ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​ពន្ធដារ​ នឹងបង្កើនលទ្ធភាពប្រមូលពន្ធពីក្រុមហ៊ុនផលិតស្រាបៀរ
17, Mar 2022 , 3:29 pm        
រូបភាព
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ​ នឹងពង្រឹងការប្រមូលពន្ធពីក្រុមហ៊ុនផលិតផលស្រាបៀរក្នុងស្រុក តាមរយៈការដាក់ឧបករណ៍​វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល។​  បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ យន្តការនេះ នឹងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលជាតិ និងរក្សាឱ្យមានតម្លាភាព នៃការប្រកួតប្រជែងទីផ្សារវាងក្រុមហ៊ុន ឬសហគ្រាស។

 
អគ្គនាយដ្ឋានពន្ធដារ បានតម្រូវឱ្យក្រុមហ៊ុនផលិតស្រាបៀ និងភេសជ្ជៈគ្មានជាតិអាល់កុលទាំងអស់ ត្រូវដំឡើងឧបករណ៍​វាស់ចំណុះ(GTD Flowmeter Control Panel) ដើម្បីវាស់នៃសមត្ថភាពផលិត ក៏ដូចជាវាស់នូវអនុលោមភាពឱ្យមានភាពស្មើគ្ នារវាងក្រុមហ៊ុន ក្នុងការបង់ពន្ធចូលរដ្ឋ។ លោក​ គង់ វិបុល បានបញ្ជាក់ថា បច្ចុប្បន្នមានតែក្រុមហ៊ុនផលិតស្រាបៀ HEINEKEN មួយប៉ុណ្ណោះ ដែលបានដំឡើងនូវឧបករណ៍វាស់ចំណុះបរិមាណផលិតស្រាបៀ។ 
 
«ក្រុមហ៊ុនHEINEKEN មានអនុលោមភាពខ្ពស់មែនទែន ហើយបង់ពន្ធមិនតិចជាង ២០០លានដុល្លារទេក្នុងមួយឆ្នាំ។ រីឯសហគ្រាស ឬក្រុមហ៊ុនផលិតស្រាបៀរដទៃទៀត [ការបង់ពន្ធ] គឺនៅទាប ប៉ុន្តែផលិតផលពីការផលិត [Production output ] គឺមានទំហំមិនសូវខុសគ្នា ពីក្រុមហ៊ុន HEINEKEN ប៉ុន្មានទេ។ អ៊ីចឹងហើយ!​ បានយើងខ្ញុំត្រូវពង្រឹងនូវតម្លាភាព ដែលត្រូវដាក់ [ឧបករណ៍វាស់ចំណុះ] ស្មើភាពគ្នា»។ នេះជាការលើកឡើងរបស់ លោក គង់ វិបុល នៅក្នុងកម្មវិធីពិសេសរបស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២២ ។
 
បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ​ការដំឡើងឧបករណ៍វាស់ចំណុះ នៅតាមសហគ្រាសផលិតស្រាបៀរនេះ គឺដើម្បីបង្កើនការគ្រប់គ្រង ក៏ដូចជាប្រសិទ្ធភាពនៃការប្រមូលពន្ធចូលជាតិផងដែរ។  លោក គង់ វិបុល បានបញ្ជាក់ថា៖«ឥឡូវនេះ​ [យើង]ឃើញថា មានសហគ្រាសផលិតស្រាបៀរសឹងតែទាំងអស់ហើយ នឹងដាក់ឱ្យដើរនូវ Flowmeter Control Panel នេះ ព្រោះក្រុមហ៊ុនកម្ម៉ង [បញ្ជាទិញ] តាមតម្រូវការពន្ធដារហើយ ដែលនឹងដាក់ឱ្យអនុវត្តនៅចុងខែមីនានេះ។ អ៊ីចឹង! យើងសង្ឃឹមថា​ ចំណូលពន្ធពីវិស័យនេះ វានឹងបានឡើងមួយកម្រិតទៀត ក៏ដូចជាជួយដល់ក្រុមហ៊ុនដែលបានបង់ពន្ធរួចហើយដែរ»។ ​
 
លោក គង់ វិបុល បានសង្កត់ធ្ងន់ថា​ ចំពោះក្រុមហ៊ុន ឬសហគ្រាសផលិតស្រាបៀរណា ដែលមិនដំឡើងឧបករណ៍វាស់ចំណុះនេះ នឹងប្រឈមការពិន័យធ្ងន់ធ្ងរ ផងដែរ។ 
 
អត្ថបទទាក់ទង
 
សូមជម្រាបថា រយៈពេល២ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានជាង៥០០លានដុល្លារ។ ចំណូលពន្ធដែលប្រមូលបានសម្រាប់ថវិកាជាតិនេះ  គឺកើនប្រមាណ ២២,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕
 
 

Tag:
 ពន្ធដារ ស្រាបៀ
  លោក គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com