ជាតិ
សេដ្ឋកិច្ច
៤ខែ ទេសចរអន្តរជាតិមកកម្ពុជាតាមផ្លូវអាកាស​ កើនដល់ជិត២៤៤ភាគរយ
03, Jun 2022 , 8:59 pm        
រូបភាព
រូបតំណាង៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline បាននាំទេសចរបរទេសមួយក្រុមមកកម្ពុជា ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
រូបតំណាង៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline បាននាំទេសចរបរទេសមួយក្រុមមកកម្ពុជា ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
ភ្នំពេញ៖ រយៈពេល៤ខែមកនេះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៣ម៉ឺននាក់ បានចូលមកកម្ពុជាតាមផ្លូវអាកាស។ តួលេខនេះ មានកំណើនរហូតដល់ជិត២៤៤ភាគរយ ​បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។

 
កម្ពុជាទទួលភ្ញៀវ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ បានចំនួន១៣១ ៨៦៤នាក់ ពីខែមករាដល់មេសា ឆ្នាំ២០២២ ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួននេះគឺបានកើនដល់អត្រា២៤៣,៩ភាគរយ ធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានត្រឹម៣៨ ,៣៤៦នាក់ ប៉ុណ្ណោះ។
 
ទិន្នន័យពីក្រសួងទេសចរណ៍ បន្តបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង១៣ម៉ឺននាក់ ដែលធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាសនោះមាន ១១៣ ៤០៦នាក់ ចូលតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, មាន១៥ ១៧១នាក់ ចូលតាមអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប និងភ្ញៀវបរទេស​ ៣ ២៨៧នាក់ទៀត គឺចូលតាម​អាកាសយានដ្ឋាន​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​។​
 
ក្រៅពីទទួលបានភ្ញៀវទេសចរបរទេសតាមផ្លូវអាកាសហើយនោះ កម្ពុជាក៏ទទួលទេសចរអន្តរជាតិតាមផ្លូវទឹក និងគោក ចំនួន១០៩ ៦២១នាក់ ផងដែរ។ ដូច្នេះក្នុងរយៈពេល៤ខែមកនេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិតាមផ្លូវអាកាស ផ្លូវគោក និងទឹក បានសរុប ២៤១ ៤៨៥នាក់ ដែលចំនួនកើនបាន១៩១,៥ ​ភាគរយ បើ​ធៀប​នឹងពេលដូចគ្នា ក្នុង​ឆ្នាំ​២០២១​។
 
ចំពោះភ្ញៀវទេសចរ​ដែលមកកម្សាន្តកម្ពុជាច្រើនជាងគេ ដោយឈរនៅលំដាប់លេខមួយនោះ គឺជនជាតិរៀតណាម, ជនជាតិ​ថៃ ឈរលេខ២  ខណៈជនជាតិចិន ឈរនៅលំដាប់លេខបី។​ បន្ទាប់មក គឺជនជាតិអាម៉េរិក,ឥណ្ឌូនេស៊ី​, បារាំង​, កូរ៉េ​ខាងត្បូង, ម៉ាឡេស៊ី​ និង​អង់គ្លេស ជាដើម​។
 
ដ្បិតបច្ចុប្បន្ន កម្ពុជាទទួលបានកំណើនទេសចរអន្តរជាតិខ្ពស់ក៏ពិតមែន ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិសរុប ២៤១ ៤៨៥នាក់នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២០ ដែល​ជំងឺ​កូវីដ​-១៩ មិនទាន់​មាន​ការរីករាលដាល​ខ្លាំង​នោះ គឺធ្លាក់ដល់៩២,៩ភាគរយ​។ 
 
សម្រាប់ឆ្នាំ២០២២ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរ សរុបប្រមាណ១០លាននាក់។ ក្នុងនោះ ទេសចរអន្តរជាតិមានពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុង មានចំនួន៩លាននាក់។ បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប​ សុភ័ក វិស័យទេសចរណ៍កម្ពុជានឹងវិលម0កសភាពល្អដូចមុនវិញ នៅឆ្នាំ២០២៥។ ដោយឡែក កម្ពុជារំពឹងទទួលបានទេសចរផ្ទៃក្នុង១១លាននាក់ នៅឆ្នាំ២០២៣ និងទទួលបានទេសចរអន្តរជាតិ​ចំនួន៧លាននាក់ នៅក្នុងឆ្នាំ២០២៥។​
 
ក្តីរំពឹង បានកើតឡើងបន្ទាប់ពី កម្ពុជាសម្រេចបើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញពេញ ចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១មក ខណៈចលនាទេសចរផ្ទៃក្នុង គឺមានការកើនឡើងយ៉ាងផុសផុល។
  
លោក តុប សុភ័ក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា៖ «ចំណុចសំខាន់ គឺយើងឃើញស្ថានភាពនៃចលនាទេសចរក្នុងយើងមានការផុសផុល ហើយការផុសផុលធ្វើឱ្យមានកំណើនទេសចរក្នុងស្រុក​ ប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។ ចំនួននេះ អាចចាត់ទុកបានថា ជាចំនួនមួយដ៏ច្រើន ហើយក៏វាស្មើនឹងចំនួននៃភ្ញៀវទេសចរក្នុងស្រុក មុនពេលមានវិបត្តិកូវីដ-១៩ ផងដែរ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com