ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រសួង ឱ្យពលរដ្ឋប្រយ័ត្នចំពោះBEC ដែលចោរព័ត៌មានវិទ្យាលួចសាច់ប្រាក់តាមរយៈអ៊ីម៉ែល
24, May 2022 , 8:59 pm        
រូបភាព
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នចំពោះការបោកបញ្ឆោតប្រភេទ Business Email Compromise (BEC) ដែលចោរព័ត៌មានវិទ្យាមានបំណងលួចសាច់ប្រាក់ តាមរូបភាពទាក់ទង ហើយផ្ញើព័ត៌មានតាមរយៈអ៊ីមែ៉ល សម្រាប់ប្រតិបត្តិការទូទាត់សាច់ប្រាក់ទៅក្រុមហ៊ុននៅក្រៅប្រទេស។ ក្រសួងបានបញ្ជាក់ថា ការ​វាយ​ប្រហារ​បោក​បញ្ឆោត​បែបនេះ​ កំពុងកើតមានច្រើនលើ​វិស័យ​ឯកជន​​។

 
ចោរព័ត៌មានវិទ្យា​កំពុងប្រហារអង្គភាពនានាក្នុងវិស័យឯកជន ដែលជាគោលដៅក្នុងការលួចសាច់ប្រាក់ តាមរយៈការផ្ញើសារអ៊ីម៉ែល។ សារដែលចោរព័ត៌មានវិទ្យាប្រើប្រាស់នោះ មើលទៅហាក់ដូចជា មកពីប្រភពដែលស្គាល់ និងត្រឹមត្រូវ។  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៣ឧសភា។
 
ក្រសួងប្រៃសណីយ៍ បន្ថែមថា ចោរព័ត៌មានវិទ្យាបានធ្វើពុតជាក្រុមហ៊ុនផលិត ឬ ដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន ,នាយកផ្នែកហិរញ្ញវត្ថុ ឬជំនួយការនិងបុគ្គលិកជាន់ខ្ពស់ ដែលទាក់ទងនឹងហិរញ្ញវត្ថុ ឬ ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូរទាត់ថ្លៃទំនិញ ឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ដែលខុសពីគណនីសម្រាប់ទូទាត់កន្លងមក តាមរយៈការផ្ញើវិក្កយបត្រតាមអាសយដ្ឋានអ៊ីម៉ែលរបស់ក្រុមហ៊ុនផលិត ឬ ដៃគូអាជីវកម្ម ដែលធ្លាប់ប្រើ ឬអាស័យដ្ឋាន ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។
 
ដើម្បីការពារខ្លួនពីការបោកបញ្ឆោតប្រភេទBusiness Email Compromise (BEC)នេះ​ ក្រសួងប្រៃសណីយ៍ ប្រាប់អ្នកប្រើប្រាស់អ៊ីម៉ែលទាំងអស់ គួរមានការប្រុងប្រយ័ត្នខ្ពស់និងបង្កើនវិធានការការពារមួយចំនួន ដូចជា៖ ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីម៉ែលដែលផ្ញើមកឱ្យបានច្បាស់ ឬអាចសាកសួរតាមទូរសព្ទបន្ថែមទៀត ក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមានប្រភពមកពីអ្នកដែលស្គាល់គ្នាក៏ដោយ។ 
 
ទន្ទឹមគ្នានេះ ពលរដ្ឋត្រូវប្រយ័ត្នឱ្យខ្ពស់ចំពោះសារអ៊ីម៉ែល ដែលស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរប្រាក់។ ពលរដ្ឋត្រូវបញ្ជាក់និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គលឬដៃគូអាជីវកម្មតាមរយៈមធ្យោបាយផ្សេងក្រៅពីអ៊ីម៉ែល។  ជាពិសេសត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ប្រសិនជាពលរដ្ឋដឹងខ្លួនថា បានចាញ់បញ្ជោតនិងផ្ទេរសាច់ប្រាក់រួចរាល់។ លើសពីនេះ ពលរដ្ឋគួរដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ស្វែងរកចោរព័ត៌មានវិទ្យាមកផ្តន្ទាទោស៕
 
 

Tag:
 BEC
  ចោរព័ត៌មានវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com