ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពិតជាគំរូល្អមែន! សិក្ខាកាមដ៏ជោគជ័យចំនួន ​៣រូប ឆ្លៀតពេលដ៏មមាញឹកបន្តចែករំលែកចំណេះដឹងផ្នែកបដិសណ្ឋារកិច្ចដល់យុវជនជំនាន់ក្រោយ
27, May 2022 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ការគួបផ្សំគ្នា​រវាងបំណងប្រាថ្នា និង​ការតស៊ូ យុវជនចំនួន ​៣រូបបាន​វិវត្តខ្លួនក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យ​ បន្ទាប់ពីទទួលបានការ​បណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)។ ភាពជោគជ័យនេះ​ បានជំរុញលើកទឹកចិត្តអ្នកទាំងបីក្លាយជាគ្រូបង្គោលហូកា ដោយបន្តចែក​រំលែក​ចំណេះដឹង និងជំនាញរបស់ខ្លួន​ទៅ​កាន់យុវជនជំនាន់ក្រោយជាពិសេសបុគ្គលិកក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ក៏ដូចជាចូលរួម​ស្តារឡើងវិញនូវ​វិស័យទេសចរណ៍នៅប្រទេសកម្ពុជា។



លោក អ៊ុល វិទូ ជាម្ចាស់ហាងកាហ្វេ The Coffee Time ដែលមានទីតាំងនៅក្រុងក្រចេះ ខេត្តក្រចេះ និង​ជាអតីតសិក្ខាកាម​សិក្សា​ក្នុងវគ្គ​បណ្ដុះបណ្ដាលគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នៃ​ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)។ ក្រៅ​ពីជាអ្នក​គ្រប់គ្រងហាងកាហ្វេ បច្ចុប្បន្នលោក វិទូ ក៏ជា​គ្រូ​បង្គោល​មួយរូបក្នុង​គម្រោង​ហូកា ដោយបាន​​បណ្ដុះបណ្ដាលដល់យុវជនជាច្រើនក្នុងខេត្តក្រចេះ។ 
  

លោក អ៊ុល វិទូ កំពុងបង្រៀនសិក្ខាកាមក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​បដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក​ អ៊ុល វិទូ

លោក វិទូ បាន​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​បដិសណ្ឋារកិច្ច ហូកា ក្នុង​ឆ្នាំ២០១៨ ក្រោយពីរូបលោក​​បើកដំណើរការហាងកាហ្វេបានមួយឆ្នាំ។ វគ្គបណ្ដុះ​បណ្ដាលផ្នែកសេវាកម្មម្ហូប​អាហារ និង​ភេសជ្ជៈ ជា​វគ្គបណ្ដុះបណ្ដាលដំបូង​ដែល​លោក​បាន​រៀនសូត្រ និង​​ស្គាល់ពី​កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ជាពិសេស​វគ្គ​នេះ ធ្វើ​ឱ្យ​លោក​ទទួលបានចំណេះដឹង ជំនាញ ឥរិយាបទ និងបទពិសោធន៍​ ដើម្បីយក​មក​អភិវឌ្ឍហាងកាហ្វេ​ដែល​ទើប​ដំណើរការ។ 
 
លោក លើក​ឡើង​ដូច្នេះថា៖ «បន្ទាប់ពី​បានបញ្ចប់​វគ្គបណ្តុះបណ្តាលនេះ ​ ​ខ្ញុំអាចយក​ចំណេះដឹង និងជំនាញដែលទទួលបានទៅបណ្ដុះបណ្ដាលបន្ត​ដល់បុគ្គលិក​របស់ខ្ញុំ ។ ហូកា បានជួយឱ្យយើងចេះ និងជំនាញជាច្រើនដូចជាជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញសហគ្រិនភាព រួមទាំងចំណេះដឹងលើការការពារបរិស្ថាន និងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ»។ 
 
តាមរយៈការខិតខំ និងការយកចិត្តទុកដាក់រៀនសូត្រ រួមទាំងភាពសកម្មនៅក្នុង​វគ្គបណ្ដុះបណ្ដាលជាច្រើន បាន​ជំរុញ​ឱ្យ​លោក វិទូ បន្តចូលរៀន​វគ្គគ្រូបង្គោលហូកា ដើម្បីជួយបណ្ដុះបណ្ដាលបន្តដល់យុវជននៅទីកំណើតរបស់ខ្លួនក្នុងខេត្ត​ក្រចេះ។​ ​ម្ចាស់ហាងកាហ្វេ និង​ជាគ្រូបង្គោលរូបនេះ សប្បាយចិត្ត​ក្រោយបាន​​បញ្ចប់វគ្គបណ្ដុះបណ្ដាល ដោយ​ជោគជ័យ ដែលក្លាយជាគ្រូបង្គោលហូកាទទួលស្គាល់ដោយក្រសួងទេសចរណ៍។
  

