ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​កញ្ញា កែ ច័ន្ទកេសី ជម្នះឧបសគ្គលើវិថីដើរម៉ូត១១ឆ្នាំ រហូតក្លាយជាម្ចាស់សាលា Walk Fit
01, May 2022 , 10:20 pm        
រូបភាព
កញ្ញា កែ ច័ន្ទកេសី Model អាជីព និងជា ម្ចាស់សាលា The Walk Fit
កញ្ញា កែ ច័ន្ទកេសី Model អាជីព និងជា ម្ចាស់សាលា The Walk Fit
ដោយ: ថ្មីៗ
ភ្នំពេញ៖ កញ្ញា កែ ច័ន្ទកេសី បានប្រឡូក​ក្នុងអាជីពជាអ្នកបង្ហាញម៉ូតសម្លៀកបំពាក់(Model Fashion) រយៈពេលជិត១១ឆ្នាំហើយ  គិតមកដល់បច្ចុប្បន្ន។ តាមរយៈបទសម្ភាសន៍ក្នុងកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ម្ចាស់សាលាThe Walk Fit រូបនេះ បានរៀបរាប់ថា ទម្រាំតែកញ្ញាបានមកដល់ចំណុចដូចបច្ចុប្បន្ន កញ្ញាមានការបាក់ទឹកចិត្តមួយរយៈដែរ ព្រោះការរើសអស់ពណ៌សម្បុរជាដើម។ តែដោយការពេញចិត្ត នូវអ្វីដែលខ្លួនមាន ហ្វឹកហាត់សមត្ថភាព ជំនាញ រួមទាំងដុសខាត់ទេពកោសល្យ បន្តឆន្ទៈ ទើបស្រ្តីសម្បុរស្រអែម រាងស្រឡូនខ្ពស់ស្រ​ឡះរូបនេះ មានឱកាសបង្ហាញខ្លួនជាហូរហែនៅក្នុងអាជីពរបស់ខ្លួន។


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី  អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងកញ្ញា កែ ច័ន្ទកេសី ដូចតទៅ៖
 
តារាបង្ហាញម៉ូត កែ ច័ន្ទកេសី ទើបតែបើកដំណើរការសាលា The Walk Fit ដែលផ្តល់ការបង្ហាញសិស្សលើជំនាញដើរម៉ូតបែប Fashion។ ប្រឡូកក្នុងអាជីពជាអ្នកបង្ហាញម៉ូត ជិត១១ឆ្នាំ កញ្ញា កែ ច័ន្ទកេសី បានចាប់ផ្តើមពីអ្នកហាត់រៀនធម្មតា បន្ទាប់មកជាអ្នកដើរម៉ូតអាជីព និងក្លាយជាគ្រូបង្ហាត់ជំនាញដើរម៉ូតនេះតែម្តង។ ក្រៅពីនេះអ្នកបង្ហាញម៉ូត ​វ័យ៣៣ឆ្នាំរូបនេះ ក៏មានទេពកោសល្យផ្នែកច្រៀង សម្តែង និងពិធីការិនីផងដែរ។ 
 
តាមរយៈកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ កញ្ញា កែ ច័ន្ទកេសី បញ្ជាក់ថា៖ «ដំបូងឡើយគឺទទេស្អាតដូចក្រដាសសអ៊ីចឹង​ ប៉ុន្តែដោយក្តីស្រលាញ់ ទេពកោសល្យ ឆន្ទៈមួយទៀត។ខ្ញុំបានប្រឡូកចូលមកភ្លាម គឺខ្ញុំ​ស្រលាញ់បំផុតគឺវិស័យ Model។ តែខ្ញុំអត់ទាន់ស្គាល់ Modelជាអ្វីទេ។ ពេលដែលខ្ញុំដាក់ពាក្យប្រកួតចូលមក គឺខ្ញុំបានរៀនសូត្រ ហ្វឹក​ហាត់រៀនពីគ្រូ​​បរទេសផ្សេងៗ និងខ្មែរ។ បន្ទាប់មកខ្ញុំ research (ស្រាវជ្រាវ) ខ្លួនឯង ថាត្រូវធ្វើម៉េច ឱ្យគេស្គាល់ថា ខ្ញុំគឺជាខ្ញុំ។ មិនមែនថា គ្រូគាត់បង្រៀនមកបែបហ្នឹងហើយ អ៊ីចឹងរៀនតាមបែបគាត់ យើងត្រូវចេះច្នៃ  ចេះច្នៃថា តើយើងដើររបៀបម៉េច ឱ្យឃើញឡូយ ឱ្យឃើញដែលជាយើង»។
 
