ជាតិ
សេដ្ឋកិច្ច
ក្រដាសប្រាក់ ១៥ ០០០រៀល ទទួលពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក
10, Apr 2022 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល  ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance   ជ្រើសរើសជា ធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក​ ប្រចាំឆ្នាំ២០១៩។ ការជ្រើសរើសនេះ  ធ្វើឡើងក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅប្រទេសជប៉ុន។ នេះបើតាម ការផ្សាយរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។


 
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស  បានដកស្រង់សម្ដី របស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថា ការដែលធនបត្ររបស់កម្ពុជា ទទួលបានពានរង្វាន់ ដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើប និងសុវត្ថិភាព។ លើសពីនេះ គឺមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសកាពារការក្លែងបន្លំ។ 
 
លោក ជា ចាន់តូ បានបន្ថែមថា ពានរង្វាន់នេះ ត្រូវបាន លោក Antonio Cesario Ricdo  អនុប្រធានក្រុមហ៊ុន Landqart AG នៃប្រទេសស្វីស ប្រគល់ជូនធនាគារជាតិនៃកម្ពុជាដោយផ្ទាល់  កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។  
 
ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ១៥០០០រៀល ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះរាជ្យសម្បត្តិ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា។  
 
គួរជម្រាបថា ការផ្ដល់ពានរង្វាន់នេះ មិនធ្វើឡើងរាល់ឆ្នាំនោះទេ គឺធ្វើនៅពេលដែលមាន ធនបត្រដែលមានលក្ខណៈសម្បត្តិស័ក្តិសម និងប្រកបដោយគុណភាព បច្ចេកទេសតែប៉ុណ្ណោះ។ ស្ថាប័នអន្តរជាតិ Reconnaisance បង្កើតឡើងតាំងពីឆ្នាំ១៩៨៨ និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយបណ្ណដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល ហើយក៏ជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខអំពីបច្ចេកវិទ្យាថ្មីៗនៃការផលិតធនបត្រ សុវត្ថិភាពបែបអុបទិក និងឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណធនបត្រនីមួយៗ៕ 
 

Tag:
 ធនបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com