ជាតិ
បោះឆ្នោត
អ្នកនាំពាក្យគ.ជ.ប៖ គិតត្រឹមពេលព្រឹក ពលរដ្ឋជាង៥លាននាក់ បានទៅបោះឆ្នោត
05, Jun 2022 , 12:42 pm        
រូបភាព
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គិតត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ  ពលរដ្ឋទៅបោះឆ្នោតមានចំនួន៥១៧០៤៦៦នាក់ ស្មើនឹង៥៦.១៧ភាគរយ នៃពលរដ្ឋដែលមានឈ្មោះបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកនេះ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា សភាពការនៃដំណើរការបោះឆ្នោតមួយព្រឹកនេះ មានភាពល្អប្រសើរ គឺពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតដោយទឹកមុខរីករាយ។ ប៉ុន្តែលោកក៏បានកត់សម្គាល់ឃើញ ការិយាល័យបោះឆ្នោតមួយចំនួនមានភាពចង្អៀតណែនផងដែរ។ 
 
អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះ៖ «ភាពមិនប្រក្រតី គ.ជ.ប មិនទាន់ទទួលបានបណ្ដឹងទេ! គ្រាន់តែមានការិយាល័យមួយចំនួនចង្អៀត គឺវត្តមានរបស់ភ្នាក់ងារ ឬអាជ្ញាធរ ហាក់ដូចនៅកៀកពេក បាទ! តែក៏មិនកៀកពេក រហូតដល់ប៉ះពាល់សេចក្ដីសម្រេចចិត្តពលរដ្ឋនោះទេ ពលរដ្ឋនៅតែមានភាពច្បាស់ ហើយកត្តាដែលនាំឲ្យកៀកពេកនេះ ក៏ព្រោះតែកត្តាភូមសាស្ត្រ»។ 
 
សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅដល់ម៉ោង៣រសៀល។ 

សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ អ្នកមានឈ្មោះបោះឆ្នោត មានចំនួន​ជាង ៩,២លាននាក់ ដោយមាន​ការិយាល័យចំនួន​ ២៣ ៦០២។ ១៧គណបក្ស​ បាន​ចូលរួមប្រកួតប្រជែង ដោយមានឃុំសង្កាត់សរុបចំនួន​ ១ ៦៥២ និងអាសនៈសមាជិក​ក្រុមប្រឹក្សាសរុប ​១១ ៦២២។
 
នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ អត្រានៃអ្នកបានទៅបោះឆ្នោត មាន៩០,៣៧ភាគរយ។ នាពេលនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦ ៥០៣ អាសនៈ គណបក្សសង្គ្រោះជាតិ បាន ៥ ០០៧ អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច បាន២៨អាសនៈ គណបក្សខ្មែររួបរួមជាតិ បាន២៤អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន ៥អាសនៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន៤អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com