អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនចង់មានកិច្ចព្រមព្រៀងដ៏ធំមួយជាមួយប្រទេស១០ក្នុងតំបន់ប៉ាស៊ីហ្វិក
28, May 2022 , 8:29 am        
រូបភាព
 រូបឯកសារ៖ ស្ត្រីម្នាក់ឆ្លងផ្លូវនៅក្បែរបដាមួយដែលបង្ហាញពីទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨។
រូបឯកសារ៖ ស្ត្រីម្នាក់ឆ្លងផ្លូវនៅក្បែរបដាមួយដែលបង្ហាញពីទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ដោយ: VOA
ចិនចង់មានកិច្ចព្រមព្រៀងដ៏ធំមួយជាមួយបណ្តាប្រទេសតូចៗចំនួន១០នៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលរួមមានវិស័យជាច្រើន ដោយចាប់តាំងពីវិស័យសន្តិសុខរហូតដល់ការនេសាទត្រីនៅក្នុងអ្វីដែលមេដឹកនាំមួយរួបបានព្រមានថា ជាការប៉ុនប៉ងរបស់ចិនក្នុងការដណ្តើមគ្រប់គ្រងនៅក្នុងតំបន់នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។

 
សេចក្តីព្រាងកិច្ចព្រមព្រៀងមួយដែលទីភ្នាក់ងារព័ត៌មានAPទទួលបាន បានបង្ហាញថា ចិនចង់ហ្វឹកហ្វឺនដល់មន្ត្រីប៉ូលិសក្នុងតំបន់ប៉ាស៊ីហ្វិក ដោយបង្កើតជាប្រព័ន្ធសន្តិសុខតាម«លក្ខណៈធម្មតានិងទំនើប»និងពង្រីកកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់។ ចិនក៏មានបំណងចង់អភិវឌ្ឍគម្រោងដែនទឹកសម្រាប់ការនេសាទ បង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកអភិបាលកិច្ចនៃសន្តិសុខកុំព្យូទ័រនិងបង្កើតការផ្លាស់ប្តូរវប្បធម៌រវាងចិននិងប្រទេសទាំងនោះផងដែរ។
 
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ប៉ាស៊ីហ្វិកនោះ។ លោកសង្ឃឹមថា នឹងទទួលបានការគាំទ្រទៅលើអ្វីដែលហៅថាជាចក្ខុវិស័យនៃការអភិវឌ្ឍទូទៅមួយ។ ប្រទេសដែលរដ្ឋមន្ត្រីការបរទេសចិនរូបនេះកំពុងបំពេញទស្សនកិច្ចរួមមានប្រទេស Solomon Islands គីរីបាទី សាម័រ ហ្វីជី វ៉ានូទូ និងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
 
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានសម្តែងនូវក្តីបារម្ភរបស់រដ្ឋាភិបាលអាមេរិកនៅថ្ងៃពុធម្សិលមិញអំពីចេតនារបស់ចិនដោយនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងអាចប្រើប្រាស់កិច្ចព្រមព្រៀងនោះដើម្បីកេងប្រយោជន៍លើប្រទេសដែនកោះទាំងនោះនិងបង្កអស្ថិរភាពនៅក្នុងតំបន់នោះផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com