ជាតិ
សាលារាជធានី ស្នើពលរដ្ឋវេចខ្ចប់សំរាមឱ្យត្រឹមត្រូវ ក្នុងអំឡុងពេលចូលឆ្នាំ​
09, Apr 2022 , 1:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានសណ្ដាប់ធ្នាប់ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈបុគ្គលិកប្រមូលសំរាមនឹងធ្វើការមិនពេញលេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

 
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុនប្រមូលសំរាមទាំង៣ នឹង ប្រមូលសំរាម នៅតាមផ្ទះរបស់ពលរដ្ឋមិនបានពេញលេញដូចថ្ងៃធម្មតា ចាប់ពី១៤ ដល់ថ្ងៃ១៦ ខែមេសា ។ ដូចនេះ ពលរដ្ឋ ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលការងារ និងផ្ដល់ភាពងាយស្រួល ដល់បុគ្គលិកប្រមូលសំរាម អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។
 
 «បងប្អូនពលរដ្ឋដែលមានទីតាំងនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមដាក់នៅតាមផ្លូវសាធារណៈក្នុងអំឡុងពេលដែលការផ្ដល់សេវាមិនបានពេញលេញនេះ  ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអសន្នសិន»។ នេះជាការស្នើ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសង្ឃឹមថា ពលរដ្ឋទាំងអស់នឹងចូលរួម ថែរក្សាអនាម័យបរិស្ថាននៅភ្នំពេញឱ្យបានល្អប្រសើរ៕
 

Tag:
 ចូលឆ្នាំ
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com