ជាតិ
សេដ្ឋកិច្ច
អាកាសចរណ៍វៀតណាម លក់ភាគហ៊ុន៣៥ភាគរយ ក្នុងក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ឱ្យចិន
02, Jun 2022 , 5:18 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានលក់ភាគរយរបស់ខ្លួនចំនួន៣៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ(Cambodia Angkor Air) ទៅឱ្យក្រុមហ៊ុនចិន។ នេះជាការលើកឡើងរបស់លោក ស៊ីន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

 
បើតាម លោក ស៊ីន ចាន់សេរីវត្ថា ​ ក្រុមហ៊ុន Vietnam Airlines   បានចរចាលក់ភាគហ៊ុនរបស់ខ្លួនឱ្យក្រុមហ៊ុនចិន តាំងពីអំឡុងឆ្នាំ២០២០មកម្លេះ ព្រោះតែជួបវិបត្តិនៃជំងឺកូវីដ-១៩។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)នាថ្ងៃទី២ ខែមិថុនា ថា ៖ «ការចរចាទិញ-លក់ភាគហ៊ុននេះ​ទើបសម្រេចជាផ្លូវការពេលនេះ ហើយនេះជារឿងធម្មតាទេ ដែលក្រុមហ៊ុនមានការទិញ-លក់ភាគហ៊ុន»។ 
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express  ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន៣៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៣១ឧសភា​ ឆ្នាំ២០២២។   ដោយឡែក ចំណែកភាគហ៊ុនដែលនៅសល់១៤ភាគរយទៀតរបស់ក្រុមហ៊ុននេះ ក៏នឹងត្រូវដកចេញពីក្រុមហ៊ុន Cambodia Angkor Air នៅចុងឆ្នាំនេះ​ផងដែរ។ 
 
កាលពីឆ្នាំ២០០៩ ក្រុមហ៊ុន Vietnam Airlines បានទិញភាគហ៊ុនរបស់Cambodia Angkor Air ចំនួន៤៩ភាគរយ ​ ដោយសន្យាជួយធ្វើឱ្យក្រុមហ៊ុនអាកាសចរមួយនេះកាន់តែមានភាពរីកចម្រើន។ ក្នុងឆ្នាំ២០២១ នៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនVietnam Airlines  បានខាតបង់ទឹកប្រាក់ចំនួន ១៧,៧លានដុល្លារអាម៉េរិក  ដែលកើនឡើងជាង៣៧ភាគរយទៀត ពីការខាតបង់ក្នុងឆ្នាំ២០២០៕ 
 

Tag:
 អាកាសចរណ៍
  Cambdia Angkor Air
  លោក ស៊ីន ចាន់សេរីវត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com