ជាតិ
យុវជនសកម្ម សេវាល្អ
វគ្គបណ្តុះបណ្តាលលើកទី២ លើការសរសេរព័ត៌មាន និងផលិតវីដេអូតាមទូរសព្ទ នៅខេត្ត​ឧ​ត្តរមានជ័យ
23, Feb 2022 , 9:58 am        
រូបភាព
ឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ សារព័ត៌មានថ្មីៗបានផ្តល់ការបណ្ដុះបណ្ដាលលើកទី២ លើជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជនចំនួន៣០នាក់ មកពីខេត្តឧត្ដរមានជ័យ សៀមរាប និងកំពង់ធំ។ វគ្គបណ្ដុះបណ្ដាល​នេះ ​ត្រូវបានរៀបចំឡើងនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការរៀបចំពីអង្គការអាក់សិនអេតប្រចាំកម្ពុជា ​ អង្គការតម្លាភាពកម្ពុជា ​និងក្រុមប្រឹក្សាយុវជនកម្ពុជា ​ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។

 
 
វគ្គបណ្តុះបណ្តាលលើកទី២ជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» មានរយៈពេល២ថ្ងៃ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វគ្គបណ្តុះបណ្តាលើលើកទី២នេះ គឺជាការរំលឹកមេរៀន និងពង្រឹងចំណេះនៃការសរសេរព័ត៌មាន ការសម្ភាស ការថតវីដេអូ និងការកាត់វីដេអូតាមទូរសព្ទដៃបន្ថែម ដល់យុវជន៣០នាក់ ដែលមកពីខេត្តឧត្តរមានជ័យ ​​សៀមរាប និងខេត្តកំពង់ធំ។ 
 
កញ្ញា គង់ ស្រីលាប មន្រ្តីសិទ្ធិស្រី្តនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា បានលើកទឹកចិត្តយុវជន ឱ្យយកចិត្តទុកដាក់រៀនសូត្រលើការសរសេរអត្ថបទ និងការកាត់វីដេអូតាមទូរសព្ទដៃ។ កញ្ញាសង្ឃឹមថា យុវជននឹងទទួលបានប្រើចំណេះដឹង ដែលទទួលបានក្រោយរៀនវគ្គបណ្តុះបណ្តាលលើកទី២នេះ ទៅអនុវត្តដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងសហគមន៍។


 កញ្ញា គង់ ស្រីលាប មន្រ្តីសិទ្ធិស្រី្តនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា

ជាមួយគ្នានោះ លោក រ៉ម ទឿត ប្រធានកម្មវិធី​របស់អង្គការក្រុមប្រឹក្សាយុវជន​ ប្រចាំខេត្តឧត្តរ​មានជ័យ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ជាឱកាសមួយដ៏សំខាន់ ដែលសិក្ខាកាម គួរយកចិត្តទុកដាក់រៀនសូត្រ។ លោក រ៉ម ទឿត សង្ឃឹមថា ​ចំណេះដឹងដែលយុវជនទទួលបានបន្ថែមពីវគ្គបណ្តុះបណ្តាល នឹងរួមចំណែកជំរុញឱ្យការផ្តល់សេវាសាធារណៈក្នុងសហគមន៍របស់ពួកគេកាន់តែប្រសើរ​។ លោក រ៉ម ទឿត បញ្ជាក់ដូច្នេះ៖​«វាជាបទពិសោធន៍មួយ ក៏ដូចជាស្ពានមួយដែលប្អូនអាចរកការងារបានល្អ ព្រោះប្អូនទៅដាក់ការងារនៅកន្លែងណា គេសួរថាប្អូនមានបទពិសោធន៍អ្វីខ្លះ មានកម្រិតអប់រំអ្វីខ្លះ អាចកាន់កាប់ការងារនោះបានទេ? ដូច្នេះ យុវជនយើងគួរតែមានសុបិន ហើយខំសិក្សាស្រាវជ្រាវ»។ 
  
លោក រ៉ម ទឿត ប្រធានកម្មវិធីនៃអង្គការក្រុមប្រឹក្សាយុវជន(YCC) ប្រចាំខេត្តឧត្តរមានជ័យ

​គួរកត់សម្គាល់ថា ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក វ៉ាន ប៉ិក ប្រធានក្រុមប្រឹក្សាឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បានចែករំលែកពីការផ្តល់សេវាសាធារណៈ ដល់សិក្ខាកាមផងដែរ។ លោកបានលើកឡើងអំពីការធ្វើបណ្ណក្រីក្រ ចុះបញ្ជីអត្រានុកូលដ្ឋានជូនពលរដ្ឋក្នុងឃុំសង្កាត់ និងណែនាំពលរដ្ឋ ឱ្យយល់ដឹងអំពីសារៈសំខាន់ នៃការធ្វើធ្វើអត្រានុកូលដ្ឋាន។ ក្រៅពីនេះ លោកក៏បានផ្សព្វផ្សាយ និងណែនាំសិក្ខាកាម ឱ្យយល់ដឹងពីបញ្ហាហិង្សា ក្នុងភូមិស្រុកផងដែរ។ ប្រធានក្រុមប្រឹក្សាឃុំគោកខ្ពស់រូបនេះសង្ឃឹមថា សិក្ខាកាមដែលជាយុវជនទាំងអស់នេះ នឹងយកចិត្តទុកដាក់រៀនសូត្រ ហើយយកចំណេះដឹងទាំងនេះទៅអនុវត្ត ក៏ដូចផ្សព្វផ្សាយអំពីសហគមន៍ខ្លួន។


 កញ្ញា ខន ចំប៉ា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ 

​សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យ​ក្មេងក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយស្ថាប័នដៃគូមួយចំនួនទៀត។
 
គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕។

 កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ 


 លោក វ៉ាន ប៉ិក ប្រធានក្រុមប្រឹក្សាឃុំគោកខ្ពស់ 






















Tag:
 ព័ត៌មាន
  យុវជន
  ឧត្តរមានជ័យ​
  អាក់សិនអេតកម្ពុជា
  តម្លាភាព​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com