ជាតិ
កម្មវិធី SDP បានផ្លាស់ប្តូរខ្សែជីវិតយុវជន និងយុវតី ៤ រូបនៅភូមិភាគឦសាន
08, Mar 2022 , 11:39 am        
រូបភាព
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បាន និងកំពុងបន្តផ្តល់ការគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ធ្វើឱ្យប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងខេត្តគោលដៅមានប្រសិទ្ធភាពជាងមុន និងធានាថាយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបមានឱកាសការងារនិងប្រាក់ចំណូលសមរម្យ តាមរយៈការផ្តល់ជំនាញបច្ចេកទេស ជំនាញទន់និងជំនាញសហគ្រិនភាព។ ក្នុងនោះដែរ សមភាពយេនឌ័រ និងបរិយាបន្នសង្គមគឺជាយុទ្ធសាស្រ្តស្នូលមួយផងដែរ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងរាល់ការអនុវត្តសកម្មភាពរបស់កម្មវិធី។ យុទ្ធសាស្រ្តនេះនឹងធានាថា យុវជន មានឱកាសទទួលបានអត្ថប្រយោជន៍ស្មើរៗគ្នា។


កញ្ញា ច្រាវ ផល្លា ជាជនជាតិដើមភាគតិចព្នង ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងជំនាញព័ត៌មានវិទ្យា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ប្រមាណជាង២ខែមកហើយ។ បច្ចុប្បន្ន ផល្លា កំពុងធ្វើការនៅរោងពុម្ពមួយកន្លែងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ យុវតី ផល្លា បានឱ្យរំឭកថា បើគ្មានគកម្មវិធីអភិវឌ្ឍន៍ជំនាញទេ ប្រហែលជានាងត្រូវបោះបង់ការសិក្សាពាក់កណ្ដាលទី ព្រោះតែជីវភាពខ្សត់ខ្សោយ មិនមានលទ្ធភាពបង់ថ្លៃសិក្សា ខណៈគ្រួសារក៏មិនជំរុញឱ្យរៀនបន្តដែរ។
  

កញ្ញា ច្រាវ ផល្លា ជាជនជាតិដើមភាគតិចព្នង ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងជំនាញព័ត៌មានវិទ្យា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

កញ្ញា ផល្លា បានរៀបរាប់ដូច្នេះ៖ « អាហារូបករណ៍នេះ ជួយខ្ញុំច្រើនណាស់។ បើខ្ញុំមិនបានអាហារូបករណ៍នេះទេ ខ្ញុំប្រហែលឈប់រៀនត្រឹមថ្នាក់ទី១២ហើយ ព្រោះគ្មានលទ្ធភាពទៅរៀនសាលាបង់លុយទេ»។ 
 
នេះជាមោទនភាពមួយសម្រាប់ ផល្លា ក្នុងនាមជាយុវតីជនជាតិដើមភាគតិច ដែលអាចទទួលបានចំណេះដឹង និងជំនាញពីមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ នេះមិនត្រឹមតែធ្វើឱ្យយុវតីរូបនេះ ទទួលបានការងារនិងប្រាក់ចំណូលសមរម្យទេ ថែមទាំងធ្វើឱ្យរូបនាងក្លាយជាគំរូសម្រាប់គ្រួសារទាំងមូល ព្រោះក្នុងចំណោមបងប្អូនទាំងអស់ មានតែនាងម្នាក់គត់ ដែលបានខិតខំតស៊ូរៀនសូត្ររហូតបានចប់ចុងចប់ដើម។ កញ្ញា ផល្លា អះអាងថា៖« នៅពេលដែលឃើញរូបខ្ញុំទទួលបានជោគជ័យដូចនេះ  ឥឡូវម្តាយរបស់ខ្ញុំ គាត់បានចាប់ផ្តើមជំរុញឱ្យប្អូនៗខ្ញុំ ពីរនាក់ក្រោយទៀតឱ្យចុះឈ្មោះចូលរៀនដែរ។  កាលពីមុន គាត់ចង់ឱ្យតែឈប់ទេ»។
 
មិនខុសពី យុវតី ផល្លាទេ យុវជន លន់ សៀកហុង ក៏ទើបតែបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរីដែរ។ ក្រោយចប់បាក់ឌុប នៅឆ្នាំ២០១៩ សៀកហុង បានសម្រេចដាក់ពាក្យសុំអាហារូបករណ៍រៀនជំនាញអគ្គិសនី នៅមជ្ឈមណ្ឌល ព្រោះពុំមានលទ្ធភាពបន្តការសិក្សានៅសាលាឯកជន ហើយសាលាក៏នៅឆ្ងាយពីផ្ទះថែមទៀត។ «ពេលនោះខ្ញុំស្គាល់មជ្ឈមណ្ឌល តាមមិត្តភ័ក្តិ ខ្ញុំក៏សម្រេចចិត្តដាក់ពាក្យសុំចូលរៀន ព្រោះបើទៅរៀននៅភ្នំពេញត្រូវចំណាយលុយច្រើន»។ 
 
