ជាតិ
សេដ្ឋកិច្ច
កម្ពុជារំពឹងទទួលបានកំណើនទេសចរអន្តរជាតិតាមច្រករបៀង ពី វៀតណាម និងថៃ
01, Jun 2022 , 9:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញក្តីរំពឹងបែបនេះ បន្ទាប់ពីកម្ពុជាបានសម្រួល​ឱ្យមាន​ការធ្វើ​ដំណើរ​កាន់តែ​ងាយស្រួល​ជាង​មុន​ សម្រាប់អ្នកទេសចរ។

 
លោក​ ថោង ខុន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរ តាមតំបន់ឆ្នេរជាមួយប្រទេសវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះ បើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ។ លោកបានថ្លែងបែបនេះនៅសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កាលពីថ្ងៃទី៣០ឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប។ 
 
 
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ នៅក្នុងតំបន់ឆ្នេររបស់កម្ពុជា ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ ផងដែរ។​ លោកបន្តមានប្រសាសន៍ថា៖ «ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អនោះ​ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប»។
 
ជាមួយគ្នានេះ ភ្ញៀវទេសចរមកពីប្រទេសថៃ ក៏អាចធ្វើដំណើរមកតាមភាគខាងត្បូង ចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ ផងដែរ។ នេះជាការៀបរាប់បន្ថែមរបស់លោក ថោង ខុន  ដោយក្រើនរម្លឹកដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងគុណភាពសេវា និងតម្លៃឱ្យបានសមរម្យ រួមទាំងពង្រឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាមតំបន់ឆ្នេរឱ្យកាន់តែល្អប្រសើរដោយបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មី ដ៏ទាក់ទាញឱ្យបានច្រើន។
 
ស្ថិតក្នុងវិបត្តិពិភពសកលលោកនៃជំងឺកូវីដ-១៩, សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងវិបត្តិប្រេងឥន្ធនៈ​ ប្រទេសជាសមាជិកអាស៊ានទាំងអស់ គឺមានតែខិតខំទាក់ទាញភ្ញៀវទេសចរពីគ្នាទៅវិញទៅមក ជាពិសេសទេសចរពីប្រទេសជិតខាង ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ នេះបើតាមលោក ថោង ខុន។
 
កន្លងមក កម្ពុជា វៀតណាម និងថៃ បានដាក់ចេញនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរួមគ្នា (Cambodia Vietnam Thailand Economic Corridor_ CVTEC)។ ក្នុងនោះ គឺមានការជំរុញចលនាភ្ញៀវទេសចររវាងគ្នាទៅវិញទៅមក ដោយខេត្ត-ក្រុង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការCVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរ ជាដើម ។​
 
សម្រាប់ឆ្នាំ២០២២ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរសរុប១០លាននាក់។ ក្នុងនោះ ទេសចរអន្តរជាតិពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុងមានចំនួន៩លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៨ឧសភា​ ដោយបញ្ជាក់ថា ភ្ញៀវទេសអន្តរជាតិអាទិភាពរបស់កម្ពុជា គឺមានជនជាតិវៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ចិន កូរ៉េខាងត្បូង ជប៉ុន អាម៉រិក បារាំង និងអង់គ្លេស។ 
 
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប​ សុភ័ក វិស័យទេសចរណ៍កម្ពុជានឹងវិលមកសភាពដូចមុនវិញ នៅក្នុងឆ្នាំ២០២៥ ។ បើតាមលោក សុភ័ក នៅឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានទេសចរផ្ទៃក្នុង១១លាននាក់ និងទទួលបានទេសចរអន្តរជាតិ​ចំនួន៧លាននាក់នៅក្នុងឆ្នាំ២០២៥៕ 
 

Tag:
 ទេសចរណ៍
  ច្រករបៀង
© រក្សាសិទ្ធិដោយ thmeythmey.com