លោក អ៊ុល វិទូ កំពុងបង្រៀនសិក្ខាកាមក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​បដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក​ អ៊ុល វិទូ

ទម្រាំក្លាយជាគ្រូបង្គោល​ ហូកា មិនមែន​ជារឿងងាយស្រួល​សម្រាប់​លោក អ៊ុល វិទូ ឡើយ។ លោកបន្តរៀបរាប់ថា៖«ដើម្បី​ក្លាយជាគ្រូ​បង្គោល​ យើង​ត្រូវ​យល់ដឹងពីវិធីសាស្រ្តបង្រៀន និងជំនាញបច្ចេកទេសដែល​​ត្រូវ​បង្រៀនជាមុនសិន។ ណាមួយក្នុង​បរិបទកូវីដ-១៩ ទាមទារឱ្យរៀន​អនឡាញខ្លះ រៀនផ្ទាល់ខ្លះ ដែល​ត្រូវ​ប្រើ​ពេលវេលាបត់បែន​ច្រើន។ តែចុងក្រោយ ខ្ញុំក៏អាច​ធ្វើបាន រហូតក្លាយជាគ្រូបង្គោលដែលមានការទទួលស្គាល់ពីក្រសួងទេសចរណ៍»។
 
ទោះមានផលលំបាកបែបនេះក្ដី ក៏​មិន​មែនជា​ឧបសគ្គសម្រាប់លោក វិទូ ដែរ។ បើតាម​លោក អ៊ុល វិទូ គណៈកម្មការហូកានៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត​ក្រចេះ​ រួមទាំងក្រុមការងារ SDP ​តែងតែជំរុញ​ និង​លើក​ទឹកចិត្តជាប្រចាំ។ «ដើម្បីតបស្នងដល់កម្មវិធី ហូកា នៅក្រោយពេលដែលខ្ញុំក្លាយជាគ្រូបង្គោល ខ្ញុំ​បានបេ្តជ្ញាចិត្ត ​ចូលរួមជួយ​សហគមន៍ តាមរយៈការចែក​រំលែកចំណេះដឹង​ និងជំនាញដែលខ្ញុំ​ទទួលបាន​​ពីការ​បណ្ដុះ​បណ្ដាល​ទៅ​កាន់សហគមន៍វិញ»។ នេះជាការលើកឡើងរបស់យុវជន អ៊ុល វិទូ ដោយបន្ថែមថា ប្រសិនបើលោកមិន​បាន​ចូលរួម​វគ្គបណ្ដុះបណ្ដាល ហូកា ទេ អាជីវកម្មរបស់លោក​ក៏​មិនអាច​រីកចម្រើនលូតលាស់ដូចសព្វថ្ងៃដែរ។
  

លោកស្រី មាស រដ្ឋា​ កំពុងបង្រៀនសិក្ខាកាមក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​បដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោកស្រី មាស រដ្ឋា​

ចំណែកលោកស្រី មាស រដ្ឋា​ ក៏ជា​សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា ផងដែរ។ បច្ចុប្បន្នលោកស្រី មាន​តួនាទីជា​អ្នកគ្រប់គ្រង​​ក្នុង​ផ្ទះសំណាក់​​វិមានស ដែលស្ថិតនៅខេត្ត​ព្រះវិហារ។ កាល​រៀន​វគ្គ​បណ្ដុះ​បណ្ដាលដំបូង លោកស្រី មាស រដ្ឋា បាន​ជ្រើសរើសជំនាញការិយាល័យជួរមុខ។
 
ក្រោយ​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ លោកស្រី រដ្ឋា មាន​ការផ្លាស់ប្ដូរច្រើនទាំងរបត់ការងារ បទ​ពិសោធន៍ថ្មីៗ ចំណេះដឹង ជំនាញ និង​វិធីសាស្ត្របង្រៀន​។ លោកស្រី មាស រដ្ឋា បញ្ជាក់ថា៖ «កម្មវិធី ហូកា ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​​យក​ចិត្ត​ទុកដាក់ និងយល់ដឹង​ច្រើនជាង​មុន។ ពីមុន​យើង​ពុំសូវចេះអត់ធ្មត់នោះទេ តែ​ពេលរៀនចប់ យើង​ចេះដោះស្រាយ​បញ្ហា​ និងចេះទប់អារម្មណ៍។ ពីមុន​ពេលភ្ញៀវស្ដីឱ្យម្តងៗ ពេលខ្លះស្ដីឱ្យ​ភ្ញៀវវិញក៏មាន។ ប៉ុន្តែឥឡូវខ្ញុំអាចដោះស្រាយបានល្អប្រសើរជាងមុន ទាំងអស់នេះគឺជាជំនាញទន់ដែលខ្ញុំទទួលបានពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា»។ 
 
