ជាតិ
យុវជនសកម្ម សេវាល្អ
រដ្ឋបាលឃុំកណ្តោល គ្រោងបង្កើតប៉ុស្តិ៍សុខភាពភូមិ ដើម្បីឱ្យពលរដ្ឋកាន់តែងាយទទួលសេវាសុខភាព
02, May 2022 , 8:59 pm        
រូបភាព
ដោយ៖ ទួន លីម យុវជនឃុំកណ្តោល
 
បូទុមសាគរ, កោះកុង៖  រដ្ឋបាលឃុំកណ្តោល នៃស្រុកបូទុមសាគរ គ្រោងសាងសង់ប៉ុស្តិ៍សុខភាពភូមិ ដែលជាគម្រោងប៉ុស្តិ៍សុខភាពទី១ នៅក្នុងឃុំ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋក្នុងស្វែងរកសេវាសុខភាព។ លោក ឆឹង ង៉ែ មេឃុំកណ្តោល បានថ្លែងប្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋថាគម្រោងសង់ប៉ុស្តិ៍សុខភាពភូមិនេះ គឺជាការឆ្លើយតនឹងសំណូមពរយ៉ាងទទូច របស់ពលរដ្ឋ ដែលតែងត្អូញត្អែពីការលំបាករបស់ខ្លួន ក្នុងការទៅទទួលសេវាសុខភាពពីមណ្ឌលសុខភាពដែលនៅឆ្ងាយប្រមាណ ១០-២០ គីឡូម៉ែត្រ ពីផ្ទះ។

 
មកទល់ពេលនេះ ឃុំរបស់ខ្លួន នៅមិនទាន់មានមណ្ឌលសុខភាពនៅឡើយ ហើយពេលឈឺថ្កាត់ម្តងៗ ពលរដ្ឋ ត្រូវធ្វើដំណើរទៅទទួលសេវាពីមណ្ឌលសុខភាព ដែលស្ថិតក្នុងឃុំមួយផ្សេងទៀត គឺឃុំអណ្តូងទឹក។ នេះជាការបញ្ជាក់របសលោក មេឃុំកណ្តោល ដោយលោកបន្តថា ពលរដ្ឋខ្លះដែលមានជីវភាពសមរម្យ ក៏ប្រើប្រាស់សេវាពីពេទ្យឯកជននៅជិតផ្ទះរបស់ពួកគេ។ 
 
 
តាមពិតទៅរដ្ឋបាលឃុំកណ្តោល បានដាក់សំណើសង់មណ្ឌលសុខភាព នៅក្នុងផែនការអភិវឌ្ឍន៍ឃុំ រយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកហើយ ប៉ុន្តែសំណើនេះ មិនទាន់មានការអនុម័តនៅឡើយ។ លោក ឆឹង ង៉ែ ក៏មិនដឹងច្បាស់ពីមូលហេតុដែរ ប៉ុន្តែលោកសន្និដ្ឋានថា ទំនងមកពីចំនួនប្រជាពលរដ្ឋក្នុងឃុំខ្លួន នៅតិចតួចនៅឡើយ។ បច្ចុប្បន្ន ឃុំកណ្តោល មានពលរដ្ឋប្រមាណ៤ពាន់នាក់ ដែលភាគច្រើនប្រកបរបរធ្វើស្រែ ចម្ការ។ ពលរដ្ឋភាគច្រើនក៏មានជីវភាពក្រីក្រដែរ។ 


លោក ឆឹង ង៉ែ មេឃុំ កណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
 
ជុំវិញការបង្កើតប៉ុស្តិ៍សុខភាពនៅក្នុងឃុំវិញ លោកមេឃុំកណ្តោល  មានប្រសាសន៍ដូច្នេះ៖«តាមពិត គម្រោងនេះគឺខាងរដ្ឋបាលឃុំ បានលើកជាយូរហើយ តែដោយសារនៅខ្វះទីកន្លែងសម្រាប់សាងសង់នៅឡើយ។ ហើយមូលហេតុដែលខាងរដ្ឋបាលឃុំ សម្រេចក្នុងការសាងសង់ប៉ុស្តិ៍សុខភាពនេះ គឺដោយសារមានការយកចិត្តទុកដាក់ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ»។ 
 
បើតាមលោកមេឃុំកណ្តោល ការបង្កើតប៉ុស្តិ៍សុខភាពនេះ គឺចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូល ក្នុងការទទួលសេវាសុខភាព ដោយសារមណ្ឌលសុខភាពនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ហើយកំណើប្រជាជនកាន់តែកើនឡើង។  
 
