ជាតិ
សម្តេច ហ៊ុន សែន ជ័យលាភីពានកិត្តិយសពិសេសនៃពានរង្វាន់សន្តិភាពស៊ុនហាក់ប្រចាំឆ្នាំ២០២២
12, Feb 2022 , 12:42 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (The 2022 Founder’s Special Honorary Award of the Sunhak Peace Prize) របស់អង្គការសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF។  ពានរង្វាន់នេះ ផ្ដល់ជូនក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ។



សម្តេច ហ៊ុន សែន ទទួលបានពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកឆ្នាំ២០២២ នៃពានរង្វាន់ «សន្តិភាពស៊ុនហាក់» ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍ និងការចូលរួមចំណែកចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ រីឯម្ចាស់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ គឺលោកស្រី Dame Sarah Catherine Gilbert អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា។

ក្នុងពិធីទទួលពានរង្វាន់នេះ សម្ដេច ហ៊ុន សែន បានសម្ដែងការដឹងព្រះរាជគុណជាដំបូងចំពោះសម្ដេចព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតា និងសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់ស្មារតីនៃសាមគ្គីជាតិខ្មែរ។

ក្រៅពីនេះ សម្តេចនឹកគុណ និងអរគុណដល់ក្រុមគ្រួសារ មេដឹកនាំ និងសមាជិករដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា គោលនយោបាយឈ្នះឈ្នះ បានជំរុញឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ និងរក្សាបាននូវសន្តិភាពរយៈពេលជាង២០ឆ្នាំមកហើយ។ តាមរយៈសន្តិភាពនេះ ធ្វើឱ្យរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការអភិវឌ្ឍជាតិ ខណៈប្រជាជនទទួលបានផលប្រយោជន៍ និងកាលានុវត្តភាពនានាពីសន្តិភាព និងការអភិវឌ្ឍ។  
សម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៖« តាមរយៈបទពិសោធន៍របស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសនិ្តភាព គ្មានក្ដីសង្ឃឹម ។ គ្មានក្ដីសង្ឃឹមគ្មានការអភិវឌ្ឍ ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»។

ពានរង្វាន់«សន្តិភាពស៊ុនហាក់» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយលោកស្រីបណ្ឌិត Hak Ja Han Moon ភរិយារបស់លោក Sun Myung Moon (ស្លាប់ឆ្នាំ២០១២) ជាមេដឹកនាំសាសនាមួយ នៅប្រទេសកូរ៉េ ដែលធ្វើសកម្មភាពសង្គម ដើម្បីសន្តិភាព។ ពានរង្វាន់នេះ ផ្តល់ជូនបុគ្គល ដែលមានស្នាដៃលេចធ្លោ ក្នុងការចូលរួមដោះស្រាយបញ្ហាជម្លោះ ,អភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ រួមទាំងការអភិរក្ស និងការពារធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីជាដើម។ ពានរង្វាន់ នឹងផ្ដល់ជូនបុគ្គលឆ្នើមនៅលើពិភពលោក រៀងរាល់២ឆ្នាំម្ដង ដោយភ្ជាប់ជាមួយមេដាយ និងទឹកប្រាក់១លានដុល្លារ។

ចាប់ពីតាំងបង្កើតពានរង្វាន់នេះមក មានបុគ្គលសំខាន់៨រូបហើយ ដែលទទួលបានពាន ក្នុងនោះមាន លោក Anote Tong ប្រធានាធិបតី Kiribati និងលោកបណ្ឌិត M. Vijay Gupta អ្នកជីវវិទូ និងជលផលឥណ្ឌា នៅឆ្នាំ២០១៥។ លោកបណ្ឌិត Gino Strada ស្ថាបនិកអង្គការវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អន្តរជាតិ និងលោកស្រីបណ្ឌិត Sakena Yacoohi ស្ថាបនិកកម្មវិធីអប់រំជនភៀសខ្លួន និងសាលារៀនក្រោមដី នៅឆ្នាំ២០១៧។ លោកបណ្ឌិត Akinwumi Ayodeji Adesina ប្រធានធនាគាអភិវឌ្ឍន៍អាហ្វ្រិក, លោកស្រី Waris Dirie អ្នកសិល្បៈ និងជាសកម្មជនសង្គមនៅសុម៉ាលី នៅឆ្នាំ២០១៩។ ចុងក្រោយប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall និងបុព្វជិតប៉ាឡេស្ទីន Bishop Muhib Younan នៅឆ្នាំ២០២០។
 
បើគិតចាប់ពីឆ្នាំ១៩៩៦មក សម្ដេច ហ៊ុន សែន ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ក្នុងនោះ ពានរង្វាន់សន្តិភាពពិភពលោកដែលផ្តល់ដោយបណ្ឌិតសភាសន្តិភាពពិភពលោក (World peace Academy) នៅឆ្នាំ១៩៩៦ ។ ៥ឆ្នាំក្រោយមក ប្រមុខរដ្ឋាភិបាល ទទួលបានពានរង្វាន់លើកស្ទួយពិភពលោកដោយបេះដូងតែមួយ ពីមជ្ឈមណ្ឌល ស្រ៊ី ជីនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ (Sri Chin moy of the international Peace center) នៅឆ្នាំ២០០១។

ក្រោយមកមជ្ឈមណ្ឌលស្រ៊ី ជីនម៉យ ដដែលនេះ បានប្រគល់ពានរង្វាន់ថ្នាក់ខ្ពស់មួយទៀត នៅឆ្នាំ២០០៥ ឈ្មោះថា យ៊ូថេនសន្តិភាព(The U Thant Pease award) ។ ក្នុងឆ្នាំ២០១៦ សម្ដេច ក៏ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី។

ឆ្នាំ២០១៩ សម្ដេច ហ៊ុន សែន ក៏ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល(Universal Peace Federation) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងនេះដែរ ។ កាលណោះ អ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon) ស្ថាបនិកអង្គការនេះ ជាអ្នកប្រគល់ឱ្យសម្ដេច ហ៊ុន សែន ផ្ទាល់ នាវិមានសន្តិភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com