អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្រ្តីការបរទេសចិន៖ ពិភពលោក មិនមែនដូចអ្វីដែលអាម៉េរិកបរិយាយឡើយ
29, May 2022 , 9:30 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ AFP
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៨ ខែឧសភា បានលើកឡើងថា ពិភពលោក មិនដូចអ្វី ដែលអាម៉េរិកពិពណ៌នាឡើយ។ សម្តីរបស់ប្រមុខការទូតចិនបែបនេះ ធ្វើឡើងបន្ទាប់ពីសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន បានចោទចិនថា មានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក តាមរយៈអំណាចយោធា ការទូត និងសេដ្ឋកិច្ច។

 
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៦ ខែឧសភា កន្លងមក បានថ្លែងយ៉ាងច្បាស់ៗថា ចិន ជាប្រទេសតែមួយគត់ ដែលមានបំណងកែប្រែឡើងវិញនូវសណ្តាប់ធ្នាប់អន្តរជាតិ និងប្រើអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា ដើម្បីធ្វើរឿងមួយនោះ។ បន្ទាប់ពីការលើកឡើងបែបនេះ ប្រមុខការទូតចិន លោក វ៉ាង យី បានប្រាប់ទៅវិញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានយល់ខុសលើក្រុងប៉េកាំង និងជំរុញឱ្យរដ្ឋបាលលោកបៃឌិន គោរពគ្នាទៅវិញទៅមក និងរួមរស់ក្នុងប្រកបដោយសន្តិភាព ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច។ 
 
«ពិភពលោកនេះ គឺមិនដូចអ្វីដែលអាម៉េរិកបរិយាយឡើយ»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងដំណើរទស្សនកិច្ចទៅប្រជុំកោះប៉ាស៊ីហ្វិករយៈពេល ១០ថ្ងៃ ដោយប្រាប់ឱ្យភាគីអាម៉េរិក រួមគ្នាការពារជីវិត និងសុវត្ថិភាពប្រជាជន ស្របពេលសហគមន៍អន្តរជាតិ កំពុងប្រឈមបញ្ហាស្មុគស្មាញជាច្រើន។ 
 
មិនតែប៉ុណ្ណោះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានអំពាវនាវឱ្យស្តារសេដ្ឋកិច្ចឡើងវិញ ការពារសន្តិភាព និងភាពស្ងៀមស្ងាត់ពិភពលោក។ បើតាមប្រមុខការទូតចិន ការធ្វើបែបនេះ គឺអាស្រ័យលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់ចិន បានយល់ថា ការប្រកួតប្រជែងរវាងចិន និងអាម៉េរិក គួរតែធ្វើឡើងប្រកបដោយស្ថិរភាព ហើយមិនត្រូវប្រកាន់យកគំនិតបែបសង្រ្គាមត្រជាក់ឡើយ។ 
 
សូមបញ្ជាក់ថា អាម៉េរិក និងចិនតែងប៉ះសម្តីគ្នាជាច្រើនលើក ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ហុងកុង ស៊ីនជាំង ការពង្រីកឥទ្ធិពលចិន និងពាណិជ្ជកម្មជាដើម៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com