ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកស្រី អុន សុខនី ធ្លាប់ជាក្មេងបាក់ទឹកចិត្តទៅជាស្ត្រីរឹងមាំ រហូតក្លាយជានាយិកាអង្គការ Epic Arts
17, Apr 2022 , 6:59 pm        
រូបភាព
អ្នកស្រី អុន សុខនី ជានាយិកាប្រចាំប្រទេសនៃអង្គការ Epic Arts ដែលមានមូលដ្ឋាននៅខេត្តកំពត។ មានពិការភាពជើងម្ខាងតាំងពីអាយុ២ឆ្នាំ ដោយសារជំងឺគ្រុនស្វិតដៃជើង អ្នកស្រី សុខនី ដែលបច្ចប្បន្នមានវ័យ៣៩ឆ្នាំ បានតស៊ូជម្នះនឹងការរើងអើង ការសើចចំអក ពីអ្នកជុំវិញខ្លួនយ៉ាងច្រើន ទម្រាំអាចរើបម្រះពីការបាក់ទឹកចិត្ត និងសេចក្តីអស់សង្ឃឹម រហូតបានក្លាយទៅជាស្ត្រីដ៏រឹងមាំមួយរូប។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី អុន សុខនី អះអាងថា អ្នកស្រីពិតជាមោទកភាពខ្លាំងណាស់ ដែលបាន​ក្លាយជាអ្នកដឹកនាំអង្គការដូចបច្ចុប្បន្ន ពិសេសគឺបានជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់អ្នកមានពិការភាពដូចគ្នា។

 
អ្នកស្រី អុន សុខនី ត្រូវបានជ្រើសរើសឱ្យដឹកនាំ អង្គការ Epic Arts នៅក្នុងឆ្នាំ២០១៥។ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ អ្នកស្រី សុខនី ​មានពិការភាពជើងម្ខាងបង្កឡើងដោយជំងឺគ្រុនស្វិតដៃជើង តាំងពីអាយុ២ឆ្នាំមក។ អ្នកស្រី អុន សុខនី បានតស៊ូ ជម្នះឧបសគ្គច្រើនរាប់​មិន​អស់ ទម្រាំអាចកសាងជំនឿចិត្ត និងសមត្ថភាព រហូតដល់អ្នកឈរជើងយ៉ាងរឹងមាំសព្វថ្ងៃ។ ​នាយិកាអង្គការ Epic Arts បានបញ្ជាក់ថា ដំបូងឡើយខ្លួនក៏តូចចិត្តនឹងជីវិតដែរ ដែលត្រូវរស់នៅជាមួយនឹងពិការភាពនេះ។ តែដោយសារ​បណ្តាំរបស់ឪពុក ដែលតែងលើកចិត្តខ្លួន​ កុំឱ្យបោះបង់ចោលការសិក្សា និង​ស្របពេលដែលឪពុកម្តាយចែកផ្លូវគ្នា ផង អ្នកស្រី សុខនី ដែលកាលណោះមានអាយុប្រហែល១៥ឆ្នាំនោះ បានតាំងចិត្តជាថ្មី ​រើបម្រះខ្លួនពីភាពទន់ជ្រាយ និងបាក់ទឹកចិត្ត។ ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ យុវតី អុន សុខនី មិនចង់​ឱ្យខ្លួន ​ក្លាយជាបន្ទុកបន្ថែមរបស់ម្តាយ និងបងប្អូននោះឡើយ។
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី អុន សុខនី នាយិកាប្រចាំប្រទេសនៃអង្គការ Epic Arts ដូចទៅ៖ 



«ពេលដែលឪពុកម្តាយបែកបាក់គ្នា យើងមានទំនួលខុសត្រូវខ្ពស់ជាមួយបងប្អូន។ ធ្វើម៉េចឱ្យបានបាយហូប។ យើងប្រឹងប្រែងធ្វើអីក៏ដោយឱ្យបានបាយហូប។ អ៊ីចឹងទៅវាឱ្យខ្ញុំគិតថាអត់អាចនៅតែពឹងផ្អែក ខ្ញុំពិការហើយ ធ្វើអីអត់ទេ។ ខ្ញុំត្រូវធ្វើអីក៏ដោយឱ្យតែបានចំណូលជួយដល់ក្រុមគ្រួសារខ្ញុំ»។ 
 
គួបផ្សំនឹងកត្តាខាងលើនេះ អ្នកស្រី អុន សុខនី មានសំណាងបានស្គាល់អង្គការ Epic Arts នៅគ្រាដែលខ្លួន​ កំពុងសិក្សាជំនាញគ្រប់គ្រងធុរកិច្ច នៅសកលវិទ្យាល័យ។ បើតាមអ្នកស្រី អុន សុខនី អង្គការ Epic Arts ​បានបំផុសគំនិតរបស់អ្នកស្រី ឱ្យមាន​ជឿជាក់លើខ្លួន​ឯង ហើយ​ទទួលយកនូវភាពពិការរបស់ខ្លួន និងជាពិសេសគឺការជម្នះឧបសគ្គ​ ដើម្បីចាប់យកអ្វីដែលខ្លួនចង់​បាន។ 
 
