ជាតិ
បោះឆ្នោត
លីកាដូ៖ អាជ្ញាធរតាមរាជធានី-ខេត្តមួយចំនួន ចាំកត់ត្រាឈ្មោះពលរដ្ឋ ពេលមកពីបោះឆ្នោតវិញ
05, Jun 2022 , 2:59 pm        
រូបភាព
រូបពីអង្គការលីកាដូ
រូបពីអង្គការលីកាដូ
អង្គការលីកាដូ (Licadho) រកឃើញថា អាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តមួយចំនួន ដូចជា មេភូមិ មេឃុំ-ចៅសង្កាត់ និងអភិបាលស្រុក ជាដើម បានអង្គុយចាំនៅក្នុងនិងក្រៅទីតាំងបោះឆ្នោត នាអំឡុងនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ។



អង្គការលីកាដូ ដែលចូលរួមតាមដានមើលការបោះឆ្នោតដែរនោះ បានសង្កេតឃើញភាពមិនប្រក្រតីខ្លះៗរបស់អាជ្ញាធរទាំងនោះ។ អង្គការនេះ ផ្សាយលើគេហទំព័ររបស់ខ្លួនដូច្នេះថា៖«ភាគច្រើននៃករណីទាំងនេះ អាជ្ញាធរត្រូវបានមើលឃើញថា បានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត។ ក្នុងករណី១ មេភូមិ និងអនុប្រធានភូមិ ត្រូវបានមើលឃើញថា អង្គុយនៅក្រៅច្រកចូលនៃទីតាំងបោះឆ្នោត និងតម្រូវឲ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ ក្រោយពីការបោះឆ្នោត»។

អង្គការលីកាដូ អះអាងថា របាយការណ៍នេះ គឺទទួលបានពីភ្នាក់ងាររបស់ខ្លួន ដែលឈរជើងចាំសង្កេតមើលតាមការិយាល័យបោះឆ្នោត។ អង្គការលីកាដូ បន្តថា ក្រៅពីនេះ ក៏មានការរាយការណ៍អំពីករណីអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះប្រជាពលរដ្ឋនីមួយៗដែរ ដើម្បីសួរនាំប្រជាពលរដ្ឋអំពីគណបក្ស ដែលពួកគាត់បោះឆ្នោតឲ្យ។

អង្គការលីដាដូ បន្ថែមថា ភាពមិនប្រក្រតីខាងលើ កើតឡើងក្នុងរាជធានីភ្នំពេញ រួមទាំងបណ្តាខេត្តចំនួន១៥  រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល កំពត កោះកុង ឧត្ដរមានជ័យ ព្រៃវែង សៀមរាប ពោធិ៍សាត់ សៀមរាប តាកែវ និង ត្បូងឃ្មុំ។

លោក អំ សំអាត មន្រ្តីអង្គការលីកាដូ មិនសន្និដ្ឋានឡើយថា អាជ្ញាធរតាមបណ្តារាជធានី-ខេត្តខាងលើ ចាំកត់ឈ្មោះអ្នកទៅបោះឆ្នោត ដើម្បីអ្វី។ ប៉ុន្តែ លោក លើកឡើងថា ការបោះឆ្នោត ត្រូវធ្វើយ៉ាងណា ឲ្យដំណើរការទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការបំភិតបំភ័យ។

មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅម៉ោងជិត៣នារសៀល នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«ចាំមើលឈ្មោះ [ចាំកត់ឈ្មោះ] អ៊ីចឹង ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ និងការភិតភ័យ»។

តាមរយៈសារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វាយតម្លៃយ៉ាងខ្លីដូច្នេះថា៖«ការបោះឆ្នោតនេះ មានស្ថានភាពល្អប្រសើរ គ្មានបញ្ហាអ្វីធំដំទេ»។

លើបណ្តាញសង្គម គេ បានឃើញវីដេអូមួយចំនួន ដែលបង្ហាញពីករណីអ្នក ដែលចាំកត់ឈ្មោះប្រជាពលរដ្ឋ ពេលពួកគាត់មកពីបោះឆ្នោតវិញ។ ក្នុងចំណោមអ្នកដែលចាំកត់ឈ្មោះ មានអ្នកខ្លះ មិនមែនជាអាជ្ញាធរនោះទេ។ អ្នកថតវីដេអូ សួរពួកគេថា អ្នកណា ឲ្យពួកគេ ចាំកត់ឈ្មោះប្រជាពលរដ្ឋបែបនេះ? ពួកគេ ក៏ប្រាប់ថា មេភូមិនេះ-មេភូមិនោះ ឬអាជ្ញាធរនេះ-អាជ្ញាធរនោះ។

សូមបញ្ជាក់ថា ការបោះឆ្នោត ដែលចាប់ផ្តើមតាំងពីម៉ោង៧ព្រឹកមក ត្រូវបិទបញ្ចប់នៅម៉ោង៣រសៀលនេះ ហើយបន្ទាប់មក គឺជាការរាប់សន្លឹកឆ្នោត៕

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com