កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី Boehly ទិញ Chelsea តម្លៃ៥,៣៦ពាន់លានដុល្លារ តែប្រាក់ត្រូវយកជួយជនរងគ្រោះនៅអ៊ុយក្រែន
31, May 2022 , 10:29 am        
រូបភាព
ទីបំផុត ក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាម៉េរិកលោក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital បានទិញយកក្លិប Chelsea ដោយជោគជ័យក្នុងតម្លៃ ៥,៣៦ពាន់លានដុល្លារអាម៉េរិក។ ប្រាក់ដ៏ច្រើនសន្ធឹកនេះ នឹងមិនត្រូវផ្តល់ឱ្យលោក Roman Abramovich ឡើយ ដោយត្រូវបរិច្ចាគដល់អង្គការសប្បុរសធម៌ ដើម្បីជួយជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។


ក្លិបតោខៀវ ត្រូវបានដាក់លក់នៅខែមីនា មុនពេលម្ចាស់មុនលោក Roman Abramovich ត្រូវបានដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែលបញ្ជាឱ្យរុស្ស៊ីបើកការលុកលុយលើអ៊ុយក្រែន ទាំងខុសច្បាប់អន្តរជាតិ។
 
សម្ព័ន្ធភាពមហាសេដ្ឋី Todd Boehly បានសម្រេចជោគជ័យរបស់ខ្លួនក្នុងការទិញយកភាគហ៊ុនធំ Chelsea ដោយប្រជែងឈ្នះគូប្រជែងធំៗចំនួន១១។ លោក Boehly នឹងចូលកាន់កាប់ Chelsea ផ្លូវការចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ តទៅ។ 
 
មហាសេដ្ឋីអាម៉េរិករូបនេះនិយាយថា ខ្លួនមានកិត្តិយសដែលបានក្លាយជាម្ចាស់ថ្មីរបស់ក្លិបបាល់ទាត់ Chelsea។ «យើងទាំងអស់គ្នានៅជាមួយ Chelsea រាល់នាទីនៃការប្រកួតទាំងអស់។ ចក្ខុវិស័យរបស់យើងក្នុងនាមជាម្ចាស់គឺច្បាស់លាស់។ យើងចង់ធ្វើឱ្យអ្នកគាំទ្រមានមោទកភាព។ ទន្ទឹមការប្តេជ្ញាចិត្ត យើងនឹងពង្រឹង និងអភិវឌ្ឍន៍ក្រុមយុវជន និងកសាងប្រវត្តិសាស្ត្រ នៃភាពជោគជ័យដ៏អស្ចារ្យរបស់ Chelsea»។ នេះជាការបន្ថែមរបស់លោក Boehly។
 
ជុំវិញការទិញដូរក្លិប Chelsea ដ៏លំបាកនេះ រដ្ឋាភិបាលអង់គ្លេស បានលើកឡើងកាលពីសប្តាហ៍មុនថា ខ្លួនអាចចេញអាជ្ញាប័ណ្ណសម្រាប់ការលក់ក្លិបនេះ ដោយប្រាកដថា លោក Abramovich នឹងមិនទទួលបានប្រាក់ចំណូលណាមួយពីការលក់នោះទេ។ ផ្ទុយទៅវិញ ប្រាក់លក់ក្លិបទាំងអស់ ត្រូវបញ្ចូលទៅក្នុងគណនីធនាគារ ដើម្បីបរិច្ចាគដល់អង្គការសប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះក្នុងសង្គ្រាមអ៊ុយក្រែន៕
 

Tag:
 Todd Boehly
  Chelsea
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com