ជាតិ
បោះឆ្នោត
បោះឆ្នោត៖ បក្សនានា យល់ស្រប លើកលែងតែបក្សភ្លើងទៀន ដែលជំទាស់
06, Jun 2022 , 4:29 pm        
រូបភាព
សកម្មភាពរាប់សន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតមួយ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានបិទបញ្ចប់នៅម៉ោង៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
សកម្មភាពរាប់សន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតមួយ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានបិទបញ្ចប់នៅម៉ោង៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
បណ្តាគណបក្សនានា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលទើបកន្លងផុតទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ជុំវិញការប្រព្រឹត្តទៅនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ។


អត្ថន័យស្រដៀងគ្នា ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សទាំងនោះ គឺ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង និង ស្ថិតក្នុងភាពស្ងប់ស្ងាត់ ជាដើម។   
 
គណបក្សដែលចេញសេចក្តីថ្លែងការណ៍និយាយល្អ និងវិជ្ជមានអំពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានដូចជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ ជាដើម។ 
 
ដោយឡែក គណបក្សភ្លើងទៀន បានប្រកាសប្រាប់ប្រជាជនថា ខ្លួន ជួបបញ្ហានេះ-បញ្ហានោះ។ តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន លើកឡើងផ្ទុយពីគណបក្សទាំងប៉ុន្មានខាងលើថា ការបោះឆ្នោតឃុំ-សង្កាត់នេះ មិនមានភាពស្មើគ្នា មិនសេរី មិនយុត្តិធម៌ ហើយស្ថាប័នរៀបចំការបោះឆ្នោត ក៏មិនទាន់ឯករាជ្យ។ គណបក្សភ្លើងទៀន ថែមទាំងអះអាងថា ខ្លួន ទទួលរងការគាបសង្កត់ ចាត់តាំងពីការរៀបចំបញ្ជីបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ការដាក់បញ្ជីអ្នកសង្កេតការមកម្ល៉េះ។ 
 
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច ដូចជាមិនទាន់ចេញសេចក្តីថ្លែងការណ៍ ជុំវិញដំណើរការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះទេ។ តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយពីរឿងនេះ។ 
 
លោក និយាយក្នុងបណ្តាញតេឡេក្រាមជាមួយក្រុមអ្នកកាសែតតាមរយៈសំណេរថា គណបក្សភ្លើងទៀន មិនមែនជាម្ចាស់ឆ្នោតទេ ដូច្នេះគ្មានសិទ្ធិតវ៉ាឡើយ។ លោក បន្តថា  បញ្ហាទាក់ទងនឹងការបោះឆ្នោត គឺអាស្រ័យលើការសម្រេចរបស់ គ.ជ.ប ដែលជាអាជ្ញាកណ្តាល ហើយភាគីណា ទទួលយកបាន ឬមិនបាន គឺជារឿងរបស់គេ។ 
 
លើសពីនេះ ភាសាដែលអ្នកនាំពាក្យគណបក្សកាន់អំណាចបានប្រើ ក៏មិនខុសពីភាសារបស់បណ្តាគណបក្សមួយចំនួនខាងលើដែរ គឺថា ការបោះឆ្នោតនេះ មានលក្ខណៈល្អ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានបាតុភាពមិនប្រក្រតីកើតឡើងឡើយ។ 
 
គណបក្ស ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ មានចំនួន១៧។ ក្រៅពីណបក្សដែលរៀបរាប់ឈ្មោះខាងលើ គណបក្សដទៃទៀត មិនទាន់ឮមាត់កអំពីការបោះឆ្នោតនេះទេ៕ 
 

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com