ជាតិ
កូនឈើចម្រុះ រំដេញ រាំងទឹក ឫស្សីផ្អែម ពីងពង់ ជាង៦ពាន់ដើម ត្រូវបានដាំនៅព្រៃលិចទឹកខេត្តកំពង់ឆ្នាំង
17, Jan 2022 , 9:29 am        
រូបភាព
អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយក្រសួងបរិស្ថាន បានដាំកូនឈើចម្រុះ ដូចជា កូនរំដេញ សណ្ដាន់ រាំងទឹក ឫស្សីផ្អែម និងពីងពង់ ចំនួន ៦ ៧៣៥ដើម លើផ្ទៃដី ៥០ហិកតា នៅព្រៃលិចទឹកក្នុងតំបន់៣ ខេត្តកំពង់ឆ្នាំង។ ការដាំឡើងវិញនេះ គឺដើម្បីស្តារព្រៃលិចទឹកតាមតំបន់៣នៃបឹងទន្លេសាប និងពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះ។

 
លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ដើមឈើទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ជាទីជម្រកត្រីពងកូន និងជាចំណីសត្វគ្រប់ភេទ ជាពិសេស គឺផ្តល់ផលបន្លែ សម្រាប់ពលរដ្ឋបរិភោគ និងអាចយកទៅលក់ ដើម្បីបង្កើនជីវភាព។ 


 រូបភាពពីក្រសួងបរិស្ថាន 
 
ជាមួយគ្នានេះ លោក សុខ គាង ក៏បានលើកទឹកចិត្តដល់ អាជ្ញាធរ និងពលរដ្ឋ ត្រូវសហការ ជាមួយនិងមន្ត្រីឧទ្យាននុរក្ស ដើម្បីថែរក្សា ព្រៃលិចទឹក ដែលបានដាំនាពេលនេះ ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងចូលរួមទប់ស្កាត់កំអោយមានជនខិលខូចកាប់ទ្រន្ទាន។  «ការចូលរួមថែរក្សា ការពារអភិរក្ស ធនធានធម្មជាតិ ទាំងរុក្ខជាតិ និងសត្វព្រៃ ដើម្បីយើងទាញយកផលប្រយោជន៍សេដ្ឋកិច្ច មកវិញតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា»។ នេះ ជាការបញ្ជាក់របស់ លោក សុខ គាង។ 


រូបភាពពីក្រសួងបរិស្ថាន 

គួរជម្រាបថា ព្រៃលិចទឹកតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃដីសរុប ប្រមាណ ៧៥ ០២៧,១២ ហិកតា គ្របដណ្តប់លើស្រុកចំនួន៣ ស្មើ ១៥ឃុំ ក្នុងនោះ មានស្រុកកំពង់លែង ស្រុកបរិបូរណ៍ និងស្រុកជល់គីរី៕ 
 

Tag:
 ដាំកូនឈើ
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com