ជាតិ
រថយន្ត
លោក មួយ លី ​ច្នៃឡាន​មួយគ្រឿងពីឈើ ដោយចម្លងតាមឡានយោធា M151 ​
06, Jun 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ លោក មួយ លី បានធ្វើ​រថយន្ដ​មួយគ្រឿង​ពី​ឈើ ដោយចម្លង​តាមឡានយោធា M151 ម៉ូឌែល A2 ពីឆ្នាំ​១៩៦៨។ ឯឡាន​របស់​លោក លី វិញ គាត់​យក​សាស៊ី​ដែក​ពី​រថយន្ដ​បុរាណ M151 A2 មួយ​គ្រឿង មកជំនួស​ទាំង​ទ្រង់ទ្រាយ ទាំង​កៅអី ទាំង​ឧបករណ៍ ទាំងតាប្លូ ទាំង​ដែក​កាង ដោយ​ឈើ​ក្រញ៉ូង​វិញ។ គ្រឿងបង្គុំដែល​ដូចរថយន្ត M151 A2 ដើម​មាន​ពី​ប៉ែល និង​សោរ ដល់​ធុង​សាំង​បន្ថែម​។ លើស​ពី​គ្រាន់តែដាក់​ឈើ​ធម្មតា លោក លី ​​​​បានឆ្លាក់ឈើ​តែ​ម្ដង ពីព្រោះកាល​ពី​ពេល​កំពុងច្នៃ​ប្រឌិត តាំងពី​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០០៨ នាយក​ក្រុមហ៊ុន​ថ្មដា​នេះ ចង់​ធ្វើ​ឡាននេះឱ្បាន​ដូច​ក្ដី​ស្រមៃ​របស់គាត់ ដោយ​គិត​គ្រប់​ផ្នែក​ទាំង​អស់​យ៉ាង​លម្អិត។ នៅវ័យ៥២ឆ្នាំ លោក លី ​ប្រើ​ឡាន​ដ៏ប្លែក​របស់គាត់​នេះ ជា​ប្រចាំ។

 
សូមរំឭកថា កាល​ពី​ដើម​ប្រវត្តិ​ឧស្សាហកម្មរថយន្ដ គេ​ធ្វើឡាន​ពីឈើ ពីព្រោះសម័យ​នោះ គេ​គ្រាន់​តែ​យក​គំរូ​ពី​រទេះសេះ។ ដើមសតវត្ស​ទី២០ គ្រប់ក្រុមហ៊ុន​រថយន្ដ​ ផ្តើម​​ប្រើ​លោហធាតុច្រើនទៅៗ និងមកដល់ទសវត្សរ៍​១៩៧០ គេ​ប្រើ​ជ័រ​ច្រើន​វិញ។ នៅសល់​ម៉ាក​តែមួយគត់ដែលនៅ​តែ​ធ្វើ​សាស៊ី​មួយផ្នែក ពី​ឈើ គឺMORGAN។ 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទយកការណ៍ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
 
 
ក្រុម​ហ៊ុនអាម៉េរិកាំង FORD បាន​ចាប់ផ្ដើមសិក្សា ​រថយន្ដ M151 ឆ្នាំ​១៩៥៩។ ត្រូវបាន​ចាប់ផ្ដើម​ផលិត​ឆ្នាំ១៩៥៩វិញ។ ហើយត្រូវបាន​ផ្ទេរ​ការ​ផលិត​ ទៅឱ្យ​ក្រុមហ៊ុន KAISER និង​បន្ទាប់​មក ទៅ​ឱ្យ​ក្រុមហ៊ុន AM General ដែលបញ្ចប់ផលិត M151 ​ឆ្នាំ១៩៨២។ ឆ្នាំ១៩៨៨ ត្រូវ​បាន​ផលិត​ ១ ០០០គ្រឿង​ថែម​ទៀត​ សម្រាប់​ទាហាន​ប៉ាគីស្ថាន។ រយៈពេលជិត៣០ឆ្នាំ ត្រូវបាន​ផលិត​អស់ ១០០ ០០០ គ្រឿង។​ 151 គឺ​ជា​ប្រភេទ ហើយ​​អក្សរ M មក​ពី​អក្សរកាត់ MUTT ដែលមាន​ន័យ​ថា Military Utility Tactical Truck។ ដូច្នេះ​គឺ​ជា​ឡាន​សម្រាប់​យោធា។ វា​បង្វិល​កង់ទាំ​ង៤ ដើម្បី​ជិះ​លើ​ផ្លូវមាន​ឧបសគ្គ ឬក្រៅ​ផ្លូវ។ អាច​ទុក​ឈ្មោះ​ M ថាជា​ម៉ាក​ក៏​បាន​។ ក៏ប៉ុន្តែ​វា​មិន​មែនជា​ម៉ាក​ចុះបញ្ជីយ៉ាង​ត្រឹម​ត្រូវ ដូច​ម៉ាក​រថយន្ដ​ស៊ីវិល​នោះ​ទេ។ រថយន្ដ M151 ដែល​លោក លី ចម្លងគឺ​ជា​ម៉ូឌែល A2 ដែល​ពី​ដើម​មាន​ទម្ងន់​ត្រឹម ១ ១០០គីឡូក្រាម​។ ម៉ូឌែល A2 បាន​ជំនួស​ម៉ូឌែល A1 ឆ្នាំ​១៩៦៨។ ក្រៅ​ពី​ប្រភេទ M151 ដែលជា​ប្រភេទ​សាមញ្ញធម្មតា ក៏​គេ​បាន​បង្កើត​ប្រភេទ​ផ្សេងៗ ដែល​បំពាក់​ដំបូលក្រណាត់កៅស៊ូ ​ស្ទើរតែ​ទាំងអស់ ដូចជា M718 (សង្ក្រោះ​បន្ទាន់) M825 (ដឹក​កាំភ្លើង​ធំ) MRC108 (ដឹកឧបករណ៍​គមនាគមន៍)។ ល៕
 









Tag:
 យានយន្ត
  ឡានបុរាណ
  ឡានយោធា
© រក្សាសិទ្ធិដោយ thmeythmey.com