ជាតិ
​​​ន​យោ​បាយ​ជាតិ​
បន្ទាយមានជ័យ៖ គណបក្សខ្មែររួបរួមជាតិឈ្នះអាសនៈមួយចំនួន ខណៈកម្ពុជានិយមអាចបាន១នៅភ្នំលៀប
07, Jun 2022 , 1:53 pm        
រូបភាព
ដោយ: រួបរួម
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះទាំង៦៧ឃុំ-សង្កាត់នៅទូទាំងខេត្តបន្ទាយមានជ័យ ខណៈគណបក្សភ្លើងទៀនស្ថិតនៅចំណាត់ថ្នាក់លេខ២ ដែលអាចទទួលបានតំណែងជាចៅសង្កាត់រង ឬជំទប់ ជាច្រើនផងដែរ។ ក្រៅពីគណបក្សទាំងពីរ គណបក្សខ្មែររួបរួមជាតិ បានឈ្នះអាសនៈនៅឃុំ-សង្កាត់មួយចំនួន ខណៈគណបក្សកម្ពុជានិយម ទំនងជាទទួលបាន១អាសនៈ។

 
នៅឃុំពន្លៃ ស្រុកភ្នំស្រុក គណបក្សខ្មែររួបរួមជាតិ ទទួលបានការគាំទ្រលំដាប់ទីពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលអាចឲ្យពួកគេទទួលបាន២អាសនៈក្នុងចំណោម៩អាសនៈ។ បើលទ្ធផលមិនប្រែប្រួល គណបក្សដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ ក៏អាចអាសនៈ១ផងដែរ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត, ឃុំគោករមៀត, ឃុំថ្មពួក, ឃុំគំរូ ស្រុកថ្មពួក និងឃុំតាផូ ស្រុកស្វាយចេក។
 
រីឯគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ឯណោះវិញ ទំនងជាទទួលបាន១អាសនៈក្នុងចំណោម១១អាសនៈក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ នៅមូលដ្ឋាននេះ កម្ពុជានិយមទទួលបានសំឡេងគាំទ្រលំដាប់ទីបី បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដោយនាំមុខគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
 
នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន២៨៦អាសនៈ, គណបក្សសង្គ្រោះជាតិបាន២១១អាសនៈ និង គណបក្សខ្មែររួបរួមជាតិបាន១៨អាសនៈ៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com