លោកស្រី អះអាងថា វគ្គបណ្ដុះបណ្ដាលនេះពិតជា​មាន​តម្លៃ ហើយ​លោកស្រីបន្ត​គាំទ្រ និង​សប្បាយ​ចិត្ត​នឹង​ចូលរួម​ ព្រោះ​បាន​ផ្លាស់ប្ដូរ​ទម្លាប់ជាច្រើន​ ជាពិសេស​​ផ្ដល់ឱកាស​ឱ្យទទួលបាន​ការងារល្អ និង​ប្រាក់បៀវត្សសមរម្យ។ ការយកចិត្តដាក់ និងភាពឧស្សាហ៍ព្យាយាម រួមទាំងការចង់ចែករំលែកចំណេះដឹងដល់យុវជន បាន​ធ្វើឱ្យលោកស្រី រដ្ឋា ក្លាយជាគ្រូបង្គោល ដែលជ្រើសរើសដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ​។ 
  


«មូលហេតុដែលជំរុញឱ្យខ្ញុំចង់ក្លាយជា​គ្រូ​បង្គោលការិយាល័យជួរមុខ​ គឺ​ដោយសារថា ខ្ញុំ​មាន​គំនិត​ចង់​ចែក​រំលែកចំណេះដឹង និងបទពិសោធន៍ល្អៗទៅ​អ្នក​ដទៃ ឱ្យបាន​ចេះ​ដឹងដូចរូបខ្ញុំដែរ។ ដូច្នេះ ​ពួក​គាត់​នឹងមានភាពក្លាហាន​ក្នុង​ការ​រៀនសូត្រ បំពេញការងារ​ និងមានឱកាស​បញ្ចេញ​សមត្ថភាពដើម្បីលើកស្ទួយសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើង»។ នេះជា​ការ​លើកឡើងរបស់​លោកស្រី មាស រដ្ឋា ដោយបន្តថា សម្រាប់លោកស្រីផ្ទាល់ កម្មវិធី ហូកា បានផ្តល់ឱកាសដ៏វិសេសវិសាល ដែលបានវិវត្តខ្លួនលោកស្រីពីបុគ្គលិកធម្មតាម្នាក់ដែលមានជំនាញទាបទៅកាន់មុខតំណែងជាអ្នកគ្រប់គ្រងនាពេលបច្ចុប្បន្ន។ 
 
បន្ទាប់ពីក្លាយជា​គ្រូ​បង្គោល លោកស្រី មាស រដ្ឋា បាន​បន្តចែករំលែកចំណេះដឹងដល់បុគ្គលិកនៅកន្លែងការងារ និងបានបណ្ដុះបណ្ដាលយុវជនងាយរងគ្រោះបានមួយវគ្គ​ផងដែរ។ ​ទោះក្លាយជា​គ្រូបង្គោលក្ដី ក៏លោកស្រី រដ្ឋា នៅ​មាន​អារម្មណ៍ខ្លាចថាមិន​មាន​បទ​ពិសោធន៍គ្រប់គ្រាន់​ក្នុង​ការ​បង្រៀនបន្ត។ ប៉ុន្តែ​លោកស្រី រដ្ឋា នៅតែមាន​ជំនឿចិត្តថាខ្លួនអាច​ធ្វើបាន ក្រោយ​ទទួលបាន​ការជំរុញ​លើក​ទឹកចិត្ត ​ពីលោកគ្រូ​អ្នកគ្រូ រួមទាំង​មន្ទីរទេសចរណ៍ខេត្ត​ ព្រមទាំងការបំពាក់បំប៉នជំនាញបន្ថែមពីកម្មវិធី SDP ។
 
ដោយឡែក​លោក ថាំង វត្តី វិញ ក៏ជាគ្រូបង្គោលដូចអ្នកទាំងពីរខាងលើ​ដែរ។ លោក ថាំង វត្តី ជា​អតីតសិក្ខា​កាម​នៃកម្មវិធីបណ្ដុះបណ្ដាល ហូកា ដែលសិក្សាជំនាញសេវាកម្មម្ហូប​អាហារ និងភេសជ្ជៈ។ បច្ចុប្បន្នលោក វត្តី ជាម្ចាស់អាហារដ្ឋាន Domino ដែលស្ថិតក្នុងខេត្ត​ស្ទឹង​ត្រែង។ 
 
