រៅរដ្ឋាភិបាល , វិស័យរដ្ឋ ,ឯកជន ,អ្នកជំនួញ និងអ្នកនិពន្ធផងដែរ។ លោកបានបញ្ជាក់ថា៖«វគ្គបណ្ដុះបណ្ដានេះ នឹងផ្ដល់ចំណេះដឹងជំនាញសរសេរ វីដេអូ ក្រមសីលធម៌នៃការផ្សព្វផ្សាយ និងរូបភាពជូនគាត់»។
  


លោកស្រី ព្រី ផល្លីភួង នាយការអង្គការអភិវឌ្ឍន៍សំលេងសហគមន៍ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយបង្កើនសមត្ថភាពក្នុងការស្វែងយល់ពីសារសំខាន់នៃសារព័ត៌មាន ដល់សិក្ខាកាមទាំងអស់ ដើម្បីយកចំណេះដឹងនេះ ធ្វើឱ្យសេវាសាធារណៈរបស់ភូមិឃុំ កាន់តែប្រសើរតាមរយៈការរាយការនូវព័ត៌មានមានវិជ្ជាជីវៈ។ 



ដូចគ្នានេះដែរ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា  បានលើកឡើងថា បច្ចុប្បន្ន អ្នកសារព័ត៌មានប្រជាពលរដ្ឋមានច្រើន ដែលជាក្ដីបារម្ភក្នុងការបញ្ចេញព័ត៌មានមិនច្បាស់លាល់ទៅដល់សាធារណជន។  តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោក រំពឹងថា នឹងជាផ្នែកមួយជួយជំរុញឱ្យមានភាពប្រសើរក្នុងការបញ្ចេញព័ត៌មានដែលប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈ។
 


ដោយឡែក លោក ហុង រស្មី នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ និងផ្ដល់ចំណេះដឹងបន្ថែម អំពីរបៀបសរសេរ ព័ត៌មាន ។ លោក រំពឹងថា  សិក្ខាកាមទាំងអស់នឹងយល់កាន់តែច្បាស់ពីសិទ្ធអំណាចរបស់ខ្លួន ប្រើប្រាស់ចំណេះដឹងនេះឱ្យត្រូវនឹងគោលដៅ មានប្រសិទ្ធភាព  និងក្លាយជាយុវជនសកម្មជួយដល់សហគមន៍ខ្លួន។ 
 



ជាមួយគ្នានេះ លោកស្រី  ឆន ណាវី ទីប្រឹក្សា និងជាអគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន  បានលើកទឹកចិត្តឱ្យសិក្ខាកាមត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវប្រយ័ត្នកុំឱ្យក្លាយខ្លួនជា អ្នកបង្កផលប៉ះពាល់ដល់សិទ្ធអ្នកដទៃ។ លោកស្រី  ឆន ណាវី  បានបញ្ជាក់ដូច្នេះ៖ « ការប្រើប្រាស់ភាសាមួយម៉ាត់ៗ អាចវាយប្រហារដល់បុគ្គល ។ ដូចនេះខ្ញុំលើកទឹកចិត្តឱ្យសិក្ខាកាម សូមអានឱ្យបានច្រើននូវបទបញ្ជត្តិសារព័ត៌មាន»។  
  


គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ពោធិ៍សាត់ ជាខេត្តគោលដៅទីបួន នៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ កំពត និងឧត្តរមានជ័យ   មុនបន្តទៅកាន់បណ្តាខេត្តកោះកុង៕ 
 
 
 

Tag:
 វគ្គបណ្ដុះបណ្ដាល
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com