បើតាម សៀកហុង ដ្បិតនៅទីនេះ សិក្សាដោយឥតបង់ថ្លៃ តែខាងសាលា បានយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះសាលាក៏ផ្ដល់នូវការអនុវត្តន៍ជាក់ស្ដែងតាមរយៈការបញ្ជូនសិស្សឱ្យចុះហាត់ការ ដែលធ្វើឱ្យសិស្សទទួលបានទាំងទ្រឹស្ដី និងការអនុវត្ត។ 
 
យុវជនវ័យ ២២ឆ្នាំរូបនេះ បានលើកឡើងថា ខ្លួនពិតជាពេញចិត្តចំពោះការសិក្សាជំនាញអគ្គិសនីយ៉ាងខ្លាំង ព្រោះក្រោយបញ្ចប់ការសិក្សា សៀកហុង ទទួលបានការងារជាហូរហែ។ សៀកហុងបានបញ្ជាក់ថា៖ «បច្ចុប្បន្ន ខ្ញុំពុំមានធ្វើការឱ្យក្រុមហ៊ុនណាមួយនោះទេ។ ខ្ញុំប្រកបមុខរបរដោយខ្លួនឯងដោយដើរតបណ្តាញអគ្គីសនីនៅតាមផ្ទះ។ ខ្ញុំពេញចិត្តនឹងការងារហ្នឹងណាស់ ព្រោះអាចរកប្រាក់ចំណូលបានច្រើនគួរសម ហើយថែមទាំងពុំសូវហត់កម្លាំង។ ខ្ញុំអាចរកចំណូលបានពី៥ ទៅ ១០ម៉ឺនរៀល សម្រាប់ការតភ្លើងមួយកន្លែង»។ 
 
ចំណែកឯ កញ្ញា សុខ ហេង ជាសិស្សរៀនជំនាញអគ្គិសនីម្នាក់ទៀត នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ខណៈនាងកំពុងរៀនថ្នាក់វិទ្យាល័យដូចគ្នា ។ បើតាមយុវតីវ័យ១៨ឆ្នាំរូបនេះ មូលហេតុដែលនាងជ្រើសរើសយកជំនាញអគ្គិសនី ព្រោះនាងចង់ចេះជំនាញបន្ថែម និងមិនចង់ទុកពេលទំនេរចោល ម៉្យាងការរៀនជំនាញនេះ ក៏មិនបង់ថ្លៃដែរ។ រយៈពេលមួយឆ្នាំហើយដែល សុខ ហេង បានរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈជំនាញនេះ ត្រូវរៀនតែពីរឆ្នាំប៉ុណ្ណោះ។ ដ្បិតទើបរៀនបានមួយឆ្នាំ តែយុវតីរូបនេះ អាចមានសមត្ថភាពភាពក្នុងការធ្វើការលើជំនាញរបស់ខ្លួន ព្រោះកន្លងមកនាងបានប្រឡូកការងារតាមរយៈការចុះកម្មសិក្សាដែលសាលាបានបញ្ជូនទៅ។ 


លោក លន់ សៀកហុង ជាសិស្សដែលបានបញ្ចប់ការសិក្សាជំនាញអគ្គិសនី នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរី។

សម្រាប់ យុវតី សុខហេង ការសិក្សាលើជំនាញអគ្គិសនី មិនត្រឹមតែទទួលបានចំណេះជំនាញ និងកម្រៃនោះទេ ថែមទាំងបានជួយដល់សហគមន៍ដែលនាងរស់នៅផងដែរ។ បច្ចុប្បន្ន សុខ ហេង ប្រៀបដូចជា ជាងភ្លើងប្រចាំគ្រួសារ និងប្រចាំភូមិទៅហើយ ព្រោះពេលមានបញ្ហាផ្នែកអគ្គិសនីម្ដងៗគេតែងតែរក សុខ ហេង ឱ្យជួយដោះស្រាយ។ 
 
កញ្ញា សុខ ហេង  បានរៀបរាបដូច្នេះ៖ « តាំងពីខ្ញុំចូលរៀន (អគ្គិសនី) មក ពេលមានបញ្ហា គាត់តែងមករកខ្ញុំឱ្យមើលឱ្យ។ ពេលដំបូង អ្នកភូមិខ្ញុំមានអារម្មណ៍ថាប្លែកពេលឃើញខ្ញុំជាស្រី តែបែជាធ្វើការងារខាងតបណ្តាញអគ្គិសនី ព្រោះពួកគាត់ធ្លាប់តែឃើញបុរសធ្វើការខាងហ្នឹង ។ ខ្ញុំគិតថា សព្វថ្ងៃនេះ មិនថាតែបុរស ឬស្ត្រីនោះទេ សុទ្ធតែអាចធ្វើការងារបានដូចៗគ្នា ពេលខ្លះស្រ្តីអាចធ្វើបានលើសបុរសទៀតផង»។ 
 
