ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហ៊្វុនស៊ិនប៉ិច និងប្រជាធិបតេយ្យមូលដ្ឋាន នឹងមានអាសនៈឃុំ-សង្កាត់ផងដែរនៅកំពង់ធំ
07, Jun 2022 , 11:38 am        
រូបភាព
ដោយ: រួបរួម
ក្រៅពីឃុំចំនួន៣ដែលគណបក្សភ្លើងទៀនទទួលបានសំឡេងនាំមុខ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏នឹងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផងដែរនៅខេត្តកំពង់ធំ។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសគេចំនួន៧៨ឃុំ-សង្កាត់ក្នុងចំណោម៨១ឃុំ-សង្កាត់។

 
ខេត្តកំពង់ធំ ជាទីតាំងដែលគណបក្សនយោបាយជាច្រើនបានប្រជែងគ្នាសម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់។ តាមការពិនិត្យរបស់សារព័ត៌មានថ្មីៗ ឃុំ-សង្កាត់តិចតួចប៉ុណ្ណោះ ដែលទុកឲ្យតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ប្រកួតប្រជែងគ្នា។
 
លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខ៧៨លើ៨១ឃុំ-សង្កាត់ ខណៈគណបក្សភ្លើងទៀន ឈ្នះនៅឃុំដូង និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ រួមទាំងឃុំចំណារលើ ស្រុកស្ទោង។
 
ងាកទៅគណបក្សហ៊្វុនស៊ិនប៉ិចវិញ បើទោះបីជាមិនបានសំឡេងនាំមុខគេក៏ដោយ ប៉ុន្តែលទ្ធផលបឋមបង្ហាញថា បក្សរាជានិយមមួយនេះ អាចបានអាសនៈជាង១០ផងដែរ ក្នុងនោះ មានដូចជា ឃុំកំពង់គោ, ឃុំសាន់គ ក្នុងស្រុកកំពង់ស្វាយ, ឃុំឈូក, ឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ, ឃុំបន្ទាយស្ទោង, ឃុំចំណារលើ, ឃុំពពក, ឃុំរុងរឿង ក្នុងស្រុកស្ទោង។  នៅឃុំឈូក ហ៊្វុនស៊ិនប៉ិច អាចបាន៣អាសនៈ និងអាចបាន២អាសនៈនៅឃុំរុងរឿង។
 
រីឯនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំចំនួន២ក្នុងចំណោមអាសនៈសរុបចំនួន៧ ។
 
សម្រាប់ខេត្តកំពង់ធំនេះ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបាន២៧៣អាសនៈ គណបក្សសង្គ្រោះជាតិបាន២៨៥អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច បាន១៥អាសនៈគណបក្សរួបរួមជាតិ បាន២អាសនៈ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន២អាសនៈ៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com