ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ភក្តីភាពចំពោះអាជីព ជាកម្លាំងចិត្តឱ្យកញ្ញា អ៊ុង ច័ន្ទសោភា តស៊ូបានគ្រប់ឧបសគ្គក្នុងការងារ
07, May 2022 , 9:29 am        
រូបភាព
កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC
កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC
ដោយ៖ សុង សុធាវី
 
កញ្ញា អ៊ុង ច័ន្ទសោភា បានអភិវឌ្ឍសមត្ថភាពខ្លួន និងតួនាទីពីអ្នករាយការណ៍ព័ត៌មាន រហូតក្លាយជានាយិកាផ្នែកព័ត៌មាននៅស្ថានីយទូរទស្សន៍ CNC។ មានពិសោធន៍ក្នុងវិស័យសារព័ត៌មានរយៈពេល ១៨ឆ្នាំមកហើយ សម្រាប់ កញ្ញា អ៊ុង ច័ន្ទសោភា ក្លាយជាអ្នកដឹកនាំស្ត្រីនៅក្នុងផ្នែកព័ត៌មាននៅស្ថាប័នទូរទស្សន៍ មិនមែនជារឿងចៃដន្យនោះឡើយ។ សម្រាប់នាយិកា វ័យ៣៩ឆ្នាំរូបនេះ ទម្រាំតែខ្លួនបានឈានមកដល់មុខតំណែងបច្ចុប្បន្ន កញ្ញាតែងតែអភិឌ្ឍចំណេះដឹង ជាពិសេសភក្តីភាពរបស់កញ្ញាចំពោះអាជីពរបស់ខ្លួន បានជំរុញឱ្យកញ្ញា បានជម្នះឧបសគ្គនានា បានយ៉ាងមោះមុត។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងកញ្ញា អ៊ុង ច័ន្ទសោភា ដូចតទៅ៖
 
 
កញ្ញា អ៊ុង ច័ន្ទសោភា គឺជានាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC។ នៅកម្ពុជា មិនមានស្ត្រីច្រើន ដែលកំពុងស្ថិតក្នុងតំណែងជាអ្នកដឹកនាំផ្នែកព័ត៌មាននោះទេ ក្នុងបច្ចុប្បន្ន។ សម្រាប់កញ្ញា អ៊ុង ច័ន្ទសោភា ក្លាយជានាយិកាផ្នែកព័ត៌មាននៅ CNC ធ្វើឱ្យខ្លួនឯងត្រេកអរផង និងភ័យព្រួយខ្លះដែរ ដ្បិតថាពីអំណឹះ តទៅ កញ្ញា ក៏នឹងក្លាយជាតួអង្គដ៏សំខាន់មួយរូប នៅក្នុងការកំណត់អនាគត ក្រុមហ៊ុនដែរ។ 
 
«នៅពេលដែលយើងក្លាយជានាយិកា បានន័យថា យើងគឺជាថ្នាក់ដឹកនាំនៅក្នុងការសម្រេចចិត្ត ធ្វើម៉េចឱ្យទស្សនវិស័យនៃការងាររបស់យើង លទ្ធផល គឺយើងមានទំនួលខុសត្រូវខ្ពស់ ក្នុងការធ្វើការជំរុញក្រុមការងារធ្វើការខ្លាំង ហើយឱ្យក្រុមហ៊ុន ពិសេសផ្នែកទូរទស្សន៍ CNC របស់យើងហ្នឹង រីកចម្រើន។ អ៊ីចឹងទំនួលខុត្រូវគឺទាក់ទងទៅនឹងការសម្រេចចិត្តខ្ពស់ជាងមុន។ ការសម្រេចចិត្តរបស់យើង មានសារៈសំខាន់ទៅដល់អនាគតរបស់ស្ថាប័នទាំងមូល»។ នេះជាការរៀបរាប់របស់នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC។ 

កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC
 
ក្លាយជាអ្នកដឹកនាំស្ត្រី នៅក្នុងផ្នែកព័ត៌មាននៅស្ថាប័នទូរទស្សន៍ មិនមែនជារឿងចៃដន្យនោះឡើយ សម្រាប់ស្ត្រីវ័យ ៣៩ឆ្នាំរូបនេះ។ កញ្ញា អ៊ុង ច័ន្ទសោភា បានប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មាន រយៈពេល ១៨ឆ្នាំមកហើយ ពោលគឺតាំងពីអ្នកសារព័ត៌មានសរសេរសម្រាប់កាសែតបោះពុម្ព បន្តទៅអ្នករាយការណ៍ព័ត៌មាននៅស្ថានីយ៍វិទ្យុ ជាអ្នកអត្ថាធិប្បាយព័ត៌មាននៅកញ្ចក់ទូរទស្សន៍ ព្រមទាំងជាផលិតករព័ត៌មាន ក៏ដូចជាការងារពាក់ព័ន្ធនៅក្នុងវិស័យនេះជាច្រើនទៀត។ ទាំងចំណេះដឹង និងបទពិសោធន៍ចាស់វស្សានៅក្នុងអាជីពនេះហើយ គឺជាហេតុផលដែលនាំឱ្យ កញ្ញា អ៊ុង ច័ន្ទសោភា អាចវិវឌ្ឍន៍ខ្លួនពីអ្នកយកព័ត៌មាន ឈានដល់តំណែងបច្ចុប្បន្ន។ 
 
ភក្តីភាពចំពោះអាជីព ជាកម្លាំងចិត្តឱ្យកញ្ញា អ៊ុង ច័ន្ទសោភា តស៊ូបានគ្រប់ឧបសគ្គក្នុងការងារ
 
គ្មានការងារណា ឬអាជីពណាមួយដែលគ្មានឧបសគ្គនោះឡើយ។ ដូចគ្នាដែរ ប្រឡូកក្នុងវិស័យសារព័ត៌មាន១៨ឆ្នាំមកនេះ កញ្ញា អ៊ុង ច័ន្ទសោភា បានជួបប្រឈមនឹងភាពនឿយលំបាកមិនតិចនោះដែរ។ ធ្លាប់យំ អាក់អន់ចិត្ត នៅពេលដែលសមិទ្ធផលការងារ មិនដូចក្តីរំពឹងទុក ប៉ុន្តែតាមរយៈកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗរៀបរាប់ថា កញ្ញា មិនដែលគិតចង់បោះបង់ចោលអាជីពដែល ស្ត្រីវ័យ៣៩ឆ្នាំរូប ប្រដូចទៅនឹងស្នេហាពិតរបស់ខ្លួនដូច្នេះដែរនោះម្តងណាឡើយ។ 

កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC
 
កញ្ញា អ៊ុង ច័ន្ទសោភា រៀបរាប់ថា៖«មានពេលហត់នឿយ ប៉ុន្តែបើគិតថាបោះបង់ មិនបោះបង់។ ប៉ុន្តែមានពេលដែលធ្លាប់ហត់នឿយមែនទែន ពេលខ្លះការងារខ្លះ គឺយើងឆ្លងកាត់ការលំបាកមែនទែន ទម្រាំសម្រេចវាបាន តែលទ្ធផលដែលទទួលបានហ្នឹងគឺវាខុស ផ្ទុយស្រឡះអ្វីដែលយើងបានខិតខំប្រឹងប្រែង។  ប៉ុន្តែនាងខ្ញុំអត់ដែលគិតថាចង់ (Give Up) បោះបង់ចោលតែម្តងទេ គ្រាន់តែថាមានពេលចង់ធ្វើអ្វីផ្សេងដែរ។ ចង់ដូចថាដកឃ្លា ពីអាជីពហ្នឹងមួយរយៈ ក៏ប៉ុន្តែដូចថាខ្ញុំបានជួបស្នេហាពិត ប្រៀបធៀបទៅ ដូចយើងបានជួបស្នេហាពិត ដែលថាទោះ បីជា យើងហត់នឿយ យើងនៅតែតស៊ូ ព្យាយាម រក្សាស្នេហាហ្នឹង រក្សាការងារ មុខរបរហ្នឹង អាជីព ហ្នឹង ឱ្យបាន»។ 
 
