អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ស្នើបង្កើតកិច្ចព្រមព្រៀងអន្តរជាតិដើម្បីយកប្រាក់រឹបអូសពីរុស្ស៊ី ទៅសងជនរងគ្រោះក្នុងសង្រ្គាម
21, May 2022 , 8:19 pm        
រូបភាព
ប្រធានាធិបតិអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២០ ខែឧសភា បានផ្ដើមគំនិតបង្កើតកិច្ចព្រមព្រៀងមួយដែលធានាការផ្ដល់សំណងដល់ប្រទេសដែលរងគ្រោះដោយសារទង្វើរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ បើតាមប្រធានាធិបតីរូបនេះ ការកំណត់បែបនេះ ជាសារទៅកាន់ទីក្រុងមូស្គូថា រាល់ទង្វើរបស់ខ្លួន នឹងមិនទៅផុតដោយគ្មានផលវិបាកអ្វីឡើយ។

 
«យើងអញ្ជើញប្រទេសដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីមួយ ហើយបង្កើតយន្តការមួយធានាថា គ្រប់គ្នាដែលរងគ្រោះដោយសារពីសកម្មភាពរុស្ស៊ី អាចទទួលបានសំណងសម្រាប់ការខូចខាតដែលកើតឡើង។» ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី លើកឡើងបែបនេះក្នុងវីដេអូថ្ងៃទី២០ ខែឧសភា។
 
បើតាមលោក ហ្សេលេនស្គី ក្រោមកិច្ចព្រមព្រៀងដែលលោកស្នើនេះ លុយ និងអចលនទ្រព្យរបស់រុស្ស៊ី ក្នុងប្រទេសជាហត្ថលេខី អាចត្រូវបង្កកបាន ហើយបង្វែរចូលមូលនិធិមួយដែលនឹងត្រូវផ្ទេរចេញជាលុយសំណងតែម្ដង។ ប្រមុខរដ្ឋអ៊ុយក្រែនរូបនេះ អះអាងថា ការធ្វើបែបនេះ ជារឿងយុត្តិធម៌ ហើយក៏អាចធ្វើឱ្យរុស្ស៊ីដឹងពីផលវិបាករាល់ពេលដែលមីស៊ីល គ្រាប់បែក គ្រាប់ផ្លោងហោះតម្រង់អ៊ុយក្រែននោះ។
 
តាមពិតទៅ មុនការផ្ដួចផ្ដើមរបស់ប្រធានាធិបតីអ៊ុយក្រែន ប្រទេសខ្លះ ក៏ដើរមុនមួយជំហានហើយ។ កាលពីខែមុន កាណាដា ប្រកាសថា ខ្លួននឹងកែច្បាប់ដាក់ទណ្ឌកម្មរបស់ខ្លួនដែលនឹងបើកផ្លូវដល់ប្រើប្រាស់ទ្រព្យសម្បត្តិដែលស្ថិតក្រោមការរឹបអូស ឬទណ្ឌកម្ម ជាសំណងដល់ជនរងគ្រោះ ឬជួយស្ថាបនារដ្ឋបរទេសដែលរងគ្រោះ។
 
មកទល់ពេលនេះ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មានពេលជិត៣ខែហើយ។ បីខែមកនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ុយក្រែន រងការបំផ្លាញខ្លាំង ដោយលោក ហ្សេលេនស្គី អះអាថា ក្រុងមូស្គូចង់បំផ្លាញឱ្យបានច្រើនតាមតែអាចធ្វើបានតែម្ដង៕
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com