អន្តរជាតិ
រដ្ឋមន្រ្តីសុខាភិបាលនិងចៅហ្វាយក្រុងហាណូយ ត្រូវបណ្ដេញចេញពីបក្ស ព្រោះពាក់ព័ន្ធអំពើពុករលួយ
07, Jun 2022 , 2:29 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលវៀតណាម Nguyen Thanh Long (ឆ្វេង) និងចៅហ្វាយក្រុង Chu Ngoc Anh (ស្ដាំ)។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
រដ្ឋមន្រ្តីសុខាភិបាលវៀតណាម Nguyen Thanh Long (ឆ្វេង) និងចៅហ្វាយក្រុង Chu Ngoc Anh (ស្ដាំ)។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
បក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី៦ ខែមិថុនា ប្រកាសបណ្ដេញរដ្ឋមន្រ្តីសុខាភិបាល Nguyen Thanh Long និងចៅហ្វាយក្រុងហាណូយ Chu Ngoc Anh ពីសមាជិកបក្ស ព្រោះជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយទាក់ទងការផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ១៧២លានដុល្លារ។ អ្នកទាំងពីរ ក៏ប្រឈមមុខទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ។

 
«គណៈមជ្ឈិមបក្ស សម្រេចបណ្ដេញចេញពីបក្សលោក Nguyen Thanh Long និងលោក Chu Ngoc Anh។» សេចក្ដីប្រកាសរបស់បក្សកុម្មុយនីស្តវៀតណាមចេញថ្ងៃទី៦ ខែមិថុនា សរសេរបែបនេះ។ លោក Nguyen Thanh Long កាន់តំណែងរដ្ឋមន្រ្តីសុខាភិបាលតាំងពីឆ្នាំ២០២០ មក ហើយលោក Chu Ngoc Anh កាន់តំណែងប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ (អភិបាលក្រុង) តាំងពីឆ្នាំនោះដូចគ្នា។
 
ក្រោយអស់តំណែងក្នុងជួរបក្សដោយសារពាក់ព័ន្ធរឿងអាស្រូវអំពើពុករលួយ មន្រ្តីទាំងពីរ ប្រឈមមុខការកាត់ទោសទៀតផង។
 
ការបណ្ដេញមន្ត្រីទាំងពីរនេះ ធ្វើឡើងស្របពេលដែលបក្សកុម្មុយនីស្តវៀតណាម ធ្វើប្រតិបត្តិការបោសសម្អាតអំពើពុករលួយក្នុងសំណុំរឿងផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សលើសតម្លៃរបស់ក្រុមហ៊ុន Viet A ។ មន្រ្តីជាច្រើន ត្រូវរកឃើញថា ទទួលសំណូកដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនលក់ឧបករណ៍ក្នុងតម្លៃថ្លៃ។ អគ្គនាយកក្រុមហ៊ុនឈ្មោះ Phan Quoc Viet ត្រូវចាប់ខ្លួនផងដែរ។
 
លោក Phan Quoc Viet រងការចោទប្រកាន់ថា សូកប៉ាន់មន្រ្តីក្រសួងសុខាភិបាល និងមន្រ្តីជំងឺឆ្លងថ្នាក់ខេត្តដើម្បីលក់ឧបករណ៍តេស្តរហ័សខ្ពស់ ដោយរកចំណូលបានដល់ទៅ១៧២លានដុល្លារ។ ក្នុងនោះលុយ៣៤លានដុល្លារ ត្រូវយកទៅសូកប៉ាន់បន្តទៀត៕
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com