ជាតិ
ស្រ្តីជនជាតិដើមភាគតិចឆ្នើម ១០រូប ក្នុងវិស័យជំនួញ អប់រំ និងជួយអភិរក្សកេរដំណែលដូនតា
10, Apr 2022 , 11:59 am        
រូបភាព
ភ្នំពេញ៖ នៅកម្ពុជាស្រ្តីជនជាតិដើមភាគតិច ដែលរស់នៅតំបន់ដាច់ស្រយាលជាច្រើន បានបង្ខំចិត្តបោះបង់ការសិក្សា និងមិនមានជម្រើសបង្កើតក្ដីស្រម៉ៃរបស់ខ្លួនឡើយ ហើយថែមទាំងត្រូវបានគេមើលរំលងសមត្ថភាពទៀតផង។ ដ្បិតហាក់មានការមើលរំលងពីសមត្ថភាព និងមិនសូវមានសំឡេងគាំទ្រច្រើន តែបច្ចុប្បន្នស្រ្តីជនជាតិដើមភាគតិចជាច្រើន បានប្រឹងប្រែងអភិវឌ្ឍចំណេះដឹង និងសមត្ថភាពជួយអភិវឌ្ឍសហគមន៍ខ្លួន ។ ចំណែកខ្លះទៀត បានរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិរក្សកេរដំណែងដូនតា ដូចជាម្ហូបអាហារ និងផលិតផលតម្បាញជាដើម។



សារព័ត៌មានថ្មីៗ សូមលើកយកស្រ្តីជនជាតិដើមភាគតិច ១០រូប ដែលលេចធ្លោ និងឆ្នើម



យុវតី សយ ពិសី ជាមន្រ្តីផ្នែកទំនាក់ទំនងនៅអង្គការមិនរកប្រាក់ចំណេញផ្តោតលើវិស័យអប់រំ United World School។ យុវតីជនជាតិភាគតិចព្រៅនៅខេត្តរតនគិរីរូបនេះ បានប្រឹងជម្នះរនាំងវប្បធម៌ និងក្តីលំបាកផ្នែកជីវភាពដើម្បីការសិក្សា រហូតចាប់បានឱកាសទៅសិក្សានៅប្រទេសន័រវែស និងសហរដ្ឋអាមេរិកថែមទៀត។ ក្រោយបញ្ចប់ការសិក្សា និងត្រឡប់មកស្រុកកំណើតវិញកាលពីឆ្នាំ ២០២០ នាងបានប្រើប្រាស់រឿងរ៉ាវជីវិតតស៊ូដើម្បីការសិក្សា និងចំណេះដឹងដែលខ្លួនមានពីបរទេស លើកទឹកចិត្តក្មេងៗស្រីៗនៅតាមភូមិឃុំដាច់ស្រយាលក្នុងខេត្ត និងចែករម្លែករឿងរ៉ាវជីវិតខ្លួន ដើម្បីជាកម្លាំងចិត្ត និងជួយកែប្រែវាសនាក្មេងៗស្រីដទៃទៀត ក្នុងសហគមន៍ដាច់ស្រយាល។ 
 


ជនជាតិដើមភាគតិចព្រៅ កាត់ឡាវ កញ្ញា កើន នីសា ជាអ្នកល្បុក្កតោនៅខេត្តរតនគិរី។ យុវតីវ័យ២០ឆ្នាំរូបនេះ បានចូលហ្វឹកហាត់ក្បាច់គុណល្បុក្កតោ តាំងពីចុងឆ្នាំ២០១៧ ដែលជាចំណង់ចំណូលចិត្តតាំងពីក្មេង។ យុវតីរូបនេះ បានបង្ហាញក្បាច់គុណល្បុក្កតោ នៅក្នុងកម្មវិធីធំៗជាច្រើន។ កញ្ញា កើន នីសា មានក្ដីរំភើប ដែលបានបង្ហាញសមត្ថភាពក្បាច់គុណ ឱ្យជនជាតិខ្មែរ និងជនជាតិភាគតិចទស្សនា។ យុវតី នីសា  បានរៀបរាប់ដូច្នេះ« ក្នុងនាមខ្ញុំជាជនជាតិដើមភាគតិចមួយរូប ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដែលសម្តែងក្បាច់គុណល្បុក្កតោខ្មែរនេះបាន»។ 
 