ទន្ទឹមនឹងនេះ អ្នកបង្ហាញម៉ូតដែលមានស្រុកកំណើតក្នុងខេត្តកំពង់ធំរូបនេះ ក៏តែងតែខិតខំពង្រឹងសមត្ថភាព បង្កើតភាពទាក់ទាញ បង្កើតគំនិត និងស្ទីលដើរផ្ទាល់ខ្លួន រហូតមានការទទួលស្គាល់ពីទេពកោលស្យ នៅក្នុងអាជីពនេះដូចសព្វថ្ងៃ។ ទោះជាយ៉ាងនេះក្តី កញ្ញា កេសី ដែលមានសម្បុរខ្មៅស្រអែម ក៏គេចមិនផុតពីការរើសអើង ពីមនុស្សមួយចំនួនដែរ នៅក្នុងវិថីសិល្បៈនេះ។ ​


«កាលពីមុន គឺខ្ញុំចោទទៅលើពណ៌សម្បុររបស់នាងខ្ញុំ បាក់ទឹកចិត្ត ជាមួយពណ៌សម្បុរច្រើនឆ្នាំដែរ។ គេរើសអើងថាពណ៌សម្បុរខ្មៅ ស្រអែមចឹង វាអត់សមនឹងផលិតផលដូចជាឡេ ដូចជាអីទេ។ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងវិញថា ខ្ញុំត្រូវទទួលយកអ្វីដែលជាខ្ញុំ។ ទោះបីជា ផលិតផលផ្សាយនៅលើស្បែក និយាយពីផលិតឡេ គេអត់ទទួល ក៏ខ្ញុំមានផលិតផលផ្សេងទៀតសម្រាប់បង្ហាញដែរ។ អ៊ីចឹង ​សំខាន់យើងទទួលយកខ្លួនឯង ឱ្យបានសិន»។ នេះជាការរំឭកពិសោធន៍ពីការរើសអើង ដែលកញ្ញា កែ ច័ន្ទកេសី ធ្លាប់បានជួបប្រទះ ក្នុងអាជីពនេះ។ 

 
 
​តារាបង្ហាញម៉ូតរូបនេះ ​បាន​ឱ្យដឹងថា ទម្រង់នៃការដើរម៉ូតមានច្រើនប្រភេទ ក្នុងនោះមានដូចជាការដើរ​បែបបវរកញ្ញា បែបខ្មែរ, ​បែប Cat Walk​ , បែប Lava Walk និងបែប​អ្នកបង្ហាញម៉ូតសម្លៀកបំពាក់​(Fashion) ជាដើម ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបង្ហាញម៉ូតអាជីព កែច័ន្ទកេសី ទម្រង់ដើរម៉ូតទាំងនោះអាចប្រែប្រួល អាស្រ័យ​លើអ្នកច្នៃម៉ូតសម្លៀក​បំពាក់ និងការផ្លាស់ប្តូ(Update) ពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមបែបផែននៃកម្មវិធីផងដែរ។ ដោយមើលឃើញពីឱកាសទូលំទូលាយ និងទីផ្សារការងារច្រើន ក្នុងពេលបច្ចប្បន្ន ម្ចាស់សាលា The Walk Kit ​លើកទឹកចិត្តដល់យុវតីជំនាន់ក្រោយ ដែល​ស្រលាញ់អាជីពជាអ្នកបង្ហាញម៉ូតថា គួរខិតខំពង្រឹងនូវសមត្ថភាព ទាំងចំណេះជំនាញពីលោកគ្រូ អ្នកគ្រូ ​ស្រាវជ្រាវ និងហាត់រៀនដោយខ្លួនឯងបន្ថែម។ កញ្ញា កែ ច័ន្ទកេសី ក៏ជំរុញឱ្យអ្នកជំនាន់ក្រោយ ប្រឹងសង្វាតចំណេះដឹង និងរៀបចំឥរិយាបថ អត្តចរិកឱ្យគត់មត់​ផងដែរ៕
 

 

Tag:
 កែ ច័ន្ទកេសី
  ​សិល្បៈ
  អ្នកបង្ហាញម៉ូត
© រក្សាសិទ្ធិដោយ thmeythmey.com