ជាតិ
សុខភាព
លោកស្រី​ ឱ វណ្ណឌីន ប្រាប់ពលរដ្ឋឱ្យបង្កើនអនាម័យ​ប្រចាំថ្ងៃ ដើម្បីបង្ការជំងឺ«អុតស្វា» ដែលកំពុងឆ្លងនៅបរទេស
23, May 2022 , 3:05 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
ភ្នំពេញ៖​ លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋឱ្យបង្កើនអនាម័យប្រចាំថ្ងៃ ដើម្បីបង្ការជំងឺឆ្លង«អុតស្វា» ខណៈនៅអង់គ្លេស អូស្រា្តលី និងបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីភិចខាងលិច កំពុងឆ្លង​។


អង់គ្លេសបានផ្ទុះជំងឺឆ្លង«អុតស្វា» ជាបន្តបន្ទាប់ ក្រោយរកឃើញលើអ្នកដំណើរអង់គ្លេសម្នាក់ នៅថ្ងៃទី៦ឧសភា​ឆ្នាំ២០២២ បន្ទាប់ពីរួបគេត្រលប់មកពីប្រទេសនីហ្សេរីយ៉ាវិញ បានរយៈពេល២ថ្ងៃ។  អ្នកជំនាញមិនដឹងប្រភពច្បាស់លាស់នៃករណីខ្លះនៃជំងឺនេះឡើយ ខណៈពុំទាន់មានករណីស្លាប់ដោយសារជំងឺនេះទេ គិតត្រឹមថ្ងៃទី២១ឧសភា។​
 
មកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមាននៃជំងឺនេះឡើយ។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន។ ថ្វីកម្ពុជាមិនទាន់មានករណីឆ្លងជំងឺនេះក៏ពិតមែន​ ប៉ុន្តែរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះប្រាប់ពលរដ្ឋគ្រប់រូប ត្រូវតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន និងរក្សាអនាម័យជាប្រចាំថ្ងៃ ខណៈជំងឺនេះត្រូវបានរកឃើញបណ្តាប្រទេសចំនួនទៀតក្រៅអង់គ្លេស។ 
 
លោកស្រី ឱ វណ្ណឌីន ប្រាប់គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ បើសិនសង្ស័យលើករណីណាមួយ ដើម្បីបន្តការស៊ើបអង្កេត។  ជាពិសេសត្រូវពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា។ 
 
ជាមួយគ្នានេះ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏ប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតាមដាន និងពិនិត្យឱ្យមានហ្មត់ចត់ចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់លើខ្លួន គ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិក (ប្រមាណ១០ប្រទេស) ដែលមានកើតឡើងជំងឺអុតស្វា (Monkeypox)បែបអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ( ឬទៅលេខ១១៥)។
បើតាមអត្ថបទរបស់លោកស្រី ឱ វណ្ណឌីន អុតស្វានេះ ជាជំងឺឆ្លងដោយវីរុស(ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិតដែលមានភ្លៀងនៃអាហ្រ្វិកកណ្តាល និងខាងលិច។ ជូនកាល មានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀត ផងដែរ។​​ លោកស្រីបានបញ្ជាក់ថា៖ «ស្ថានភាពឆ្លងនៃជំងឺបច្ចុប្បន្ន មានការចាប់អារម្មណ៍ ព្រោះវាខុសពីសភាដែលយើងបានមើលឃើញពីមុនមក ដោយមានការផ្ទុះឡើងនាពេលថ្មីៗនេះ កំពុងកើតមាននៅក្នុងប្រទេសដែលមិនមានអង់ដេមី»។ 
លោកស្រី បន្តរៀបរាប់ដូច្នេះ៖ «ជំងឺនេះមានស្ថានភាពវិវត្តយ៉ាងលឿន ហើយករណីជាច្រើនទៀតទំនងជាត្រូវបានរាយការណ៍ថា មានការកើនឡើង។ មកទល់នឹងពេលនេះ មាន២ករណី ត្រូវបានរកឃើញនៅក្នុងបណ្តាប្រទេសប៉ាស៊ីភិចខាងលិច និងប្រទេសអូស្រា្តលី។ នៅលើសាកលលោក មិនទាន់មានការរាយការណ៍អំពីករណីស្លាប់នៅឡើយទេ»។
 
ការឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ ឬ ជិតសិ្នទជាមួយអ្នកមានរោគសញ្ញា។ ការប្រើប្រាស់សម្ភាររួមគ្នា​ ដែលរួមទាំងសម្ភារបរិភោគអាហារ ផងដែរ។ វីរុសនៃជំងឺអុតស្វានេះ អាចឆ្លងតាមរយៈទឹកមាត់,​ អាចឆ្លងពីអ្នកមានផ្ទៃពោះទៅទារក ឬឆ្លងពីឪពុកម្តាយដែលមានវីរុសឆ្លងទៅកូន នាអំឡុងពេល ឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះនឹងស្បែក ផងដែរ។ 
 
រោគសញ្ញានៃជំងឺអុតស្វា គឺមានអាការៈក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្លួលដែលមានពងបែក។ កន្លួលមានទំនោរប្រមូលផ្តុំលើនៅលើមុខ បាតដៃ និងបាតដៃ។​ មាត់ ប្រដាប់ភេទ​ និងភ្នែក ក៏អាចរងផលប៉ះពាល់ ផងដែរ។ រោគសញ្ញា និងកន្លួលលើស្បែក​ ជាទូទៅមានរយៈពេលច្រើនសប្តាហ៍។​
 
ដើម្បីបង្ការពីជំងឺឆ្លងនេះ លោកស្រី ឱ វណ្ណឌីន ក៏ដូចអ្នកជំនាញអង្គការសុខភាពពិភពលោក ប្រាប់ដលពលរដ្ឋគ្រប់រូប ត្រូវអនាម័យខ្លួនប្រាណជាប្រចាំ ដោយត្រូវលាងដៃជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារ​ការចម្លងតាមផ្លូវដង្ហើម ហើយចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វា។​ ត្រូវបរិភោគអាហារដែលឆ្អិនល្អ និងរក្សាអនាម័យ និងការចម្អិនអាហារឱ្យបានល្អ។ ជាមួយគ្នានេះ ក៏ត្រូវចៀសវាងប៉ះពាល់ជាមួយសត្វរស់​ឬស្លាប់ ផងដែរ។ 
 
សម្រាប់វ៉ាក់សាំងថ្មីប្រឆាំងជំងឺអុតស្វាយ (Smallpox) និងជំងឺអុតស្វា (Monkeypox) ត្រូវបានអនុម័តឱ្យពលរដ្ឋប្រើប្រាស់ផងដែរ។ ប៉ុន្តែមិនទាន់មានការប្រើប្រាស់ទូលំទូលាយ នៅតាមបណ្តាប្រទេសនៅឡើយទេ។
 
ជុំវិញនៃជំងឺអុតស្វានេះ អង្គការសុខាភាពពិភពលោក(WHO)ចាត់ទុកថា ជាការចម្លងវីរុសនៅអង់គ្លេស មានកម្រិតហានិភ័យទាប។ ត្បិតមានហានិភ័យទាប ប៉ុន្តែWHO លើកឡើងថា៖« ជំងឺនេះអាចបង្កជាការគំរាមកំហែងសុខភាពសកល»។ តែយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រមិនរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺរាតត្បាតដូចជាជំងឺកូវីដ-១៩ទេ ព្រោះវីរុសនេះ មិនឆ្លងងាយៗដូចវីរុសកូវីដ-១៩ (SARS-COV-2)៕
 

Tag:
 ជំងឺឆ្លង
  អុតស្វា
  លោកស្រី ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com