នៅក្នុងរយៈពេល១៨ឆ្នាំមកនេះ កញ្ញា អ៊ុង ច័ន្ទសោភា សង្កេតឃើញថា ស្ត្រីដែលប្រឡូក ក្នុងវិស័យសារព័ត៌មាននេះកាន់តែច្រើន បើធៀបនឹងគ្រាដែលកញ្ញា ចាប់ផ្តើមក្នុងអាជីពនេះ។ មិនត្រឹមតែមានស្ត្រីច្រើននោះទេ ជាអ្នកសារព័ត៌មាននោះទេ សម្រាប់កញ្ញា អ៊ុង ច័ន្ទសោភា ក៏កត់សម្គាល់ដែរថា ស្ត្រីបច្ចុប្បន្ន មានសមត្ថភាពលេចធ្លោ និងកំពុងស្ថិតក្នុងតំណែង ដែលអាចចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងស្ថាប័នច្រើនផងដែរ។
 
ទិដ្ឋភាពនេះធ្វើឱ្យស្ត្រីវ័យ ៣៩ឆ្នាំ មានមោទកភាព ហើយកញ្ញា អ៊ុង ច័ន្ទសោភា ក៏នៅតែបន្តលើកទឹកចិត្ត ឱ្យស្ត្រីដែលកំពុងប្រឡូកក្នុងវិស័យសារព័ត៌មាននេះ បន្តប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជានិច្ច ហើយត្រូវតាមឱ្យទាន់ នូវការរីកចម្រើននៃបច្ចេកវិទ្យា ដែលតែងតែវិវឌ្ឍន៍ទៅមុខឥតឈប់ ឥតឈរ។
 
នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC រូបនេះ ក៏មិនភ្លេចលើកទឹកចិត្ត ដល់ស្ត្រីអ្នកសារព័ត៌មាន ជំនាន់ ក្រោយ ឱ្យបន្តរក្សាជំនឿចិត្ត និងជឿលើសមត្ថភាពខ្លួន និងត្រូវតែប្រឹងប្រែងតស៊ូឱ្យស្វិតស្វាញ នៅក្នុង អាជីពនេះ បើទោះបីជាត្រូវជួបប្រឈម នឹងបញ្ហាខ្លះនៅក្នុងពេល បំពេញការងារក៏ដោយ។ «អ្វីដែលនាងខ្ញុំ ចង់លើកទឹកចិត្ត គឺកុំបោះបង់ ទោះបីជាថ្ងៃនេះយំ យប់ឡើងយើងជូតទឹកភ្នែក ស្អែកឡើង យើងគិតថា នេះគឺជាបទពិសោន៍ ព្រោះយើងមិនមែនចាប់ផ្តើមដោយអត់មានអី គឺជាបទពិសោធន៍ដែលថ្ងៃក្រោយយើង អត់ជួបតទៅទៀត កុំឱ្យមានបញ្ហាហ្នឹងតទៅទៀត។ ហើយទោះបីជានៅក្នុងវិស័យហ្នឹង មានការលំបាក យ៉ាងណា បើជឿថាអាចធ្វើបាន យើងនឹងអាចឈានទៅកាន់មុខតំណែង ឬការងារនៅក្នុងវិស័យនេះ  ដែលអាចធ្វើឱ្យគ្រួសារយើងអាចរស់បាន ហើយជាមុខមាត់របស់យើងផ្ទាល់ និងគ្រួសារយើងផ្ទាល់ដែរ»។ នេះជាការផ្តាំផ្ញើរបស់ កញ្ញា អ៊ុង ច័ន្ទសោភា៕

កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC
 

Tag:
 អ៊ុង ច័ន្ទសោភា
  SMEs
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com