ជាតិ
បោះឆ្នោត
ព្រះប្រធានបក្សហ៊្វុនស៊ិនប៉ិច ខានបោះឆ្នោត ព្រោះមិនបានចុះព្រះនាម
05, Jun 2022 , 12:10 pm        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ពេលចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅលើដងផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ពេលចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅលើដងផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ខកខានការចូលរួមបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយសារទ្រង់ ពុំបានចុះព្រះនាមក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។



លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់សារព័ត៌មានថ្មីៗថា ពេលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះបិតារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រឈួនខ្លាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ តែងគង់នៅជាមួយព្រះបិតាក្នុងប្រទេសបារាំងជាប់ជានិច្ច។ លោក បញ្ជាក់ថា៖«នេះ ជាមូលហេតុចម្បង ដែលព្រះអង្គ ពុំបានចុះព្រះនាមក្នុងបញ្ជីបោះឆ្នោត»។

អ្នកនាំពាក្យរូបនេះ បន្តថា ពេលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គត នៅប្រទេសបារាំង កាលពីចុងឆ្នាំ២០២១ ហើយពេលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានដង្ហែព្រះសពរបស់ព្រះបិតា មកដល់ស្រុកខ្មែរ និងបានរៀបចំពិធីបុណ្យថ្វាយព្រះបិតារួច ការចុះបញ្ជីឈ្មោះសម្រាប់ការបោះឆ្នោត ត្រូវបានបិទបញ្ចប់ទៅហើយ។

លោក ញឿន រ៉ាដែន មិនទាន់អាចផ្តល់ការសន្និដ្ឋានជាក់លាក់ឡើយថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានអាសនៈឃុំ-សង្កាត់ច្រើនប៉ុនណា ដោយលោកគ្រាន់តែ សន្និដ្ឋានថា គណបក្សរាជានិយមមួយនេះ នឹងទទួលបានការគាំទ្រខ្លាំងពីប្រជាជនក្នុងការបោះឆ្នោត។ 

សូមបញ្ជាក់ថា គណបក្សទាំងអស់ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ មានចំនួន១៧៕

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
  នរោត្តម ចក្រាវុធ
  គណបក្សហ៊្វុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com