ជាតិ
បោះឆ្នោត
សម្តេច ស ខេង៖ ការបោះឆ្នោតលើកនេះ បង្ហាញឲ្យអន្តរជាតិឃើញពីភាពចាស់ទុំ និងភាពម្ចាស់ការរបស់កម្ពុជា
06, Jun 2022 , 10:59 pm        
រូបភាព
សម្តេច ស ខេង ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
សម្តេច ស ខេង ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត បានចេញលិខិតសរសើរនិងថ្លែងអំណរគុណ ទៅកាន់កងកម្លាំងគ្រប់ថ្នាក់ ដែលបានប្រឹងប្រែងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានល្អប្រសើរ ក្នុងអំឡុងបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។


ក្នុងលិខិត ដែលចេញនៅថ្ងៃទី៦ ខែមិថុនានេះ សម្តេចប្រធានគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត អះអាងដូច្នេះថា៖«ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានហិង្សានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ឲ្យឃើញនូវភាពចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»។ 
 
សូមបញ្ជាក់ថា មានគណបក្សក្រៅរដ្ឋាភិបាលចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕  
 
 
 

Tag:
 ស ខេង
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com