បើតាម​លោក ថាំង វត្តី​ ក្រៅពីជំនាញបច្ចេកទេស លោកក៏ទទួលបានជំនាញទន់ដូចជា «ការទំនាក់ទំនង​ ការដោះស្រាយបញ្ហា ឥរិយាបថ ការរៀបចំតុបតែងខ្លួន សុវត្ថិភាព និងអនាម័យម្ហូបអាហារ » ។ លោក រៀបរាប់បែបនេះថា៖ «ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ខ្ញុំពិតជាសប្បាយចិត្ត​ ព្រោះយើងទទួលបាន​ជំនាញល្អៗ និងមានអត្ថប្រយោជន៍ជាច្រើនលើ​ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ​។ យើងពិតជារំភើប និងមានមោទនភាព ដែលក្លាយជាបុគ្គលម្នាក់​ដែលមាន​ជំនាញច្បាស់លាស់។ ទោះបីយើងទៅដល់ទីណាក៏មិន​ខ្វះការងារល្អៗធ្វើនោះដែរ »។
  

លោក ថាំង វត្តី ​ កំពុងបង្រៀនសិក្ខាកាមក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​បដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយ​លោក ថាំង វត្តី 

អតីតសិក្ខាកាមរូបនេះ មាន​ទំនុកចិត្តខ្លាំង​លើ​វគ្គបណ្ដុះបណ្ដាល ហូកា ដែល​ធ្វើ​​ឱ្យ​អ្នកបម្រើសេវាកម្ម ឬម្ចាស់​អាជីវកម្ម មានជំនាញពិតប្រាកដ ដើម្បីបម្រើសេវាជូនភ្ញៀវឱ្យបានល្អប្រសើរ។ លោក បន្តទៀតថា វគ្គបណ្ដុះបណ្ដាលនេះ ក៏អាច​បង្កើតការងារដល់យុវជនក្រីក្រ និងខ្វះលទ្ធភាពបន្តការសិក្សា ឱ្យទទួលបានការងារសមរម្យផងដែរ។ 
 
ការបង្រៀន និងចែករំលែកចំណេះដឹងបន្តដល់យុវជន មិនចោទជា​បញ្ហា​សម្រាប់​លោក វត្តី ឡើយ។ ម្ចាស់​អាហារដ្ឋានរូបនេះ ពេញចិត្ត​ចំពោះតួនាទីជាគ្រូបង្គោល ដែល​អាច​ឱ្យលោក​ផ្ដល់ចំណេះដឹងដល់ពលរដ្ឋ ឬយុវជនងាយរងគ្រោះ​នៅក្នុង​តំបន់របស់លោក។ លោក​ វត្តី រៀបរាប់ដោយក្ដីរីករាយថា៖ «ខ្ញុំមានអារម្មណ៍ថារំភើប ពេលដែលត្រូវបាន​ជ្រើសរើសជាគ្រូបង្គោល ហូកា ព្រោះវា​ស្រប​នឹងឆន្ទៈរបស់ខ្ញុំ។ ការក្លាយជាគ្រូបង្គោល​នឹងជួយឱ្យខ្ញុំអាចបង្កើនសមត្ថភាពមួយកម្រិតទៀត »។​ លោកបន្តថា៖ «ខ្ញុំ​នឹង​ព្យាយាមបង្រៀន និងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងអស់នេះទៅដល់​​យុវជនងាយរងគ្រោះ និង​បោះបង់ចោលការសិក្សា ដើម្បីឱ្យពួកគាត់​មានឱកាសទទួលបាន​ការងារសមរម្យ»។
 
គ្រូបង្គោល ហូកា ទាំងបីខាងលើ លើកឡើង​ស្រដៀងគ្នាថាវគ្គបណ្ដុះបណ្ដាល​នេះពិតជាមានសារប្រយោជន៍ អាច​ជួយផ្លាស់ប្ដូរខ្សែជីវិតយុវជនងាយរងគ្រោះឱ្យមានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ រីឯ ​ម្ចាស់អាជីវកម្មក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនដើម្បីឱ្យមុខរបរកាន់តែរីកលូតលាស់ និងមានដំណើរការល្អប្រសើរ។ សូមយុវជនទាំងអស់កុំអស់សង្ឃឹម កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ពិតជាអាចជួយអ្នកបាន។ ជំនាញពិត ជីវិតប្រសើរ។ 
 
កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បាន និងកំពុងផ្តល់ការបណ្ដុះបណ្ដាលលើជំនាញបដិសណ្ឋារកិច្ច នៅតាមខេត្តគោលដៅចំនួន៥ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ។ កម្មវិធីនេះបានបណ្ដុះបណ្ដាលគ្រូបង្គោល និងសិក្ខាកាមប្រមាណជាង១,០០០នាក់ ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍។ 
 
សូម​បញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕
 

Tag:
 គ្រូបង្គោល
  បដិសណ្ឋារកិច្ច
  ទេសចរណ៍
  SDP
© រក្សាសិទ្ធិដោយ thmeythmey.com