អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក កូរ៉េខាងត្បូង ជប៉ុន រួមគ្នាថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
28, May 2022 , 3:32 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
រដ្ឋមន្រ្តីការបរទេសអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន នៅថ្ងៃទី២៨ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសយ៉ាងខ្លាំងលើកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលជាច្រើនលើក បន្ទាប់ពីបរាជ័យក្នុងការដាក់ទណ្ឌកម្ម។​

 
ចាប់តាំងពីកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលជាច្រើនលើក ដោយមានទាំងមីស៊ីលបាលីស្ទិកចម្ងាយខ្លី និងចម្ងាយឆ្ងាយផង។ ដោយបារម្ភពីអសន្តិសុខនៅក្នុងតំបន់ អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី២៨ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោសទោសកូរ៉េខាងជើងយ៉ាងខ្លាំង។ 
 
«កូរ៉េខាងជើង បានបង្កើនការបាញ់មីស៊ីលយ៉ាងខ្លាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១»។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន ជាមួយសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី និងសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន បានបញ្ជាក់រួមគ្នាបែបនេះ ដោយបន្ថែមថា ការសាកល្បងទាំងនោះ បានបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខជាច្រើនលើក រួមទាំងបង្កការគំរាមកំហែងនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិយ៉ាងខ្លាំង។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតប្រទេសទាំងបី បានទទូចឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងគោរពកាតព្វកិច្ច ដែលមានចែងក្នុងសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ រួមទាំងបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ, កាត់បន្ថយភាពតានតឹង ​និងស្ថិរភាពក្នុងតំបន់។ 
 
សេចក្តីថ្លែងការណ៍រិះគន់នេះ ធ្វើឡើងបន្ទាប់ពីចិន និងរុស្ស៊ីបានប្រើសិទ្ធិវ៉េតូរបស់ខ្លួនប្រឆាំងនឹងសំណើអាម៉េរិកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ឱ្យ​ដាក់​ទណ្ឌកម្ម​បន្ថែមលើ​កូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលអន្តរទ្វីប។ ដោយមិនអាចដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង រដ្ឋមន្រ្តីការបរទេសទាំងបីរូប បានបង្ហាញការសោកស្តាយ ដែលក្រុមប្រឹក្សាសន្តិសុខ មិនអាចចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មជាថ្មី។ ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងលើកចុងក្រោយ គឺនៅក្នុងឆ្នាំ ២០១៧ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប។ 
 
មុនសេចក្តីថ្លែងការណ៍ខាងលើមួយថ្ងៃ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មលើធនាគារ Far Eastern និងធនាគារ Bank Sputnik ដែលស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ី, រួមទាំងលោក Jong Yong Nam មានមានមូលដ្ឋាននៅបេឡារុស និងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងទៀត ដែលគាំទ្រកូរ៉េខាងជើង ក្នុងការអភិវឌ្ឍអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលបាលីស្ទិក។ 
 
ទណ្ឌកម្មរបស់អាម៉េរិកលើកចុងក្រោយនេះ បានបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន និងបុគ្គលខាងលើ ដែលមាននៅក្នុងទឹកដីអាម៉េរិក។ មិនតែប៉ុណ្ណោះ ទណ្ឌកម្មនេះ ក៏ហាមក្រុមហ៊ុន និងប្រជាជនអាម៉េរិក ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន និងបុគ្គលដែលស្ថិតក្នុងបញ្ជីខ្មៅនោះផង៕ 
 

Tag:
 អាម៉េរិក
 ​ កូរ៉េខាងត្បូង
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com