អន្តរជាតិ
នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលី ទៅជប៉ុនដើម្បីជួបសម្ព័ន្ធមិត្ត Quad នៅដើមសប្ដាហ៍ក្រោយ
22, May 2022 , 9:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីថ្មីរបស់អូស្ត្រាលី អាន់ថូនី អាល់បានីស (Anthony Albanese) នឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូនៅដើមសប្ដាហ៍ក្រោយដើម្បីជួបជាមួយបណ្ដាមេដឹកនាំប្រទេសសមាជិកសន្តិសុខចតុភាគី (Quad) ។ បើតាមលោក អាល់បានីស គោលដៅនៃជំនួបនេះ ជាការណែនាំរដ្ឋាភិបាលថ្មីរបស់អូស្ត្រាលីផង និងគោលនយោបាយថ្មីទាក់ទងវិស័យបម្រែបម្រួលអាកាសធាតុផង ដែលទំនងខុសពីគោលនយោបាយរបស់រដ្ឋាភិបាលលោក ស្កុត ម៉ូរីសុន ។

 
លោក អាន់ថូនី អាល់បានីស នឹងស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីអូស្ត្រាលីនៅថ្ងៃទី២៣ ខែឧសភា បន្ទាប់បក្សពលកររបស់លោក ឈ្នះការបោះឆ្នោតសភាដែលរៀបចំនៅថ្ងៃទី២១ ខែឧសភា ដោយផ្ដួលបក្សកាន់អំណាចរបស់លោក ស្កុត ម៉ូរីសុន ។ លោក អាល់បានីស កំពុងមមាញឹករៀបចំរដ្ឋាភិបាលឱ្យបានការស្បថចូលកាន់តំណែងនៅថ្ងៃទី២៣ ខែឧសភា មុនចាកចេញទៅកាន់តូក្យូ។
 
នាយករដ្ឋមន្រ្តីថ្មីរូបនេះ ត្រូវជួបដោយផ្ទាល់មេដឹកនាំអាម៉េរិក ជប៉ុន និងឥណ្ឌា អំឡុងទស្សនកិច្ចលើកដំបូងនៅបរទេស។ បើតាមប្រមុខរដ្ឋាភិបាលអូស្ត្រាលី ទស្សនកិច្ចនេះ ជាឱកាសសម្រាប់ការផ្ញើសារទាក់ទងការផ្លាស់ប្ដូររដ្ឋាភិបាលនៅអូស្ត្រាលី។
 
«វានឹងមានការផ្លាស់ប្ដូរគោលនយោបាយខ្លះ ពិសេសទាក់ទងបម្រែបម្រួលអាកាសធាតុ និងការចូលរួមរបស់យើងលើវិស័យទាំងនេះ។» មេដឹកនាំវ័យ៥៩ឆ្នាំបញ្ជា្កក់បែបនេះក្រោយប្រកាសជ័យជម្នះលើលោក ម៉ូរីសុន ។ លោកក៏អះអាងថា រដ្ឋាភិបាលថ្មីនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីលើការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត។
 
ក្នុងការឃោសនាកន្លងមក លោក អាល់បានីស សន្យាកាត់បន្ថយការបញ្ចេញឧស្ម័នពុលនេះឱ្យបាន៤៣ភាគរយនៅឆ្នាំ២០៣៥ ពីកម្រិតបញ្ចេញឆ្នាំ២០០៥ ហើយលោកនឹងធ្វើឱ្យអូស្ត្រាលីក្លាយជាមហាសអំណាចផ្នែកការអភវិឌ្ឍដោយចីរភាពផងដែរ៕
 
 
 
 

Tag:
 អូស្ត្រាលី
  Quad
© រក្សាសិទ្ធិដោយ thmeythmey.com