ជាតិ
យុវជនសកម្ម សេវាល្អ
ការផ្តល់សេវាសាធារណៈក្នុងឃុំជុំគ្រៀលនៅតែដំណើរការល្អ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩
07, Jan 2022 , 8:59 am        
រូបភាព
ដោយ៖ ទូច ស្រីពេជ្រ (យុវជនឃុំជុំគ្រៀល) 
 
កំពត៖ ការប្រើប្រាស់សេវា នៅរដ្ឋបាលឃុំ​ជុំគ្រៀល ដែលជាឃុំមួយស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំព​ត​​​នៅតែមានដំណើរការល្អប្រសើរ បើទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ក៏ដោយ។ នេះជាការបញ្ជាក់អះអាងរបស់លោក ហៃ សេង មេឃុំជុំគ្រៀល ប្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋ នៅក្នុងឃុំជុំគ្រៀល។

 
 
បើតាមលោក ហៃ សេង សេវារដ្ឋបាលក្នុងឃុំជុំគ្រៀលមានចំនួន ២៣ប្រភេទ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ជាង ១ ៣០០គ្រួសារ ឬស្មើនឹងជិត ៥ ៥០០នាក់ក្នុងឃុំនេះ។ ក្នុងចំណោមសេវាទាំងនោះ មានចំនួន១០ប្រភេទសេវា ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន និងចំនួន១៣ប្រភេទសេវា ពាក់ព័ន្ធនឹងការចេញលិខិតអនុញ្ញាតផ្សេងៗ។
 
សេវារដ្ឋបាលទាំង២៣ប្រភេទនេះ ភាគច្រើនតម្រូវឱ្យពលរដ្ឋរង់ចាំរយៈពេល ៣ថ្ងៃ និងមួយចំនួនទៀត ត្រូវរង់ចាំដល់ទៅ៧ថ្ងៃ ទើបអាចមកទទួលយកលិខិតបញ្ជាក់ពីអាជ្ញាធរ យកទៅប្រើការបាន។ ប៉ុន្តែដោយសារតែបង្កើនប្រសិទ្ធភាពសេវាលឿន រហ័ស ដល់ប្រជាពលរដ្ឋក្នុងឃុំខ្លួន លោក ហៃ សេង​ តែងតែណែនាំឱ្យមន្ត្រីខ្លួន ឱ្យពន្លឿនការផ្តល់សេវាជូនពលរដ្ឋ និងមិនទុកឱ្យពលរដ្ឋ រង់ចាំដល់ថ្ងៃកំណត់នោះទេ។ «យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យពលរដ្ឋទទួលបានសេវាឆាប់រហ័ស។ នៅតារាងយើងដាក់ថា ឯកសារចុះសំបុត្រកំណើតអ៊ីចឹង រយៈពេលប៉ុន្មានថ្ងៃ? ជួនកាលមានការស្នើសុំផ្សេងៗច្រើនពេក ក៏យើងសម្រេចឱ្យគាត់មិនលើស៣ថ្ងៃទេ។ បើកាលណាអត់ច្រើនទេ យើងធ្វើឱ្យគាត់ភ្លាម មិនបាច់ឱ្យគាត់ចាំទេ។ យ៉ាងច្រើន ១០-២០នាទី អីបានហើយ»។ នេះជាការរៀបរាប់របស់លោកមេឃុំ ​ ហៃ សេង​។ 
 

 
​ពលរដ្ឋ ជុំវិញការទៅទទួលសេវា នៅរដ្ឋបាលជុំ ត្រូវបានលោក មើលឃើញថា ប្រជាពលរដ្ឋភាគច្រើន មានការយល់ដឹងអំពីនីតិវិធី និងបានដឹងជាស្រេចអំពីឯកសារអមពាក់ព័ន្ធ ដែលខ្លួនត្រូវភ្ជាប់ នៅពេលស្នើសុំសេវានានា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏យល់ដឹងពីតម្លៃសេវាដែលខ្លួនត្រូវបង់  និងរយៈពេលដែលខ្លួនត្រូវទទួលបានឯកសារស្នើសុំនោះ យកទៅប្រើប្រាស់ផងដែរ។ 
 
សម្រាប់លោកមេឃុំ ការបិទតារាងតម្លៃសេវានីមួយៗ ក៏ដូចជារយៈពេលកំណត់នៃការផ្តល់សេវារួចរាល់ នៅសាលាឃុំយ៉ាងដូច្នេះ ក៏ជាការចូលរួមចំណែក ក្នុងការកសាងភាពស្អាតស្អំ នៅក្នុងការដំណើរការនៃការផ្តល់សេវារបស់មន្ត្រីរដ្ឋបាលឃុំ ទៅកាន់ពលរដ្ឋផងដែរ។ នេះជាការបញ្ជាក់របស់លោក ហៃ សេង ដោយលោកមេឃុំបញ្ជាក់ដូច្នេះ៖ «គាត់បានអរគុណ ព្រោះគាត់ដឹងហើយ មន្ត្រីយើងប្រាប់ថាសេវាហ្នឹង អត់អស់ថ្លៃសេវាទេ។ គាត់ដឹង! តារាងថ្លៃសេវា ដាក់ប៉ុនណាណី នៅសាលាឃុំ»។
 

 
យ៉ាងណាក៏ដោយ ក្នុងអំឡុងវិបត្តិកូវីដ-១៩ លោកមេឃុំ ក៏បានឱ្យដឹងដែរថា ការផ្តល់សេវាសាធារណៈមួយចំនួនបានថយចុះ ដូចជាការចុះលិខិតអាពាហ៍ពិពាហ៍ និងការផ្តល់លិខិតបញ្ជាក់ភាពនៅលីវជាដើម។ ការថយចុះ ព្រោះតែអំឡុងកូវីដ-១៩ រីករាលដាលខ្លាំង រដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីអាពាហ៍ពិពាហ៍ បុណ្យទាន ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន។ លោកមេឃុំបន្ថែមថា៖ «ក្នុងអំឡុងពេលនៃការកើតកូវីដ-១៩ហ្នឹង ថយចុះដោយសារថា យើងបិទរៀបចំពិធីការ ណិងបុណ្យទានអ៊ីចឹង វាថយចុះអស់ហ្នឹង។ ចំណែកសេវារដ្ឋបាលផ្សេងពីហ្នឹង គឺដំណើរការធម្មតាទេ ព្រោះជាតម្រូវការចាំបាច់ ដូចសំបុត្រកំណើតអ៊ីចឹង មិនអាចហួសពេលវេលាបានទេ ព្រោះគេកំណត់ថា កើតមិនឱ្យហួស១ខែ។ ស្លាប់​មិនឱ្យហួស១៥ថ្ងៃ»។
 
ក្នុងនាមជាមេឃុំជុំគ្រៀល លោក សេង ហៃ បានប្តេជ្ញាជំរុញ និងលើកទឹកចិត្តមន្ត្រីរបស់ខ្លួន ឱ្យបង្កើន និងពន្លឿនការផ្តល់សេវារដ្ឋបាល ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត​៕
 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
​(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទ​នេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)​ 

Tag:
 សេវាសាធារណៈ
 ឃុំជុំគ្រៀល
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com