អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្រ្តីសិង្ហបុរី៖ សន្តិសុខសមូហភាព គួរតែគិតខ្ពស់ជាងសន្តិសុខរបស់ប្រទេសនីមួយៗ
28, May 2022 , 10:59 am        
រូបភាព
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហុបុរី។ រូបភាព៖ ក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហុបុរី។ រូបភាព៖ ក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង នៅថ្ងៃទី២៧ ខែឧសភា បានយល់ឃើញថា ប្រទេសនៅក្នុងតំបន់ គួរតែសហការលើការកសាងសន្តិសុខសមូហភាព បើទោះប្រទេសទាំងនោះ ត្រូវគិតគូរពីការពង្រឹងសន្តិសុខជាតិរបស់ខ្លួនក៏ដោយ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំសិង្ហបុរី ព្រមានពីការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់អាស៊ី។

 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅជប៉ុនរយៈពេល ៤ថ្ងៃ ប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង បានថ្លែងទៅកាន់អ្នកសារព័ត៌មានសិង្ហបុរី ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាសន្តិសុខនៅក្នុងតំបន់ផង ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង។ ក្នុងសន្និសីទសារព័ត៌មាននោះ នាយករដ្ឋមន្រ្តីសិង្ហបុរី បានជំរុញឱ្យប្រទេសក្នុងតំបន់គិតគូរពីបញ្ហាសន្តិសុខសមូហភាព ជាជាងសន្តិសុខរបស់ប្រទេសនីមួយៗ។ 
 
«សន្តិសុខមិនមែនគិតត្រឹមតែប្រទេសមួយៗទេ ដោយសារប្រទេសទាំងនោះនឹងធ្វើអ្វី ដែលយើងព្យាយាមធ្វើ ដើម្បីសុវត្ថិភាពរបស់យើង»។ លោកលីបានពន្យល់បែបនេះ ដោយបន្ថែមថា ការពង្រឹងវិស័យសន្តិសុខរបស់បណ្តាប្រទេសមួយៗ ធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតព្រួយបារម្ភ ហើយវានឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ 
 
ត្រង់ចំណុចនេះ លោកលី បានជំរុញឱ្យប្រទេសទាំងអស់ត្រូវសហការគ្នាដើម្បីការពារសន្តិសុខសមូហភាព។ សន្តិសុខសមូហភាព គឺជាសកម្មភាពរួមគ្នារបស់រដ្ឋនីមួយៗ ក្នុងការគិតគូរពីសន្តិសុខ និងការគំរាមកំហែងផ្សេងៗ។
 
មុនការថ្លែងបែបនេះមួយថ្ងៃ លោកលី ក៏បានព្រមានពីការរត់ប្រណាំងអាវុធនុយក្លេអ៊ែរផង នៅក្នុងតំបន់អាស៊ី ស្របពេលមានសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង, ការបង្កើនឥទ្ធិពលចិនក្នុងតំបន់ រួមទាំងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ ក្នុងវេទិកាអនាគតអាស៊ីនោះ លោកលី បានអះអាងថា កិច្ចសហប្រតិបត្តិការសន្តិសុខ គួរតែបំពេញបន្ថែមដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោកលី នៅថ្ងៃទី២៧ ខែឧសភា បានអះអាងថា ដោយសារបញ្ហាខាងលើ សិង្ហបុរីបានចូលរួមទាំង ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)របស់អាម៉េរិក និងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែរក្រវ៉ាត់ (BRI)របស់ចិន។ បើតាមលោកលី ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងសេដ្ឋកិច្ចរបស់អាម៉េរិក មិនមែនផ្តល់ផលអាក្រក់ដល់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចរបស់ចិនឡើយ៕
 

Tag:
 សិង្ហបុរី
  ជប៉ុន
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com