អ្នកស្រី យុន ម៉ាណេ ជាជនជាតិដើមភាគតិចព្នង ដែលមានភាពលេចធ្លោ នៅក្នុងចំណោមជនជាតិដើមភាគតិចជាច្រើន ។ អ្នកស្រី ម៉ាណេ ជាស្រ្តីម្នាក់ ដែលស្រលាញ់ការសិក្សារៀនសូត្រ។ ទោះកើតក្នុងគ្រួសារដែលមានជីវភាពលំបាក  និងត្រូវបោះបង់ការសិក្សាមួយទៅពីរដង តែស្រ្តីរូបនេះ បានប្រឹងប្រែងនិងជម្នះឧបសគ្គរៀនឱ្យបានចប់ចុងចប់ដើម។ អ្នកស្រី យុន ម៉ាណេ ក្លាយជាស្ត្រីជនជាតិភាគតិចព្នងដំបូងគេ ដែលបានរៀនចប់មហាវិទ្យាល័យ និងបានក្លាយជាគំរូដ៏ល្អបំផុត សម្រាប់ស្ត្រីជនជាតិដើមផ្សេងទៀត ឱ្យខិតខំរៀនសូត្រឲ្យបានខ្ពស់ដែរ។ បច្ចុប្បន្ន ស្រ្តីវ័យ៤១ឆ្នាំរូបនេះ ជាប្រធានក្រុមប្រឹក្សាភិបាលអង្គការជនជាតិដើមភាគតិច និងមានមុខតំណែង នៅក្នុងអង្គការសហប្រជាជាតិផងដែរ។
 


អ្នកស្រី ឡាត់ សុខឯម ជាជនជាតិដើមភាគតិចគ្រឹង នៅខេត្តរតនគិរី។ ស្រ្តីរូបនេះ ជាតួអង្គដ៏សំខាន់មួយរូប ដែលបាននាំយកសម្ល«ចាណាង» ជាមុខម្ហូបអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចគ្រឹង និងទំពួន ឱ្យមានភាពល្បីល្បាញ។ កាលពីឆ្នាំ២០១៩ ស្រ្តីជនជាតិដើមភាគតិចរូបនេះ បានយកសម្ល «ចាណាង» ទៅប្រកួតនៅក្នុងមហាស្រពសិល្បៈដណ្តាំសម្លម្ហូបអាហារលើកទី២០ និងមហោស្រពបង្ហាញទម្រង់ម៉ូតសម្លៀកបំពាក់លើកទី១៩ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយទទួលបានជ័យលាភីលេខ២។ 
 


ជនជាតិដើមភាគតិចព្នង អ្នកស្រី ប្រា ឌិន ជាអ្នកត្បាញកន្សែងក្រមា និងសម្លៀកបំពាក់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី និងបានបង្រៀនរបៀបត្បាញដល់យុវជនជំនាន់ក្រោយផងដែរ។ សម្រាប់អ្នកស្រី ប្រា ឌិន តម្បាញនេះ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នង។ ស្រ្តីវ័យ៤១ឆ្នាំរូបនេះ បានលះបង់ពេលវេលា បង្រៀនរបៀបត្បាញដល់ជនជាតិភាគតិចព្នងឥតយកកម្រៃ ព្រោះដើម្បីថែរក្សាតម្បាញប្រពៃណីនេះ ឱ្យរស់រានមានជីវិតយូរអង្វែង។ 
 
អ្នកស្រី ប្រា ឌិន បានរៀបរាប់ដូច្នេះ៖ «ខ្ញុំបង្រៀនឥតគិតថ្លៃទេ។ ឱ្យតែគេចង់រៀន អ៊ីចឹងយើងបង្រៀនពួកគាត់។ ទី១ ខ្ញុំស្រឡាញ់ការងារហ្នឹង។ ខ្ញុំចង់ចែកចាយឱ្យបងប្អូនផ្សេង ចេះដូចខ្ញុំដែរ។ យើងអត់ចង់ឱ្យបាត់បង់(តម្បាញ) និងឱ្យពួកគាត់ចេះ សម្រាប់ទៅប្រកបមុខរបរ»។  
 


