កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ឈ្នះ French Open លើកទី១៤ជាកំណត់ត្រា ទោះមានរបួសរ៉ាំរ៉ៃ
06, Jun 2022 , 11:59 am        
រូបភាព
Rafael Nadal ក្រសោបយកជើងឯក French Open ជាលើកទី១៤ជាកំណត់ត្រា​ បើទោះជាមានរបួសជើងឆ្វេងរ៉ាំរ៉ៃ តាមរយៈការយកឈ្នះកីឡាករ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៥ ខែមិថុនា។ 


Nadal ដែលត្រូវបានគេប្រសិទ្ធនាមថាជាស្តេចកីឡាវាយកូនបាល់ប្រចាំតារាងដីក្រហម បានយកឈ្នះ Ruud ទាំង៣សិតជាប់គ្នាក្នុងលទ្ធផល ៦-៣, ៦-៣, ៦-០ នាជំនួបផ្តាច់ព្រ័ត្រនៅនៅប៉ារីស។
 
នេះជាកំណត់ត្រាឈ្នះពាន Roland Garros លើកទី១៤របស់កីឡាករអេស្ប៉ាញវ័យ៣៦ឆ្នាំ និងជា Grand Slam ទី២២ច្រើនជាងគេលើលោកផងដែរ។ Roger Federer និងអ្នកវាយកូនបាល់លេខ១ពិភពលោក Novak Djokovic គ្រងជើងឯក​ Grand Slam ២០សម័យដូចគ្នា។
 
ក្រោយឈ្នះការប្រកួត Nadal ដែលមានរបួសជើងឆ្វេងរ៉ាំរ៉ៃប្រាប់អ្នកយកព័ត៌មានថាខ្លួនមិននឹកស្មានថាអាចដណ្តើមបានពាន French Open ម្តងទៀតនៅឆ្នាំ២០២២នេះឡើយ។
 
«ខ្ញុំមិនដែលជឿថាខ្ញុំនឹងអាចឈរនៅទីនេះក្នុងអាយុ៣៦ឆ្នាំ ទាំងមានរបួសជាប់ខ្លួនផងនោះទេ។ នេះជាជំនួបផ្តាច់ព្រ័ត្រក្នុងទីលានដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្ញុំជាលើកទី១៤»។ នេះជាការអះអាងរបស់ Nadal មុនបន្ថែមថាអានាគតរបស់គេមិនមានភាពច្បាស់លាស់ទេ តែនឹងប្រឹងតស៊ូនឹងបញ្ហារបួស។
 
បញ្ហាជើងឆ្វេងបានធ្វើឱ្យ Nadal ខកខានការប្រកួត Wimbledon, US Open និងអូឡាំពិកកាលពីឆ្នាំមុននៅទីក្រុងតូក្យូ។ ចូលកាន់ទីលានវិញ Nadal ឈ្នះជើងឯក Australian Open ឆ្នាំ ២០២២ និង French Open នេះ៕
 

Tag:
 French Open
  Rafael Nadal
© រក្សាសិទ្ធិដោយ thmeythmey.com