 កញ្ញា សុខ ហេង នឹងរៀនចប់ជំនាញអគ្គិសនី តំណាលគ្នានឹងរៀនចប់បាក់ឌុបដែរ ពោលគឺនឹងបញ្ចប់នៅចុងឆ្នាំនេះ ។  សុខ ហេង  បានឱ្យដឹងថា ក្រោយបញ្ចប់ការសិក្សា នាងនឹងយកចំចំណេះដឹង និងជំនាញអគ្គិសនីនេះដើម្បីរកចំណូល ក៏ដូចជាផ្គត់ផ្គង់ការរៀនសូត្រនៅមហាវិទ្យាល័យ។ 
 
ក្រឡេកទៅ យុវជនម្នាក់ទៀត គឺ លោក ក្រូន ផោះ ជាសិស្សរៀនជំនាញអគ្គិសនី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវៈនៅខេត្តមណ្ឌលគិរី ។ ជនជាតិដើមភាគតិចព្នងម្នាក់នេះ បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី១០ ហើយពេលនោះ យុវជន ផោះ មិនដឹងខ្លួនត្រូវធ្វើការងារអ្វីឡើយព្រោះតែគ្មានជំនាញជាប់ខ្លួន ។ 
 
ក្រោយពីឃើញការផ្សាព្វផ្សាយរបស់សាលា  លោក ផោះ ក៏សម្រេចចិត្តដាក់ពាក្យសុំអាហារូបករណ៍ចូលរៀនជំនាញអគ្គិសនី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវៈនៅខេត្តមណ្ឌលគិរី ។ សម្រាប់យុវជនវ័យ២២ឆ្នាំរូបនេះ  ការសិក្សានៅទីនេះ ហាក់ធ្វើឱ្យខ្លួនប្រែជាមនុស្សថ្មីម្នាក់ទៀត ខណៈពីមុនមកលោកមិនដែលរំពឹងថានឹងរៀនចេះជំនាញអគ្គិសនីនេះទេ។ «ខ្ញុំមិនដែលគិតថា ខ្ញុំអាចមានជំនាញជាក់លាក់ណាមួយនោះទេ ពេលនោះបើមិនចូលរៀន មិនដឹងទៅជាយ៉ាងណាទេ ព្រោះចំណេះក៏អត់ ជំនាញក៏អត់»។ 


លោក ក្រូន ផោះ ជាសិស្សរៀនជំនាញអគ្គិសនី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវៈនៅខេត្តមណ្ឌលគិរី ។

សល់រយៈពេល១ឆ្នាំទៀតទេ យុវជន ផោះ នឹងបញ្ចប់ការសិក្សាជំនាញអគ្គិសនីដែលត្រូវរៀនរយៈ ពេល២ឆ្នាំ។ ស្របពេលទទួលបានចំណេះពីសាលា លោក ផោះ ក៏ទទួលបានបទពិសោធន៍ការងារតាមរយៈការចុះកម្មសិក្សាដែលខាងសាលាបានណែនាំជាហូរហែទៀតផង។ 
 
តាមរយៈការទទួលបានជំនាញ និងបទពិសោធការងារកន្លងមក លោក ផោះ សប្បាយចិត្តក្រៃលែង ដោយទទួលបានជំនាញច្បាស់លាស់មួយ ដែលជួយឱ្យខ្លួនអាចមានការងារដ៏ល្អប្រសើរទៅថ្ងៃមុខ ដើម្បីជួយដោះស្រាយជីវភាពរស់នៅ។ 
 
លោក ក្រូន ផោះ បានរៀបរាប់ដូច្នេះ៖ «ខ្ញុំសូមអរគុណដល់សាលា ដែលបានផ្ដល់ឱកាសសិក្សាជំនាញអគ្គិសនី ដល់ខ្ញុំកន្លងមក។ មួយទៀត សម្រាប់យុវជនដែលមានជីវភាពលំបាកឬយុវជនបោះបង់ការសិក្សា គួរងាកមកចាប់យកជំនាញជាក់លាក់ណាមួយវិញ ដើម្បីមានឱ្យកាសទទួលបានការងារសមរម្យ និងជីវភាពល្អប្រសើរដូចជារូបខ្ញុំ»។
 
គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និងសម្ព័នជាមួយ INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕
 

Tag:
 SDP
  បទយកការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com