មិនខុសពីអ្នកស្រី ប្រាឌិន អ្នកស្រី ប៉ោង ម៉ាត់ ជាជនជាតិដើមភាគតិចម្នាក់ ដែលបានអភិរក្សតម្បាញជនជាតិដើមភាគតិច។  អ្នកស្រី ប៉ោង ម៉ាត់ ជាប្រធានក្រុមតម្បាញជនជាតិដើមភាគតិច នៅខេត្តរតនគិរី។ សម្រាប់ស្រ្តីវ័យ ៤៥ឆ្នាំរូបនេះ ការបង្កើតក្រុមតម្បាញនេះឡើង គឺដើម្បីបង្រៀនកូនចៅជំនាន់ក្រោយឱ្យចេះត្បាញ និងចង់ផ្សព្វផ្សាយក្រមា សម្លៀកបំពាក់ជនជាតិដើមភាគតិច ខណៈដែលផលិតតម្បាញនេះ ប្រឈមនឹងការបាត់បង់។ «ពីដើមពួកខ្ញុំត្បាញរៀងខ្លួនតាមគ្រួសារ ឥលូវខ្ញុំបង្កើតក្រុម ដើម្បីលក់ផលិតផលអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចទំពួន។ បើយើងអត់ត្បាញទេ យើងអត់ខំ អត់ពង្រីកអត្តសញ្ញាណហ្នឹង ខ្លាចក្មេងជំនាន់ក្រោយអត់ស្គាល់»។ នេះជាការបញ្ជាក់របស់ អ្នកស្រី ប៉ោង ម៉ាត់។ 
 
បើតាម អ្នកស្រី ម៉ាត់ ការបង្កើតក្រុមតម្បាញនេះ បានធ្វើឱ្យផលិតផលតម្បាញរបស់ជនជាតិដើមភាគតិចទំពួន មានទីផ្សារលក់ជាងមុន ដោយក្នុងមួយខែអ្នកត្បាញទាំងនោះ អាចរកចំណូលបាន២០០ដុល្លារ។ 
 


យុវតី យើន ណារ័ត្ន ជាសមាជិកក្រុមតំណាងក្មេងជំទង់ និងយុវជន(AYRG) ដែលជាគម្រោងទប់ស្កាត់ការរៀបការវ័យក្មេងនៅខេត្តរតនគិរី។ យុវតីជនជាតិដើមភាគតិចទំពួនរូបនេះ បានខ្នះខ្នែងផ្សព្វផ្សាយពីបញ្ហាដែលបណ្ដាលមកពីការរៀបការវ័យក្មេងពេក ក្នុងសហគមន៍ខ្លួន។ ធ្លាប់ត្រូវបានឱពុកម្ដាយ បង្ខំឱ្យរៀបការ ណារ័ត្នមិនចង់ឃើញក្មេងស្រីនៅក្នុងសហគមន៍ខ្លួន ត្រូវបានដាក់គំនាបពីគ្រួសារឡើយ។ យុវតីមានវ័យ១៩ឆ្នាំរូបនេះ បានចូលរួមជាមួយAYRG ព្រោះចង់ឱ្យឪពុកម្ដាយក្នុងសហគមន៍ បានយល់ដឹងពីបញ្ហាប្រឈម នៃការរៀបការវ័យក្មេង និងឈប់បង្ខំឱ្យកូនស្រីរៀបការទៀត។ 
 
កញ្ញា យើន ណារ័ត្ន បានរៀបរាប់ដូច្នេះ«ខ្ញុំបានជួយដល់សហគមន៍ ដូចជាការផលិតវីដេអូអប់រំ និងចុះផ្សព្វផ្សាយតាមភូមិ ពីផលលំបាក នៃការរៀបការវ័យក្មេង។ ពេលពួកខ្ញុំចុះផ្សព្វផ្សាយ និងបញ្ចាំងវីដេអូហ្នឹង ពួកគាត់មានអារម្មណ៍ភ័យខ្លាច  ហើយឪពុកម្ដាយខ្លះ ក៏ចាប់ផ្ដើមយល់ ហើយឱ្យកូនពួកគាត់រៀនបន្ត»។ 
 


