អន្តរជាតិ
រដ្ឋមន្រ្តីព័ត៌មាន ស្នើអ្នកកាសែតផ្សាយព័ត៌មានវិជ្ជមានកាន់តែច្រើនពីការធ្វើម្ចាស់អាស៊ានឆ្នាំ២០២២
25, May 2022 , 4:59 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មានថ្លែងក្នុងកម្មវិធីថ្ងៃទី២៥ ខែឧសភា។ រូបថតផ្ដល់ឱ្យ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មានថ្លែងក្នុងកម្មវិធីថ្ងៃទី២៥ ខែឧសភា។ រូបថតផ្ដល់ឱ្យ
ភ្នំពេញ៖ កម្ពុជា​ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខែវិច្ឆិកាខាងមុខ ដែលជាលើកទី៣ របស់ខ្លួន។​ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២៥ ខែឧសភា ស្នើឱ្យអ្នកសារព័ត៌មានគ្រប់ទម្រង់ ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងដំណឹងនានាពីការធ្វើជាម្ចាស់ផ្ទះនេះ។

 
ថ្លែងក្នុងកម្មវិធីស្ដីពីការរាយការណ៍ប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការរួមចំណែកស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្ថាបនាសហគមន៍អាស៊ាន ពិសេសអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ បើតាមរដ្ឋមន្រ្តីរូបនេះ ប្រព័ន្ធផ្សព្វផ្សាយ ជាដៃគូមិនអាចចៀសបាន ក្នុងការសម្រេចឱ្យបានទស្សនៈវិស័យ និងគោលដៅអាស៊ានដែរ។
 
ក្នុងន័យនេះ​ លោក ខៀវ កាញារីទ្ធ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទបំពេញការងាររិះរកព័ត៌មាន និងផ្សាយពីព័ត៌មានទាក់ទងកិច្ចប្រជុំឱ្យបានទូលំទូលាយ។
 
«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះស្នើអ្នកកាសែតមកពីប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយអេឡិកត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយថ្មីនៅកម្ពុជា និងអន្តរជាតិ ធ្វើការងារដែលអាច ដើម្បីផ្សាយ និងបោះពុម្ពព័ត៌មានវិជ្ជមាន និងដំណឹងឱ្យបានច្រើនពីការធ្វើប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា។» រដ្ឋមន្រ្តីព័ត៌មានបញ្ជាក់បែបនេះ។


 
សូមបញ្ជាក់ថា កម្មវិធីដែលសហការរៀបចំដោយវិទ្យាសា្ថនស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) និងកាសែត Khmer Times មានគោលដៅជួយពង្រីកចំណេះដឹងរបស់អ្នកកាសែតកម្ពុជាក្នុងការរាយការណ៍ពីបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលជាប្រធានបទអាទិភាពរបស់ប្រធានអាស៊ានឆ្នាំ២០២២។ 
 
លោក Kavi Chongkittavorn អ្នកកាសែតជើងចាស់ដែលផ្ដោតលើកិច្ចការអាស៊ាន ក៏បានចែករំលែកបទពិសោធផ្ទាល់ខ្លួនលើការឆ្កឹះរកព័ត៌មានទាក់ទាញសម្រាប់អ្នកអានផងដែរ។  
 
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើនៅថ្ងៃទី១០-១២ ខែវិច្ឆិកា ដោយមេដឹកនាំអាស៊ាន និងដៃគូពាក់ព័ន្ធ​ នឹងចូលរួមក្នុងជំនួបប្រចាំឆ្នាំដ៏ធំមួយនេះ។ មជ្ឈភាពអាស៊ាន បញ្ហាមីយ៉ាន់ម៉ា​ និងសមុទ្រចិនខាងត្បូង ទំនងជារបៀបវារៈសំខាន់។​ មូលបទសម្រាប់ឆ្នាំ គឺអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា៕.
 
 
 
 

Tag:
 ខៀវ កាញារីទ្ធ
  អាស៊ាន២០២២
© រក្សាសិទ្ធិដោយ thmeythmey.com