អន្តរជាតិ
លោក បៃឌិន ទៅដល់កូរ៉េខាងត្បូងក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី
20, May 2022 , 4:48 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទៅដល់កូរ៉េខាងត្បូង។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទៅដល់កូរ៉េខាងត្បូង។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២០ ខែឧសភា បានទៅដល់ទឹកដីកូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី ចាប់តាំងពីលោកចូលកាន់តំណែងមក។ បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងចិន នឹងជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចលើកនេះ ដែលត្រូវបញ្ចប់នៅទឹកដីជប៉ុន។ ប្រធានាធិបតីអាម៉េរិក ក៏នឹងប្រកាសគម្រោងសេដ្ឋកិច្ចដ៏ធំមួយនៅអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រជែងចិនផងដែរ។

 
យន្តហោះ Air Force One ដឹកប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន បានចុះចតនៅមូលដ្ឋានអាកាស Osan ក្បែររដ្ឋធានីសេអ៊ូល ក្នុងដំណើរទស្សនកិច្ចមួយជុំនៅអាស៊ី។ កូរ៉េខាងត្បូង និងជប៉ុនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាម៉េរិក ជាគោលដៅទស្សនកិច្ចលើកនេះ។
 
នៅសេអ៊ូល លោក បៃឌិន នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង យូន សុកយ៉ល ដែលទើបកាន់តំណែងបាន១០ថ្ងៃប៉ុណ្ណោះ។ ការពង្រឹងសមត្ថភាពការពាររួមគ្នា និងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង នឹងស្ថិតលើតុចរចារវាងប្រធានាធិបតីទាំងពីរ។ មុនការមកដល់របស់លោក បៃឌិន សេតវិមានព្រមានពីលទ្ធផលដែលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលចម្ងាយឆ្ងាយ ឬអាចធ្វើតេស្តអាវុធនុយក្លេអ៊ែរអំឡុងទស្សនកិច្ចនៅអាស៊ី។
 
ចេញពីកូរ៉េខាងត្បូង លោក បៃឌិន នឹងទៅកាន់ទីក្រុងតូក្យូនៅថ្ងៃទី២២ ខែឧសភា។ អំឡុងការស្នាក់នៅជប៉ុន លោក បៃឌិន នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំប្រទេសសមាជិកយន្តការសន្តិសុខចតុភាគីមានជប៉ុន អាម៉េរិក​ ឥណ្ឌា និងអូស្ត្រាលី ហើយចិនទំនងជាប្រធានបទសំខាន់ក្នុងជំនួបនេះ។ ប្រមុខរដ្ឋអាម៉េរិក ក៏នឹងប្រកាសដំណើរការក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកជាផ្លូវការផងដែរ។ គំនិតផ្ដួចផ្ដើមនេះ មានគោលដៅពង្រឹងខ្សែច្រវាកផលិតកម្មអត់ធន់ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
 
ដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោក បៃឌិន ត្រូវបានមន្រ្តីអាម៉េរិកចាត់ទុកជាព្រឹត្តិការណ៍របត់ ស្របពេលដែលរដ្ឋបាលលោក បៃឌិន ពង្រឹងការចូលខ្លួនក្នុងតំបន់អាស៊ី ដើម្បីប្រជែងចិននោះ និងបង្ហាញពីភាពអ្នកដឹកនាំរបស់ខ្លួននៅឥណ្ឌូប៉ាស៊ីហ្វិក៕
 
 

Tag:
 អាម៉េរិក
  ចូ បៃឌិន
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com