 
ពីមនុស្សគ្មានក្តីស្រមៃ អ្នកស្រី សុខនី មានមោទកភាព ដែលបាន​ជម្នះឧបសគ្គរហូតក្លាយជាអ្នក​ដឹកនាំ
 
បើតាមអ្នកស្រី សុខនី ជនមានពិការភាព មិនសូវទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ កាលពីប្រមាណ៣០ឆ្នាំមុននោះ។ អ្នកស្រី សុខនី ក៏ត្រូវរស់នៅ​ក្នុងស្ថានភាពមួយដែលបាក់ទឹកចិត្ត អស់សង្ឃឹម រស់នៅមួយថ្ងៃ ដើម្បីមួយថ្ងៃ និងជាពិសេសជាមនុស្សដែលរស់នៅដោយគ្មានគោលដៅ គ្មានក្តីស្រមៃទាល់តែសោះ។ អ្នកដែលមានពិការភាព ដែលមានអាយុស្របាលនឹងអ្នកស្រី សុខនី ផ្សេងទៀត ក៏ជួបស្ថានភាព មិនខុសគ្នាប៉ុន្មានទេ។ 
 
​ទោះដឹកនាំអង្គការសិល្បៈ Epic Arts ប្រមាណ៦ឆ្នាំមកហើយក៏ដោយ ស្ត្រីវ័យ៣៩ឆ្នាំរូបនេះ សឹងតែមិនចង់ជឿ និង​នឹកស្មានសោះថាខ្លួន ​មានឱកាសធ្វើការងារជាអ្នកដឹកនាំដូចសព្វថ្ងៃ នោះទេ។ នាយិកាអង្គការ​ Epic Arts រូបនេះ ថ្លែងថា ខ្លួនពិតជាមានមោកទភាពនាស់ដែលបានធ្វើការងារដែលខ្លួនស្រឡាញ់ ហើយជាការងារដែលជួយដល់សង្គម និងពិសេសបានជួយដល់អ្នកដែលមានពិការភាពដូចគ្នាថែមទៀត។  

 
អ្នកស្រី អុន សុខនី ក៏មិនភ្លេចរំឭកគុណថ្នាក់ដឹកនាំអង្គការមុន​ដែលតែងតែផ្តល់ឱកាស និងពង្រឹងសមត្ថភាពរបស់អ្នកស្រី ហើយក៏ដឹងគុណចំពោះឧបសគ្គជីវិត ដែលខ្លួន​បាន​ឆ្លងកាត់កន្លងមកដែរ។ ​ធ្លាប់ជាជនរងគ្រោះពីការរើសអើងដោយសារតែពិការភាព អ្នកស្រី អុន សុខនី លើកទឹកចិត្តដល់អ្នកមានពិការភាពផ្សេងទៀត ពិសេសស្ត្រី កុំឱ្យផ្កេកផ្តួលទៅលើពិការភាព ហើយកុំបោះបង់ខ្លួនឯង។ មិនតែប៉ុណ្ណោះ នាយិកាស្ត្រីរូបនេះ ក៏ជំរុញឱ្យពួកគាត់ ផ្តល់តម្លៃទៅលើការសិក្សាអប់រំផងដែរ។ សម្រាប់អ្នកស្រី អុន សុខនី ការអប់រំ គឺជាចំណុចចាប់ផ្តើម​មួយសំខាន់មិនអាចខ្វះបាន សម្រាប់អ្នកដែលមានពិការភាព។ 
 
«សារដែលខ្ញុំមាន សុំខ្លួនយើង(អ្នកមានពិការភាព) សុំកុំបោះបង់ខ្លួនឯង។ ឱ្យចេះស្រឡាញ់ខ្លួនយើង ដែលជាយើង ព្រោះសំខាន់ណាស់ បើសិនជាយើងមិនអាចបញ្ចេញសំឡេងដែលយើងត្រូវការបាននៅក្នុងសហគមន៍របស់យើងបានទេ មិនមានអ្នកដទៃណាម្នាក់អាចជួយបន្ទរសំឡេងយើងបានទេ។ សំខាន់យើងមុនគេ ជាអ្នកកាន់ទង់ជាតិហ្នឹងថាត្រូវតែកុំរើសអើងជនពិការ»។ នេះជារៀបរាប់របស់អ្នកស្រី អុន សុខនី ដោយអ្នកស្រី ក៏​អំពាវនាវឱ្យ​ក្រុមគ្រួសារ​ និងសហគមន៍ជុំវិញ​ ផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់អ្នកមានពិការភាព ដើម្បីជំរុញស្មារតី ឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការតស៊ូ និងជម្នះឧបសគ្គនានានៅក្នុងជីវិត​៕
 

Tag:
 វីដេអូ
 ជីវព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com