កញ្ញា សុទ្ធ ហ៊ុនម៉ាលី ជាម្ចាស់ភោជនីយដ្ឋានមួយ នៅខេត្តមណ្ឌលគិរីឈ្មោះថា«ស្នាដៃកូនជនជាតិព្នងខេត្តមណ្ឌលគិរី»។ ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីរូបនេះ បានបង្កើតអាជីវកម្មនេះ ឡើងដើម្បីបង្ហាញមរតកដូនតាជនជាតិដើមភាគតិច ទៅដល់ទេសចរទាំងជាតិ និងអន្តរជាតិ។ លើសពីកន្លែងបង្ហាញម្ហូបអាហារដ៏សម្បូរបែប កញ្ញា ម៉ាលី ក៏បានយករបស់ប្រើប្រាស់របស់ជនជាតិដើមភាគតិច ដូចជា ឃ្លោក កាផា ស្បូវ បំពង់ឫស្សី ស្រាពាង និងសម្លៀកបំពាក់ ដាក់តុបតែងក្នុងហាង ដើម្បីបង្ហាញដល់ទេសចរផងដែរ។ «ខ្ញុំចង់លើកស្ទួយ និងអភិរក្សវប្បធម៌ជនជាតិដើមភាគតិចព្នង និងការអភិរក្សសម្លៀកបំពាក់ របាំ ម្ហូប ទុកឱ្យក្មេងៗជំនាន់ក្រោយ»។
 


កញ្ញា ម៉ែល ស្រីពិ ជាមេចុងភៅដ៏ចំណាននៅភោជនីយដ្ឋានមួយនៅខេត្តមណ្ឌលគិរី ។ ផ្ដើមការងារពីអ្នករត់តុ អ្នករៀបចំបន្ទប់ លាងចាន និងកូនកាំបិត ស្រ្តីជនជាតិដើមភាគតិចមានស្រុកកំណើតនៅរតនគិរីរូបនេះ បានវិវត្តន៍ខ្លួន រហូតក្លាយជាមេចុងភៅនៅភោជនីដ្ឋានជនជាតិដើមភាគតិច នៅខេត្តមណ្ឌកលគិរី។ កញ្ញា ម៉ែល ស្រីពិ បានរៀបរាប់ថា៖ «ខ្ញុំរត់តុរយៈពេលមួយឆ្នាំ បន្ទាប់មកខ្ញុំសុំគេចូលចង្ក្រានខ្ញុំឃើញគេធ្វើម្ហូបឆ្ងាញ់  ហើយប្លែកៗ ខ្ញុំចង់ចេះ ព្រោះខ្ញុំជាជនជាតិដើមភាគតិចមិនសូវស្គាល់មុខម្ហូប ។ ពេលខ្ញុំចូលចង្ក្រានភ្លាមខ្ញុំសប្បាយចិត្តព្រោះគោលបំណងខ្ញុំ ចង់ចេះធ្វើម្ហូប»។
 
មានបទពិសោធន៍ជាង១០ឆ្នាំ ស្រ្តីវ័យ៣១ឆ្នាំរូបនេះ  អាចធ្វើម្លូបបាន៥ ជាតិសាសន៍ដូចជា ម្ហូបជនជាតិដើមភាគតិច ម្ហូបខ្មែរ ម្ហូបថៃ ម្ហូបឡាវ និងម្ហូបអឺរ៉ុប។
 

ជនជាតិដើមភាគតិចកាចក់ រចំ ឡោមធារ៉ា ជាគ្រូបង្រៀនមតេ្តយ្យនៅសហគមន៍ភូមិណាយ ខេត្តរតនគិរី។ ដ្បិតរៀនបានត្រឹមថ្នាក់ទី៦ តែយុវតីវ័យ២៣ឆ្នាំរូបនេះ បានប្រឹងប្រែងបង្រៀនយ៉ាងលំបាក ដើម្បីឱ្យក្មេងៗក្នុងសហគមន៍យល់ដឹងពីប្រយោជន៍នៃការអប់រំ និងបញ្ហាអនាម័យ។ សម្រាប់យុវតីរូបនេះ ការបង្រៀនក្មេងៗនៅកម្រិតមតេ្តយ្យសិក្សាគឺសំខាន់ណាស់ ព្រោះធ្វើឱ្យក្មេងៗមិនមានភាពភ័យខ្លាច និងខ្លាចសាលាពេលចូលរៀនថ្នាក់បឋមសិក្សា។ កញ្ញា ឡោមធារ៉ា បានបញ្ជាក់ដូច្នេះ៖  «យើងបង្រៀនគាត់ចេះសីលធម៌ជម្រាបសួរ គាត់ចេះអាម័យខ្លួន មួយទៀតគាត់ចេះគោរពចាស់ទុំ» ៕
 
 
 
 

Tag:
 ជនជាតិដើមភាគតិច
 ស្រ្តីឆ្នើម
 អត្ថបទចុងឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com