កីឡាជាតិ
ជាតិ
កម្ពុជានឹងរៀបចំក្បួនដង្ហែទង់ និងជ័យលាភីមេដាយស៊ីហ្គេមលើកទី៣១
23, May 2022 , 9:52 am        
រូបភាព
សម្តេច ទៀ បាញ់ លោក ថោង ខុន និងលោក វ៉ាត់ ចំរើន ថតជាមួយជ័យលាភី​គុនខ្មែរដែលទទួលបានមេដាយស៊ីហ្គេម
សម្តេច ទៀ បាញ់ លោក ថោង ខុន និងលោក វ៉ាត់ ចំរើន ថតជាមួយជ័យលាភី​គុនខ្មែរដែលទទួលបានមេដាយស៊ីហ្គេម
ដោយ: រួបរួម
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្តីជូនដំណឹងពីការរៀបចំក្បួនដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជ័យលាភីពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដោយកម្ពុជាទទួលបានមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១។ ពិធីនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៥ និង៣០នាទីល្ងាចថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

 
«ក្បួនដង្ហែតាមរថយន្ត នឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តម ត្រង់មន្ទីរពេទ្យព្រះអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិក»។ នេះបើតាមការកម្មវិធីព្រៀងទុករបស់ NOCC។
 
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៣ ខែឧសភានេះ ហើយសម្តេចក៏នឹងទទួលទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលជាតំណាងម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅភ្នំពេញ នាឆ្នាំ២០២៣។
 
ទាក់ទងនឹងក្បួនដង្ហែទង់ និងជ័យលាភីមេដាយស៊ីហ្គេម NOCC អំពាវនាវដល់ពលរដ្ឋផ្តល់ការគាំទ្រ និងចូលរួមអបអរសាទរ ជាពិសេសលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ ឲ្យបានច្រើនកុះករតាមដងផ្លូវ។
 
កម្ពុជាទទួលបានមេដាយសរុប៦៣ (មាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១)។ នេះជាចំនួនដែលកម្ពុជាទទួលបានច្រើនបំផុតបើគិតចាប់តាំងពីការចូលរួមប្រកួតប្រជែងស៊ីហ្គេមលើកដំបូងនៅឆ្នាំ១៩៦១។ កម្ពុជាមិនបានចូលរួមទៀងទាត់ឡើយ ដោយសារតែសង្គ្រាម ហើយទើបចាប់ផ្តើមប្រឡូកវិញចាប់ពីឆ្នាំ១៩៩៥។ កំណត់ត្រាមេដាយដែលច្រើនបំផុតកន្លងមករបស់កម្ពុជាគឺនៅឆ្នាំ១៩៧១ ដោយបានឈ្នះមេដាយសរុបចំនួន៥៣ (មាស១៧ ប្រាក់១៨ សំរឹទ្ធ១៨)។

-មេដាយមាស៩ពី៦ប្រភេទកីឡា៖
-វ៉ូវីណាម៣, ប៉េតង់២, ឃីកបុកស៊ីង១, តេក្វាន់ដូ WT១, ចំបាប់១ និងគុនខ្មែរ១។

មេដាយប្រាក់១៣ពី៧ប្រភេទកីឡា
-ឃីកបុកស៊ីង៣, កាយសម្ព័ន្ធ៣, ប៉េតង់២, វ៉ូវីណាម២, តេក្វាន់ដូ WT ១, ចំបាប់១, ប្រដាល់សកល១។

មេដាយសំរឹទ្ធ៤១ពី១៥ប្រភេទកីឡា 
-វ៉ូវីណាម៩, គុនខ្មែរ៦, ចំបាប់៤, វូស៊ូ៣, តេក្វាន់ដូ WT ៣, ការ៉ាតេ៣, ប្រដាល់សកល៣, ប៉េតង់៣, ឃីកបុកស៊ីង១, ទូករ៉ូអ៊ីង១, ជឺជីតស៊ូ១, យូដូ១, កាយសម្ព័ន្ធ១, បាល់ទះ១, ហែលទឹកជើងទា១៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com