ជាតិ
សេដ្ឋកិច្ច
មេពន្ធដារ៖ ម្ចាស់អាជីវកម្មណាចេញវិក្កយបត្រVATមិនត្រឹមត្រូវ នឹងរងពិន័យ ៥០០ដុល្លារ ក្នុងមួយវិក្កយបត្រ
02, Jun 2022 , 8:59 pm        
រូបភាព
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ ម្ចាស់ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន ឬ អាជីវកម្មណា​ ដែលចេញវិក្កយបត្រអាករលើតម្លៃបន្ថែម(TAX Invoice)មិនត្រឹមត្រូវឱ្យអតិថិជន នឹងប្រឈមការពិន័យចំនួន២លានរៀល(៥០០ដុល្លារ) ក្នុងមួយវិក្កយបត្រ។ នេះជាការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកពន្ធដារ។



ជិតមួយខែមកហើយ ដែលអគ្គនាយកដ្ឋានពន្ធដារដាក់ឱ្យដំណើរការនូវកម្មវីធីវិក្កយបត្រនាំសំណាង(GDP Lucky Draw App) ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាពក្នុងការប្រមូលពន្ធអាករនានា ចូលថវិកាជាតិ។ ការសម្រេចដាក់ឱ្យដំណើរការនូវកម្មវិធីនេះ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ កត់សម្គាល់ឃើញថា វិក្កយបត្រនានាដែលម្ចាស់ក្រុមហ៊ុន សហគ្រាស​ ឬ អាជីវកម្ម បានចេញឱ្យអតិថិជននោះ គឺមានបញ្ហាច្រើន ដែលមិនត្រូវតាមវិធានវិក្កយបត្រអាករលើតម្លៃបន្ថែម(TAX Invoice)។ 
 
លោក គង់ វិបុល បានថ្លែងក្នុងពិធីផ្សាយផ្ទាល់(Live)នៃកម្មវិធីពិសេស«វិក្កយបត្រនាំសំណាង- GDT Lucky Draw» នាព្រឹកថ្ងៃទី២មិថុនា យ៉ាងដូច្នេះ៖ « ខ្ញុំសង្កេតឃើញថា​ វិក្កយបត្រដែលចេញរាល់ថ្ងៃនេះ មានសឹងតែ​៥០ភាគរយហើយ ដែលអត់ត្រូវតាមវិធានវិក្កយបត្រ»។ 
 
បើតាមប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដាររូបនេះ ​បច្ចុប្បន្ន​ អ្នកជាប់ពន្ធមួយចំនួន មិនទាន់អនុវត្តនូវវិធានវិក្កយបត្រនេះ ឱ្យស្របតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រនៅឡើយទេ​ ខណៈមន្ត្រីពន្ធដារបានចុះណែនាំនិងអប់រំជាប្រចាំដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ លើវិធានវិក្កយបត្រនេះ។
 
កាលពីថ្ងៃទី១៤សីហា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រនេះ ចំពោះអ្នកជាប់ពន្ធដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមមាត្រា១០១នៃច្បាប់ស្តីពីសារពើពន្ធ។​​ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនេះ បានរៀបរាប់ពីទម្រងវិក្កយបត្រនីមួយៗត្រូវមានឈ្មោះសហគ្រាស អាសយដ្ឋាន លេខអាករលើតម្លៃបន្ថែម(VAT)  លេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់ លេខរៀងវិក្កយបត្រតាមលំដាប់​  រួមទាំងវិធានមួយចំនួនទៀត ដែលតម្រូវឱ្យអ្នកជាប់ពន្ធត្រូវអនុវត្ត។ 
 
លោក គង់ វិបុល  បានបញ្ជាក់ថា ៖ «ប្រសិន[អ្នកលក់ឬអ្នកផ្គត់ផ្គង់ទំនិញ] ធ្វើឬចេញវិក្កយបត្រណាមានលក្ខណៈខុសពីវិធាននេះ! មួយវិក្កយបត្រ គឺត្រូវទទួលរងពិន័យជាទឹកប្រាក់ចំនួន២លានរៀល​។ នេះជាទោសទណ្ឌដែលកំណត់ដោយច្បាប់ពន្ធដារ»។​​ 
 
ជាមួយគ្នានេះ លោក បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថតវិក្កយបត្រទិញទំនិញឬសេវាគ្រប់ប្រភេទ ហើយបញ្ជូន(Upload)ចូលក្នុងកម្មវិធីវិក្កយបត្រនាំសំណាង (GDP Lucky Draw App) ដើម្បីពង្រឹងការប្រមូលចំណូលចូលជាតិ។ ចំពោះពលរដ្ឋ​ដែលបញ្ជូនវិក្កយបត្រទិញទំនិញនិងសេវាកម្ម ទៅកម្មវិធីវិក្កយបត្រនាំសំណាងនេះ អាចមានឱកាសឈ្នះរង្វាន់រថយន្ត ម៉ូតូ ​ និងទូរសព្ទដៃទំនើប ជាដើម។ 
 
គិតចាប់ពីខែមករាដល់ខែមេសា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករចូលជាតិបានជាង ១ ៥០១លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង៥៣,២៧ភាគរយនៃផែនការ​ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប​២ ៨១៩,៥៤លានដុល្លារ៕ 
 
 
 

Tag:
 ពន្ធដារ
  វិក្កយបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com