លោក បានបញ្ជាក់ទៀតថា  ទីតាំងដែលត្រូវសាងសង់ប៉ុស្តិ៍សុខភាព គឺនៅក្នុងធ្នុង ដែលស្ថិតនៅកណ្តាលឃុំតែម្តង។ បច្ចុប្បន្ន អាជ្ញាធរកំពុងតែឈូសឆាយ ទីតាំង ហើយថវិកានៃការសង់សង់នេះ គឺបានមកពីការគៀរករពីសប្បុរសជន។ ប៉ុន្តែចំពោះកាលបរិច្ឆេទជាក់លាក់ នៃការចាប់ផ្តើមសាងសង់នៅមិនទាន់បានកំណត់នៅឡើយ។ «ដោយសារវា(មណ្ឌលសុខភាព)នៅឆ្ងាយ គាត់អាចទៅបាន ខ្វះមធ្យោបាយ។   ឃើញផលវិបាកអ៊ីចឹង ទើបយើងគិតថាយើងមានប៉ុស្តិ៍(សុខភាព)មួយល្អ សម្រាប់ឱ្យប្រជាពលរដ្ឋក្រីក្រយើង ទទួលបានសេវា នៅកៀក នៅក្នុងឃុំរបស់ខ្លួន»។ នេះជាការរៀបរាប់លោក ឆឹង ង៉ែ មេឃុំកណ្តោល ។
 
អ្នកស្រី ទិត សុ ជាប្រជាពលរដ្ឋនៅក្នុងភូមិធ្នុង ឃុំកណ្តោល និងជាអ្នករស់នៅជិតកន្លែងដែលប៉ុស្តិ៍សុខភាព ដែលគ្រោងនឹងសាងសង់ផងដែរ។ អ្នកស្រី មានអារម្មណ៍សប្បាយរីករាយ ដែលរដ្ឋបាលឃុំ មានគម្រោងបង្កើតប៉ុស្តិ៍សុខភាព នៅជិតផ្ទះប្រជាពលរដ្ឋ ខណៈកន្លងមក អ្នកស្រី ជ្រើសរើសយកសេវាព្យាបាលពីពេទ្យឯកជន ដែលនៅក្នុងភូមិច្រើនជាងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ដែលនៅឆ្ងាយពីផ្ទះ។ អ្នកស្រី បានបន្ថែមដូច្នេះ៖« ប៉ុស្តិ៍សុខភាពនេះ ផ្តល់ជាប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋយើង ដោយថា គាត់មានបញ្ហាសុខភាពចឹង ណាមួយបានសេវានៅជិតផ្ទះអ៊ីចឹង»។
 

អ្នកស្រី ទិត សុ ពលរដ្ឋរស់នៅក្នុងភូមិធ្នុង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
 
ទន្ទឹមនឹងការអះអាងថា នឹងមកស្វែងរកសេវាសុខភាព នៅពេលប៉ុស្តិ៍សុខភាពសាងសង់រួចរាល់ អ្នកស្រី ទិត សុ ក៏រំពឹង និងសំណូមពរទុកជាមុន ឱ្យគ្រូពេទ្យដែលនឹងប្រចាំការនៅប៉ុស្តិ៍សុខភាពថ្មីនេះ យកចិត្តទុកដាក់មើលថែអ្នកជំងឺឱ្យដិតដល់។ អ្នកស្រី ទិត សុ សំណូមពរដូច្នេះ៖ «បើសិនជាថាបានប៉ុស្តិ៍សុខភាពនៅក្នុងភូមិ ខ្ញុំសូមឱ្យខាងគ្រូពេទ្យយកចិត្តទុកដាក់មើលប្រជាពលរដ្ឋយើងឱ្យបានដិតដល់ ព្រោះអី គាត់អត់ហើយបានគាត់អត់មានលុយអីជួលពេទ្យឯកជន គាត់អត់មានលុយទិញថ្នាំ គាត់សង្ឃឹមតែពេទ្យរដ្ឋ។ សុំតែម្យ៉ាង សុំឱ្យគ្រូពេទ្យយកចិត្តទុកដាក់លើប្រជាពលរដ្ឋ»។
 
លោក ហឿង ហៃ ដែលជាមេភូមិធ្នុង បានបញ្ជាក់កាន់តែច្បាស់ទៀតថា ប៉ុស្តិ៍សុខភាពនឹងសាងសង់នៅក្បែរសាលាបឋមសិក្សាធ្នុង ក្នុងភូមិធ្នុងផ្ទាល់តែម្តង។ 
 

លោក ហឿង ហៃ ដែលជាមេភូមិធ្នុង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
 
លោក ហឿង ហៃ សង្ឃឹមថា នៅពេលដែលប៉ុស្តិ៍សុខភាពនេះសាងសង់រួចរាល់ ប្រជាពលរដ្ឋទាំង ៥ភូមិ ដែលរស់នៅក្នុងឃុំកណ្តោល នឹងទទួលបានសេវាសុខភាព កាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងកាត់បន្ថយចំណាយលើការធ្វើដំណើរ និងថ្លៃប្រើប្រាស់សេវាសុខាភិបាល ពីពេទ្យឯកជនផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 យុវជនសកម្ម និងសេវាល្អ
© រក្សាសិទ្ធិដោយ thmeythmey.com